ខេត្តព្រះសីហនុ ប្រមូលពន្ធបានជាង ១៥លានដុល្លារ

0

ដោយ ៖ រ៉ាណេត

ព្រះសីហនុ ៖ នៅត្រឹមរយៈពេល៦ខែ ដើមឆ្នាំ២០២០កន្លងទៅនេះ តាមរយៈលទ្ធភាពនៃការប្រមូលពន្ធសរុបនៅទូទាំងខេត្តព្រះសីហនុ ទទួលបានចំនួន ៦១ពាន់លានរៀល ស្មើនឹងប្រមាណ ១៥ ២៥០ ០០០ ដុល្លារ ហើយនឹងអាចបង្កើនចំនួនសរុបប្រមាណ ១០០ពាន់លានរៀល ស្មើនឹងប្រមាណ ២៥ ០០០០០០ដុល្លារ។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅល្ងាចថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំស្ដីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិការាជធានី-ខេត្តសម្រាប់ឆ្នាំ២០២១-២០២៣ និងនីតិវិធីបច្ចេកទេសនៃការរៀបចំគម្រោងថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ បានលើកឡើងថា តាមលទ្ធភាពនៃការប្រមូលពន្ធរបស់សាខាពន្ធដារខេត្តព្រះសីហនុរយៈពេល ៦ខែ ប្រមូលចំណូលពន្ធបាន ៦១ពាន់លានរៀល ហើយនៅឆ្នាំ២០២០នេះ សាខាពន្ធដារអាចប្រមូលថវិកាបាន ១០០ពាន់លានរៀល ។

កិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំស្ដីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិការាជធានី-ខេត្តសម្រាប់ឆ្នាំ ២០២១-២០២៣ និងនីតិវិធីបច្ចេកទេសនៃការរៀបចំគម្រោងថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ត្រូវបានអនុវត្តស្របតាមចរាចរណ៍លេខ ០៤-០៥ របស់ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ។

លោក គួច ចំរើន បានបញ្ជាក់ថា “ដោយសារវិបត្តិកូវីដ-១៩ រាជរដ្ឋាភិបាលបានកាត់កញ្ចក់ថវិកាសម្រាប់ការអភិវឌ្ឍខេត្តព្រះសីហនុសម្រាប់ឆ្នាំ២០២០ នៅសល់ត្រឹមតែ ៦៧ពាន់លានរៀល ហើយសម្រាប់ឆ្នាំ២០២១ ខេត្តមានថវិកា៧២ពាន់លានរៀល។ តាមលទ្ធភាពនៃការប្រមូលពន្ធរបស់សាខាពន្ធដារខេត្តព្រះសីហនុរយៈពេល ៦ខែ ប្រមូលចំណូលពន្ធបាន ៦១ពាន់លានរៀល ហើយនៅឆ្នាំ២០២០នេះ សាខាពន្ធដារអាចប្រមូលថវិកាបាន ១០០ពាន់លានរៀល”។

លោកបន្តថា “កិច្ចការដែលយើងត្រូវធ្វើមានច្រើន ក៌ប៉ុន្តែពេលវេលារបស់យើងខ្លី ស្នើក្រុង ស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធ ចូលរួមរៀបចំគម្រោងផែនការសកម្មភាពអភិវឌ្ឍ ដោយមានការចូលរួមពីមន្ត្រីគ្រប់ផ្នែក គ្រប់ថ្នាក់ ធ្វើការងារជាក្រុមច្របាច់បញ្ចូលគ្នា រៀបចំផែនការយុទ្ធសាស្ត្រឱ្យចំគោលដៅ។ ម្យ៉ាងទៀតមកដល់ពេលនេះ ថវិកាឆ្នាំ២០២០មិនទាន់បានអនុវត្តបានពេញលេញ ក្នុងគម្រោងទាំង១៣ ដូច្នេះយើងត្រូវរួមគ្នាជម្រុញផែនការប្រើប្រាស់ថវិការបស់យើងបំរើអត្ថប្រយោជន៍ និងគុណប្រយោជន៍ក្នុងខេត្តព្រះសីហនុរបស់យើង”។

ទន្ទឹមនេះលោកអភិបាលខេត្តព្រះសីហនុ ក៏បានណែនាំឱ្យសមត្ថកិច្ចពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ខិតខំកៀរគរបង្កើនកញ្ចប់ថវិកាឆ្នាំ២០២១ ដើម្បីផ្សាភ្ជាប់ទៅនឹងផែនការអភិវឌ្ឍរយៈពេល៥ឆ្នាំរបស់រដ្ឋបាលខេត្ត ដោយរៀបចំជាគម្រោងសកម្មភាពអភិវឌ្ឍខេត្តសម្រាប់ឆ្នាំ២០២១ ស្របតាមកម្មវិធីវិនិយោគ៣ឆ្នាំរំកិល (២០២១-២០២៣) ផងដែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here