ដោយវុត្ថា
រតនគិរីៈ រហូតមកដល់ពេលនេះ ខេត្តរតនគិរី បានទាក់ទាញក្រុមហ៊ុនវិនិយោគដីសម្បទានសេដ្ឋកិច្ច ដែលទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលមានចំនួន២៧ក្រុមហ៊ុន នៅលើទំហំផ្ទៃដីសរុបចំនួន១២៤.៦៦៩ហិកតា ដោយបានអនុវត្តការដាំដុះចំនួន ៥៥.០៤ ហិកតា។

អភិបាលខេត្តរនគិរី លោកថង សាវុនបានមានប្រសាសន៍ឲ្យដឹងងនៅក្នុងសន្និសីទសារព័ត៌មានស្តីពី “វឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តរតនគិរី” នៅថ្ងៃទី ១៣ ខែក្កដា ឆ្នាំ ២០២០នេះថា ក្នុងចំណោមដីសម្បទានសង្គមកិច្ចនោះ មានការវិនិយោគលើដំណាំកៅស៊ូ មានចំនួន២៥.០២១ ហិកតា ស្វាយចន្ទី១.៥០៦ ហិកតា ចេកអំបូងលឿង៨.៤៩៣ ហិកតា ស្រកានាក ៤៨០ ហិកតា ខ្នុរ ៧៦៣ ហិកតា ដូង ៥៥៥ ហិកតា ស្វាយ ៣.៨៤៨ ហិកតា និងប្រភេទឈើហូបផ្លែផ្សេងៗមានធុរេន តាង៉ែន មៀន ក្រូច និងម្នាស់ជាដើម។
លោកបន្តថា “ក្នុងឆ្នាំ ២០១៩កន្លងមកនេះ បានធ្វើការនាំចេញកសិផលទៅក្រៅប្រទេស មានបរិមាណសរុបចំនួន៦៧.៦០៤តោន គិតជាទឹកប្រាក់ប្រមាណ៣៧លានដុល្លារអាមេរិក”។លោកបន្ថែមថា “ជាមួយគ្នានេះ នៅក្នុងខេត្តមានរោងចក្រកែច្នៃកៅស៊ូក្រែបចំនួន៧ទីតាំង និងសិប្បកម្មកៅកៅស៊ូសន្លឹកមាន៩ទីតាំង ហើយបរិមាណជ័រកៅស៊ូក្រែបមានប្រមាណជាធម្យម៣០.៤៧៩ តោនក្នុងមួយឆ្នាំ និងរោងចក្រកែច្នៃដំឡូងមី១ទីតាំង កំពុងកែច្នៃជាផលិតផលពាក់កណ្តាលសម្រេចដើម្បីនាំចេញ”។
លោកថង សាវុនបានបន្ថែមថា ក្រុមហ៊ុនវិនិយោគ រោងចក្រ សហគ្រាស សិប្បកម្ម អាជីវកម្ម គ្រឹះស្ថានឯកជនក្នុងខេត្តសរុបចំនួន២៣០ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតឱកាសការងារ និងកំពុងបានផ្តល់ការងរដល់បុគ្គលិក កម្មករប្រមាណ ១១.១៣៦នាក់ និងមានអង្គការក្រៅរដ្ឋាភិបាលចំនួន ៣៩ កំពុងប្រតិបត្តិការក្នុងខេត្ត”។
លោកបន្ថែមទៀតថា មន្ទីរការងារ និងបណ្តុះណ្តាលវិជ្ជាជីវៈខេត្ត បានយកចិត្តទុកដាក់ចុះជាប់ជាប្រចាំ ដើម្បីពិនិត្យលើការអនុវត្តនូវរាល់សារាចរណ៍ សេចក្តីណែនាំ លិខិតបទដ្ឋាន គិតិយុត្តិនានា ដែលរាជរដ្ឋាភិបាល ក្រសួង ស្ថាប័នពាក់ព័ន្ធបានដាក់ចេញក្នុងគោលដៅធានាបាននូវផលប្រយោជន៍ និងអភិវឌ្ឍន៍លក្ខខណ្ឌការងារកាន់តែប្រសើរឡើង ជូនបងប្អូនបុគ្គលិក កម្មករ។ ជាក់ស្តែងនាពេលបច្ចុប្បន្ន មានតម្រូវការកម្លាំងពលកម្មប្រមាណ២០០០នាក់បន្ថែមទៀត លើវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម៕






