ក្រុមហ៊ុនចិនធំៗសម្រុកចូលវិនិយោគលើវិស័យចំនួន៤នៅក្នុងខេត្តកំពង់ស្ពឺ

0

ដោយៈ រ៉ាណេត

កំពង់ស្ពឺៈ ក្រុមហ៊ុនធំៗមកពីប្រទេសចិនជាច្រើនបាននិងកំពុងសម្រុកមកបង្ហាញគម្រោងវិនិយោគរបស់ខ្លួននៅក្នុងខេត្តកំពង់ស្ពឺជាច្រើនគម្រោងដែលក្នុងនោះវិស័យសំខាន់ៗចំនួន៤ត្រូវបានក្លាយជាគោលដៅរបស់ពួកគេជាមួយការបណ្តាក់ទុនវិនិយោគរាប់សិបលានដុល្លារ។

អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីល្ងាចថ្ងៃចុងសប្ដាហ៍កន្លងទៅនេះថា បន្ទាប់ពីស្ថានភាពនៃការរាតត្បាតជំងឺឆ្លងត្រូវបានស្ងប់ស្ងាត់មួយរយៈពេលចុងក្រោយនេះ បណ្តាវិនិយោគិនចិនជាច្រើន បានចូលមកសិក្សា និងពីភាក្សាទៅលើគម្រោងវិនិយោគរបស់ពួកគេ នៅក្នុងខេត្តកំពង់ស្ពឺនៅក្នុងវិស័យសំខាន់ៗមួយចំនួន។

លោកបញ្ជាក់ថា ចាប់តាំងមានការថមថយនូវការរាតត្បាតជំងឺឆ្លង ក្នុងរយៈពេលជាង២ខែចុងក្រោយនេះ ពួកគេមកច្រើន(វិនិយោគិនចិន) ដែលក្នុងនោះមានទាំងអ្នកវិនិយោគចាស់ ដែលបានចាកចេញទៅមុនពេលផ្ទុះកូវីដ និងមានអ្នកថ្មី ដែលមកសិក្សាពីឱកាសវិនិយោគ រួមជាមួយនឹងការដាក់បង្ហាញពីផែនការរបស់ពួកគេ

គោលដៅនៃការវិនិយោគរបស់វិនិយោគិនជាជនជាតិចិននៅក្នុងខេត្តកំពង់ស្ពឺត្រូវបានលោកអភិបាលបញ្ជាក់ប្រាប់ថាក្រៅពីវិស័យឧស្សាហកម្មរោងចក្រសហគ្រាសខ្នាតធំនៅមានវិស័យកសិកម្មកម្រិតខ្ពស់ចាប់ពីចំណុចដាំដុះកែច្នៃវេចខ្ចប់សម្រាប់នាំចេញទៅកាន់ទីផ្សារក្រៅប្រទេស។បន្ថែមពីនេះនៅមានការវិនិយោគនៅក្នុងវិស័យអចលនទ្រព្យសាងសង់ជាអគារខុនដូនិងអាគារពាណិជ្ជកម្មនៅក្នុងក្រុងច្បារមនហើយក៏មានគម្រោងវិនិយោគនៅក្នុងវិស័យអប់រំកម្រិតខ្ពស់ផងដែរ។

អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានមានប្រសាសន៍បន្តទៀតថា ស្ទើរតែគ្រប់សប្ដាហ៍ គឺតែងមានការទទួលជួបតំណាងធុរៈកិច្ចជនជាតិចិន ជាក់ស្ដែងនៅថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ មានក្រុមហ៊ុនចិនដែលវិនិយោគ ក្នុងវិស័យអប់រំកម្រិតខ្ពស់មកបង្កើតសាកលវិទ្យាល័យដ៏ធំមួយ ក្រោយកិច្ចសហការជាមួយក្រុមហ៊ុនក្នុងស្រុក ដើម្បីបណ្តុះបណ្តាលធនធានមនុស្ស ផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ក្រុមហ៊ុនទាំង២ដែលសហការគ្នា វិនិយោគបង្កើតសាកលវិទ្យាល័យកម្រិតខ្ពស់ដ៏ធំ និងលើកដំបូងប្រចាំនៅក្នុងខេត្តកំពង់ស្ពែ គឺមានក្រុមហ៊ុនCCYF DEVELOPMENT CO.,LTD ដែលជាសាខារបស់សហព័ន្ធយុវជនកម្ពុជាចិន និងក្រុមហ៊ុន MINDS BRIDGE EDUCATION (Cambodia) INVESTMENT CO.,LTD ។សាកលវិទ្យាល័យនេះគ្រោងនឹងបញ្ចប់ការសាងសង់មុនឆ្នាំ២០២១ដើម្បីចាប់ផ្តើមទទួលសិស្សឱ្យចូលរៀន។

កំពង់ស្ពឺ បានក្លាយជាគោលដៅដ៏ទាក់ទាញ និងមានប្រជាប្រិយភាពលើការវិនិយោគក្នុងវិស័យឧស្សាហកម្ម វិស័យកសិឧស្សាហកម្ម វិស័យអចលនទ្រព្យ វិស័យទេសចរណ៍ និងវិស័យអប់រំកម្រិតខ្ពស់ ដែលបានចាក់បញ្ចូលប្រាក់ចំណូល ដល់សេដ្ឋកិច្ចជាតិរាប់ពាន់លានដុល្លារតាមរយៈខេត្តមួយនេះ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here