តំបន់បឹងស្នេហ៍-ទួលព័ន្ធតាឡី ខេត្តព្រៃវែង ទំហំជិត៤០០០ហិកតា នឹងក្លាយជាតំបន់ប្រើប្រាស់ច្រើនយ៉ាងរបស់រដ្ឋាភិបាល

0

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ រដ្ឋាភិបាលបានសម្រេចគាំទ្រគម្រោងបង្កើត និងអភិរក្ស តំបន់បឹងស្នេហ៍- ទួលព័ន្ធតាឡី ដែលមានទំហំជាិត៤០០០ហិកតា នៅក្នុងខេត្តព្រៃវែងជាតំបន់ប្រើប្រាស់ច្រើនយ៉ាង ផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងតំបន់ និងជិតខាង ជាពិសេសចូលរួមលើកកម្ពស់វិស័យទេសចរណ៍ធម្មជាតិប្រចាំខេត្ត។

ក្រោមការដឹកនាំប្រជុំអន្តរក្រសួង ក្រោមវត្តមានរបស់លោក ស៊្រុន ដារិទ្ធិ រដ្ឋលេខាធិកាក្រសួងបរិស្ថាន និងមន្ត្រីជំនាញបច្ចេកទេសតំណាងស្ថាប័នពាក់ព័ន្ធកាលពីល្ងាចថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ បានសម្រេចគាំទ្រទៅលើគម្រោងនៃការបង្កើត និងកំណត់បែងចែកតំបន់គ្រប់គ្រង តំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងស្នេហ៍-ទួលព័ន្ធតាឡី ស្ថិតនៅក្នុងភូមិសាស្រ្ត ស្រុកបាភ្នំ ខេត្តព្រៃវែង ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងតំបន់ផ្ទាល់ និងតំបន់ក្បែរខាង រួមទាំងចូលរួមទ្រទ្រង់ដល់វិស័យទេសចរណ៍។

លោក ស៊្រុន ដារិទ្ធិ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានបញ្ជាក់ថា កិច្ចប្រជុំខាងលើនេះ គឺដើម្បីបែងចែក និងគ្រប់គ្រងតំបន់ដែលមានសក្តានុពលដីសើមនៃបឹងស្នេហ៍-ទួលព័ន្ធតាឡី ក្នុងការដាក់ជាតំបន់ការពារធម្មជាតិដំបូងរបស់ខេត្តព្រៃវែង និងធ្វើការពិគ្រោះយោបល់ចុងក្រោយ អំពីការបង្កើត និងកំណត់បែងចែកតំបន់គ្រប់គ្រង ប្រើប្រាស់ច្រើនយ៉ាងនៃបឹងមួយនេះឱ្យបានជាប្រយោន៍យូរអង្វែង។

គម្រោងបង្កើតតំបន់ការពារធម្មជាតិ ដីសើមនៃបឹងស្នេហ៍-ទួលព័ន្ធតាឡី នេះ មានវិសាលភាពផ្ទៃដីចំនួន ៣៩២៤ ហិកតា ដែលក្រៅពីមានធនធានធម្មជាតិ ប្រមូលផ្តុំទៅដោយជីវចម្រុះ ថែមទាំងជាតំបន់ប្រមូលផ្តុំទៅដោយសត្វស្លាបទឹកកម្រជាច្រើនប្រភេទ ដែលទាញជាប្រយោជន៍បម្រើដល់វិស័យទេសចរណ៍ដ៏ទាក់ទាញសម្រាប់ខេត្តព្រៃវែងផងដែរ។

តំបន់ដីសើមបឹងស្នេហ៍ ជាជម្រកប្រភេទសត្វស្លាបជាច្រើនប្រភេទ ពិសេសសត្វស្លាបមួយចំនួនជិតផុតពូជ ដែលកំពុងរងការគំរាមកំហែងនៅលើពិភពលោកដូចជា ស្មោញ ទុងប្រផេះ រនាលណ៍ ត្រយ៉ងខ្លួនស ត្រដក់តូច ពិសេសចង្កៀលខ្យង ដែលកំពុងបន្តពូជពងកូនរាប់ពាន់កល្បាល នៅចំណុចទួលព័ន្ធតាឡី (ក្នុងតំបន់ដីសើមបឹងស្នេហ៍)៕

LEAVE A REPLY

Please enter your comment!
Please enter your name here