ដោយ ប៊ី
ព្រះសីហនុ៖ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបកោះរ៉ុង និងក្រុមហ៊ុន ស៊ីណូ ហៃដ្រូ បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងសាងសង់ផ្លូវបេតុងប្រវែង៧០គីឡូម៉ែត្រ ទទឹង៨ម៉ែត្រ នៅលើតំបន់អភិវឌ្ឍន៍កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ក្រោមទុនវិនិយោគ ៣៥ លានដុល្លារ។

ពិធីចុះហត្ថលេខានេះ ធ្វើឡើងរវាងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបកោះរ៉ុង ឌីវេឡុបមេនខមភេនី របស់អ្នកឧកញ៉ា គិត ម៉េង និងក្រុមហ៊ុន ស៊ីណូ ហៃដ្រូ ខនស្ដ្រាក់សិន ខូអិលធីឌី ក្រោមអធិបតីភាព លោក គួច ចំរើន អភិបាលខេត្ដព្រះសីហនុ នៅសណ្ឋាគារ Goddess of Liberty Hotel and Resort ភូមិ១ សង្កាត់ លេខ៣ ក្រុងព្រះសីហនុនៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០នេះ។
លោក គួច ចំរើន អភិបាលខេត្ដព្រះសីហនុ បានថ្លែងថា ការចុះហត្ថលេខា លើកិច្ចព្រមព្រៀងសាងសង់ផ្លូវបេតុងប្រវែង៧០គីឡូម៉ែត្រនៅថ្ងៃនេះរវាងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបកោះរ៉ុង ឌីវេឡុបមេនខមភេនី និងនិងក្រុមហ៊ុន ស៊ីណូ ហៃដ្រូ ខនស្ដ្រាក់សិន នឹងចូលចំណែកអភិវឌ្ឍកោះរ៉ុង ដើម្បីបង្កើនភាពទាក់ទាញបន្ថែមទៀត។
លោក បានថ្លែងថា “ក្រុមហ៊ុន ស៊ីណូ ហៃដ្រូ ខនស្ដ្រាក់សិននឹងត្រូវការបទពិសោធន៍ពីរដ្ឋបាលខេត្ត ដែលសាងសង់ហេដ្ឋារចនាសម្ព័ន្ធលើនៅក្រុងព្រះសីហនុ ដើម្បីជំរុញការសាងសង់ផ្លូវនៅលើកោះរ៉ុង ហើយការសាងសង់ផ្លូវបេតុងប្រវែង៧០គីឡូម៉ែត្រនឹងចំណាយពេល ១៦ ខែដើម្បីបញ្ចប់។

លោក បានបន្តថា “យើងខ្ញុំជាមួយនឹងមន្ត្រីជំនាញ និងអង្គភាពពាក់ព័ន្ធត្រៀមខ្លួនដើម្បីផ្តល់កិច្ចសហការទាំងបច្ចេកទេស និងកិច្ចសម្រួល ដើម្បីឱ្យក្រុមហ៊ុនទាំងពីបើកបានដំណើរការអនុវត្តនូវសកម្មភាពរបស់ខ្លួនឱ្យបានជោគជ័យ ទៅតាមពេលវាដែលបានកំណត់”។
លោក បានឱ្យដឹងទៀតថា “យើងខ្ញុំពិតជាចង់ឃើញសមិទ្ធផលនេះ កើតឡើងក្នុងរយៈពេល ១៦ ខែទៀតនៅលើកោះរ៉ុងរបស់យើង ហើយសកម្មភាពកសាងនេះក៏នឹងបានចូលរួមចំណែកផ្តល់ការងារទៅធ្វើការជាកម្មករ អ្នកបច្ចេកទេស និងវិស្វករនៅទីនោះ បានយ៉ាងច្រើននាក់ផងដែរ”។ លោក ថា “ខ្ញុំជឿជាក់ថា ដើម្បីបម្រើការអភិវឌ្ឍន៍លើកោះរ៉ុង យើងពិតជាមានសេចក្តីត្រូវការអភិវឌ្ឍន៍ធំធេងជាជាងនេះបន្ថែមទៀត ដើម្បីសោភ័ណភាពលើកោះរ៉ុងនេះ”។
លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ បានប្រាប់គេហទំព័រ propertyarea.asia កាលពីសប្តាហ៍មុននេះ ថា អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន និងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប រួមជាមួយអភិបាលក្រុងកោះរ៉ុង មន្ទីរ អង្គភាពពាក់ព័ន្ធ បានបើកិច្ចប្រជុំពិភាក្សាពីវឌ្ឍនភាពនៃការអភិវឌ្ឍកោះរ៉ុង។
លោកបន្តថា ក្រុមហ៊ុនបានចុះហត្ថលេខាលើកិច្ចសន្យាជួលតាំងពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ ២០០៨ និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានប្រគល់កោះរ៉ុងជាផ្លូវការនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០០៨ ដើម្បីធ្វើការអភិវឌ្ឍ ដូចជា ការសាងសង់សណ្ឋាគារ កាស៊ីណូ និងរីសតផ្សេងៗ ការសាងសង់ផ្លូវ ផែ ស្ពាន និងអគ្គិសនី អ៊ីនធើណេត និងទឹកស្អាត។ល។
លោកបន្ថែមថា ក្រុមហ៊ុនបានចាប់ផ្តើមស្ថាបនាប្រព័ន្ធផ្លូវថ្នល់តាមប្លង់មេ និងធ្វើការដឹកជញ្ជូនសម្ភារៈសាងសង់ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ ២០០៩ ការសាងសង់ប្រព័ន្ធផ្លូវថ្នល់ចែកចេញជា៥ដំណាក់កាល ការចុះបញ្ជីដីរដ្ឋចំនួន៣៣ក្បាលដី នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ ២០០៩ និងប្លង់មេក្នុងការអភិវឌ្ឍ អនុម័តនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០០៨ និង ក្នុងឆ្នាំ២០១៣ ក្រុមហ៊ុនមានការលំបាកក្នុងការអនុវត្តគម្រោងដោយសារទំនាស់ដីធ្លី។

