ដោយ លក្ខិណា
ភ្នំពេញៈ វិស័យដឹកជញ្ជូនបានរងផលប៉ះពាល់ធ្ងន់ធ្ងរនិងបានធ្វើឲ្យធ្លាក់ចុះរហូតដល់ជាង៦០ភាគរយកាលពីអំឡុងខែមីនាមេសានិងឧសភាក៏ប៉ុន្តែវាបានងើបឡើងវិញបន្តិចនៅក្នុងខែមិថុនាប៉ុន្តែមកដល់ពេលនេះដោយសារតែស្ថានភាពជំងឺកូវីដ១៩នៅក្នុងប្រទេសដែលជាប្រភពដឹកជញ្ជូនសំខាន់និងប្រទេសមួយចំនួនក្នុងតំបន់អាស៊ានមានភាពប្រសើរបន្តិច។

លោកស៊ិន ចន្ធី ប្រធានសមាគមភស្ដុភារកម្មកម្ពុជា បានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា កាលពីចុងឆ្នាំ២០១៩ វិស័យដឹកជញ្ជូនកម្ពុជាហាក់មានការរីកចម្រើនខ្លាំង ព្រោះតែវិស័យសេដ្ឋកិច្ចកាលនោះ ក៏មានការរីកចម្រើនខ្លាំង ដែលតម្រូវឱ្យមានការដឹកជញ្ជូនច្រើនទាំងក្នុងស្រុក និងដឹកជញ្ជូនទៅក្រៅប្រទេស។ ជាក់ស្ដែងកំពង់ផែក្រុងព្រះសីហនុ និងផ្លូវជាតិ៤ មានការកកស្ទះទំនិញខ្លាំង ព្រោះតែមានការដឹកជញ្ជូនទំនិញទៅអោយអ្នកបញ្ជាទិញ។
លោកបន្តថា រហូតមកដល់ខែ កុម្ភៈ និងខែមីនា ឆ្នាំ ២០២០នេះដោយសារមានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក៏បានធ្វើអោយសកម្មភាពដឹកជញ្ជូន នៅក្នុងប្រទេសកម្ពុជា ចាប់ផ្ដើមធ្លាក់ចុះ ហើយគិតមកដល់ខែឧសភា ការធ្លាក់ចុះមានអត្រាជិតដល់៦០ភាគរយ ។ ក៏ប៉ុន្តែរហូតមកដល់ខែ មិថុនា និងខែកក្កដា នេះវិស័យដឹកជញ្ជូនមានការងើបឡើងវិញបន្តិច ពីព្រោះនៅប្រទេសចិន និងបណ្ដាប្រទេសមួយចំនួនទៀត ក្នុងតំបន់អាស៊ាន ស្ថានភាពជំងឺកូវីដ១៩ បានធូរស្រាលឡើងវិញបន្តិច ។
លោកបន្តដោយពន្យល់ថា “បើតាមយើងមើលស្ថានភាពអាចនិយាយបាន ចាប់ពីពេលនេះ រហូតដល់ដាច់ឆ្នាំ វិស័យដឹកជញ្ជូនអាចនឹងប្រសើរបន្តិចម្ដងៗ ខណៈវិស័យផ្សេងៗទៀត ដែលរងផលប៉ះពាល់ដោយសារកូវីដ១៩ ក៏ចាប់ផ្ដើមដំណើរការឡើងវិញ បន្តិចម្ដងៗផងដែរ”។
លោកស៊ិន ចាន់ធីបានបន្ថែមថា ផលប៉ះពាល់ដែលធ្វើឲម្យវិស័យដឹកជញ្ជូន ថយចុះកាលពីប៉ុន្មានខែមុនដល់ជិត៦០ភាគរយ ដោយសារតែសកម្មភាពមួយចំនួនក្នុងវិស័យកាត់ដេរ បានថយចុះ អ្នកបញ្ជាទិញថយចុះ ដែលធ្វើឲ្យការដឹកជញ្ជូនក៏មិនមានសកម្មភាព តែទើបីជាយ៉ាងនេះក្ដី ក៏មិនទាន់មានក្រុមហ៊ុនដឹកជញ្ជូនណាមួយ បានបិទសកម្មភាពនោះទេ ពីព្រោះថាការស្នើសុំបិទក្រុមហ៊ុនមួយៗ មិនអាចស្នើភ្លាមបិទភ្លាមនោះទេ គឺត្រូវការរយៈពេល ពីពីរទៅបីខែទើបអាចបិទបាន ពីព្រោះទំនិញខ្លះបានទទួលសេវាពីគេរួចហើយ ហើយរយៈពេលនៃការដឹកជញ្ជូនតាមកប៉ាល់ ត្រូវការពេលរាប់ខែពីអាមេរិក និងពីចិនជាដើម ។

លោកបញ្ជាក់ថា បើទោះបីជាមិនមានការបិទក្ដីក៏ប៉ុន្តែគ្រប់ក្រុមហ៊ុនទាំងអស់ មានផែនការត្រៀមរបស់ខ្លួនរួចហើយ ដូចជា ត្រូវកាត់បន្ថយបុគ្គលិកឬត្រូវធ្វើយ៉ាងណា ខណៈសកម្មភាពដឹកជញ្ជូននៅជាង៣០ភាគរយនេះ ព្រោះថាបើសិនជាកូវីដ១៩នៅតែបន្តអូសសន្លាយនោះ យ៉ាងហោចណាស់ក្រុមហ៊ុនដឹកជញ្ជូនទាំងនោះ ក៏មានផែនការរួចជាស្រេចហើយ។
តាមការព្យាករណ៍របស់រាជរដ្ឋាភិបាល កាលពីពេលកន្លងទៅថ្មីនេះ ដោយសារតែផលប៉ះពាល់នៃជំងឺកូវីដ១៩ សេដ្ឋកិច្ចកម្ពុជានឹងធ្លាក់ចុះជាអវិជ្ជមាន–១,៩ភាគរយ ហើយអាចនឹងធ្លាក់ជាងនេះទៀត។ បើសិនជាកូវីដ១៩នៅតែបន្តអូសបន្លាយ និងជះឥទ្ធិពលកាន់តែអាក្រក់មកលើសេដ្ឋកិច្ច ជាពិសេសវិស័យដែលគាំទ្រកំណើនសេដ្ឋកិច្ចជាតិ ៕






