ដោយ ៖ រ៉ាណេត
រតនៈគីរី ៖ ក្នុងគោលបំណង់បង្កើននូវកិច្ចទំនាក់ទំនង និងពង្រីកវិស័យពាណិជ្ជកម្មក្នុងតំបន់ បច្ចុប្បន្ន រដ្ឋបាលខេត្តរតនៈគីរី បានដាក់សំណើរជូនថ្នាក់ដឹកនាំរដ្ឋាភិបាលកម្ពុជា សិក្សាលម្អិតពីលទ្ធភាព ដើម្បីឈានទៅបើកច្រកទ្វារព្រំដែនកម្ពុជា-ឡាវថ្មីមួយទៀត ស្ថិតក្នុងខេត្តរតនគិរី។

អភិបាលខេត្តរតនគិរី លោក ថង សាវុន បានមានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មានស្ដីពីវឌ្ឍនភាព និងទិសដៅការងារបន្ត នៅទីស្ដីការគណរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ថា រហូតមកដល់ពេលនេះ ខេត្តរតនគិរី មិនទាន់មានផ្លូវ ឬច្រកទ្វារព្រំដែនផ្លូវការជាមួយប្រទេសឡាវនោះទេ ហើយខេត្តកំពុងស្នើសុំគោលការណ៍រាជរដ្ឋាភិបាល ដើម្បីបើកច្រកនេះ។
លោកបានបញ្ជាក់ថា “សម្រាប់ខេត្តរតនគិរី មិនទាន់មានផ្លូវណាមួយ ឬច្រករបៀងណាមួយ តភ្ជាប់ជាមួយ ប្រទេសឡាវនោះទេ ហើយកាលដែលស្នើសុំ ទៅកាន់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជារដ្ឋាភិបាលនៃប្រទេសទាំងពីរ (កម្ពុជា-ឡាវ) គឺចង់បាននូវការបើក ច្រកទ្វារទ្វេរភាគីមុន។ ដោយឡែក ខេត្តរតនគិរី មានផែនការដើម្បីបើកច្រកទ្វារទ្វេរភាគីមួយ ដែលកំពុងតែសុំគោលការណ៍រាជរដ្ឋាភិបាល ដើម្បីសិក្សាមើល តើយើងនឹងរៀបចំច្រកណាមួយ ដែលផ្ដល់នូវសារសំខាន់ខេត្តទាំងពីរ ប្រជាជននៅជិតខាងប្រទេសទាំងពីរ”។

ជាមួយគ្នានេះ លោកអភិបាលខេត្តបានបង្ហាញនូវក្ដីរំពឹងខ្ពស់ នៅពេលច្រកទ្វារព្រំដែនទ្វេរភាគីមួយនេះបើកដំណើរការ នឹងអាចចូលរួមលើកម្ពស់ និងពង្រីកពាណិជ្ជកម្មបានប្រសើរជាងសព្វថ្ងៃ ដោយហេតុថា ខេត្តរតនគិរី ជាខេត្តមួយដែលមានសក្ដានុពល អំណោយផលដល់ការដាំដុះដំណំា ពិសេសដំណំាកសិ-ឧស្សាហកម្ម និងការចិញ្ចឹមសត្វ។ ម៉្យាងទៀត ប្រសិនបើច្រកទ្វារព្រំដែនមួយនេះបើកដំណើរការ ឬក៏ត្រឹមតភ្ជាប់ផ្លូវពីស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង មកស្រុកវ៉ើនសៃ ខេត្តរតនគិរី និងបន្ដមកក្រុងបានលុងនោះ នឹងផ្ដល់សារៈសំខាន់ខ្លាំងណាស់ ព្រោះជាផ្លូវដែលតភ្ជាប់ពីច្រកទ្វារព្រំដែនអន្ដរជាតិត្រពាំងក្រៀល ដែលមានសក្ដានុពលខ្លាំងក្នុងការជំរុញកំណើនសេដ្ឋកិច្ច៕