លោកថា សណ្ឋាគារផ្កាយ ៥ The Royal Sands Koh Rong Hotel ក្នុងទឹកប្រាក់វិនិយោគចំនួន ៤០ លានដុល្លារសហរដ្ឋអាមេរិក ជារមណីយដ្ឋានប្រភេទផ្ទះវីឡា ភ្ជាប់ដោយអាងហែលទឹក មានចំនួន៦៧ វីឡា លើផ្ទៃដីទំហំ ៧.២ហិកតា ស្ថិតនៅក្បាលដីលេខ៨ នៃប្លង់មេ ក្នុងភូមិសុខសាន្ត បានសម្ពោធដាក់ឲ្យដំណើរការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតនៃ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨។
លោកបន្ថែមថា មិនមានការរុះរើលំនៅដ្ឋានប្រជាពលរដ្ឋពីភូមិកោះតូច និងភូមិសុខសាន្ត ទៅភូមិព្រែកស្វាយនោះទេ គឺកាត់ឆ្វៀលជូនប្រជាពលរដ្ឋចំនួន គ្រួសារ ផ្អែកតាមអនុក្រឹត្យលេខ ៤៨ អនក្រ.បក ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨។ សង់ផ្លូវគ្រួសក្រហមទទឹង ១២ម៉ែត្រ និងប្រព័ន្ធលូបានប្រវែងជាង ៤០គីឡូម៉ែត្រ នៃប្រព័ន្ធផ្លូវមេប្រវែង ៧០គីឡូម៉ែត្រ ដែលបានអនុម័ត តភ្ជាប់ចរាចរណ៍រវាងភូមិទាំង៤ នៅលើកោះរ៉ុង ដោយបច្ចុប្បន្ន បន្តសាងសង់ផ្លូវចាក់បេតុងលើផ្លូវធ្វើហើយជាបន្តទៀត។

អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន Royal Group Koh Rong Development Company បានថ្លែងអំណរគុណដល់ស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមចំណែកក្នុងការជម្រុញឱ្យការស្ថាបនាផ្លូវនៅលើតំបន់អភិវឌ្ឍន៍កោះរ៉ុងនេះ បានកើតឡើង។ អ្នកឧកញ៉ា គិត ម៉េង មានប្រសាសន៍ថា នៅខណៈនេះ ក្រុមហ៊ុនបានចាប់ផ្តើមសាងសង់ផ្លូវបេតុង ៧០គីឡូម៉ែត្រ ហើយតទៅមុខទៀតក្រុមហ៊ុន នឹងត្រូវសាងសង់រោងចក្រអគ្គិសនី កំពង់ផែ និងព្រលានយន្តហោះ នៅលើតំបន់អភិវឌ្ឍន៍កោះរ៉ុងបន្ថែមទៀត៕







