ដោយៈ រ៉ាណេត
មណ្ឌលគីរីៈ អភិបាលខេត្តមណ្ឌលគីរី បានធ្វើការព្រមានធ្ងន់ៗទៅលើអភិបាលក្រុង និងស្រុកទូទាំងខេត្ត ដែលពាក់ព័ន្ធទៅនឹងការសម្រេចចេញលិខិត បញ្ជាក់ការទិញ-លក់ដីធ្លីទាំងឡាយណា ដែលប្រាស់ចាកពីច្បាប់ ឬជាដីកម្មសិទ្ធិរបស់រដ្ឋ និងប្រជាជន។

លោកស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី នៅក្នុងកិច្ចប្រជុំ នៅរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ ដើម្បីផ្សព្វផ្សាយខ្លឹមសារលិខិតលេខ ១៩៦៣ សជណ របស់ក្រសួងមហាផ្ទៃបានបញ្ជាក់ថា បច្ចុប្បន្ននេះមានមន្រ្តីខិលខូចមួយចំនួន បានដើរចង្អុលដីព្រៃលក់ ហើយអ្នកទិញ ចេះតែទិញ អ្នកលក់ចេះតែលក់ ហើយបើសិនជាអភិបាលក្រុង/ស្រុក/ឃុំ/សង្កាត់ និងមន្រ្តីជំនាញ ទៅបញ្ជាក់លើលិខិតទិញ-លក់លើដីទាំងនោះ នេះជាការខុសធ្ងន់ ហើយនឹងត្រូវប្រឈមមុខចំពោះផ្លូវច្បាប់។
លោកបានសង្កត់ធ្ងន់ថា “បច្ចុប្បន្ននេះមានការទិញ-លក់ដីជាន់លើគ្នា ហើយមន្រ្តីយើងនៅតែបញ្ជាក់ឱ្យទៀត នេះជាការឃុបឃិតគ្នា ហើយក្លាយជាបញ្ហាស្មុគស្មាញនៅក្នុងខេត្ត”។លោកបន្តថា “ដូច្នេះសូមឱ្យអាជ្ញាធរក្រុង/ស្រុក និងមន្ទីរអង្គភាពជំនាញ ត្រូវហាមដាច់ខាត ការចូលកាប់ទន្រា្ទនដីថ្មី ទោះបីជាអ្នកធំក៏ដោយ ត្រូវចាត់វិធានការណ៍តាមនីតិវិធីច្បាប់”។
លោកស្វាយ សំអ៊ាងបានបនន្តថា អាជ្ញាធរក្រុង/ស្រុក/ឃុំ/សង្កាត់ និងមន្រ្តីជំនាញ ត្រូវយកចិត្តទុកដាក់សហការគ្នា ក្នុងការគ្រប់គ្រងទិន្នន័យ និងស្ថិតិប្រជាពលរដ្ឋ និងដីធ្លីដែលកំពុងកាន់កាន់ និងអាស្រ័យផលជាក់ស្តែងជាយូរឆ្នាំមកហើយ នៅតំបន់ការពារធម្មជាតិ និងគម្រប់ព្រៃឈើនៅក្នុងខេត្ត ដើម្បីចាត់ចែង និងឆ្វៀលដី និងផ្តល់កម្មសិទ្ធិដីជូនពួកគាត់ ព្រមទាំងត្រៀមបម្រុងដី១០ភាគរយ សម្រាប់ការប្រើប្រាស់រួមរបស់សហគមន៍។
ពាក់ព័ន្ធទៅនឹងបញ្ហា នៃការកាប់ទន្ទ្រានដីយកធ្វើជាកម្មសិទ្ធិ រួមជាមួយនឹងការចូលរួមខុបឃិតគ្នាពីសំណាក់អ្នកមានធនធាន និងអ្នកមានអំណាចនៅតាមមូលដ្ឋានមួយចំនួនបានកើតមានស្ទើរគ្រប់ខេត្តក្រុង ជាក់ស្ដែងដូចជាករណី ដែលទើបតែកើតមាននៅក្នុងខេត្តបាត់ដំបង រវាងលោកឧកញ៉ាម្នាក់ និងអភិបាលរងខេត្ត ដែលរាជរដ្ឋាភិបាលបានចាត់ការតាមនីតិវិធីច្បាប់យ៉ាងតឹងរឹង ស្របតាមការដាក់ចេញនូវវិធានការណ៍៍ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕






