រដ្ឋបាលខេត្តកោះកុងសម្រេចមោឃៈភាពលើការទិញ-លក់ដី ក្នុងតំបន់ការពារធម្មជាតិ

0

ដោយ ៖ វុត្ថា

កោះកុង ៖ រដ្ឋបាលខេត្តកោះកុង ចាត់ទុកជាមោឃៈភាព និងបដិសេធចោលរាល់ការទិញ-លក់ដី ក្នុងតំបន់ការពារធម្មជាតិ តំបន់សហគមន៍ និងក្នុងតំបន់គម្របព្រៃឈើ ខណៈរដ្ឋបាលខេត្តមើលឃើញពីសកម្មភាពទិញ-លក់យ៉ាងណាអធិបតេយ្យ នៅក្នុងតំបន់មួយចំនួនរបស់ខេត្ត និងមិនមានការចូលរួមត្រួតពិនិត្យត្រឹមត្រូវពីអាជ្ញាធរពាក់ព័ន្ធ។​

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកោះកុងចេញផ្សាយនៅពញរឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០នេះ បានឱ្យដឹងថា ថ្មីៗនេះ នៅតាមបណ្តាភូមិ ឃុំមួយចំនួន ជាពិសេសនៅក្នុងស្រុកបូទុមសាគរ ស្រុកកោះកុង ស្រុកគិរីសាគរ ស្រុកថ្មបាំង និងតាមតំបន់មួយចំនួនទៀត មានការទិញ-លក់ដីក្នុងតំបន់ការពារធម្មជាតិ តំបន់សហគមន៍ និងក្នុងតំបន់ព្រៃឈើយ៉ាងអណាធិបតេយ្យ។

សេចក្តីជូនដំណឹងដដែលបានបន្តទៀតថា “ការទិញ-ដីធ្លីដោយមិនមានការចូលរួមត្រួតពិនិត្យ និងវាស់វែងត្រឹមត្រូវរបស់មន្ត្រីពាក់ព័ន្ធនឹងមន្ត្រីភូមិបាលនៃរដ្ឋបាលក្រុង ស្រុក ដោយគ្រាន់តែផ្តិតមេដៃរវាងអ្នកលក់ និងអ្នកទិញយ៉ាងនេះគឺជាទង្វើមិនស្របច្បាប់”។

សេចក្តីជូនដំណឹងដដែលបានបញ្ជាក់ថា រដ្ឋបាលខេត្តកោះកុង រដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ នឹងចាត់ទុកជាមោឃៈភាព និងបដិសេធចោលនូវរាល់ការទិញ-លក់ដីធ្លីទាំងអស់ដែលពុំមានលក្ខណៈត្រឹមត្រូវតាមផ្លូវច្បាប់ និងត្រូវប្រឈមការផ្តន្ទាទោសទៅតុលាការតាមផ្លូវច្បាប់។

រដ្ឋបាលខេត្តបញ្ជាក់ទៀថា ដើម្បីចៀសវាងនូវទង្វើខុសច្បាប់ និងការខាតបង់ប្រយោជន៍ពីការលក់-ទិញដីធ្លីនេះ សូមសាធារណជន និងប្រជាពលរដ្ឋទាំងអស់ បញ្ឈប់ជាបន្ទាន់នូវការទិញ-លក់ដីធ្លីមិនស្របតាមផ្លូវច្បាប់បែបនេះ។

ពាក់ព័ន្ធទៅនឹងបញ្ហានៃការកាប់ទន្ទ្រានដីយកធ្វើជាកម្មសិទ្ធិ រួមជាមួយនឹងការចូលរួមខុបឃិតគ្នាពីសំណាក់អ្នកមានធនធាន និងអ្នកមានអំណាចនៅតាមមូលដ្ឋានមួយចំនួនបានកើតមានស្ទើរគ្រប់ខេត្តក្រុង ជាក់ស្ដែងដូចជាករណី ដែលទើបតែកើតមាននៅក្នុងខេត្តបាត់ដំបង រវាងលោកឧកញ៉ាម្នាក់ និងអភិបាលរងខេត្ត ដែលរាជរដ្ឋាភិបាលបានចាត់ការតាមនីតិវិធីច្បាប់យ៉ាងតឹងរឹង ស្របតាមការដាក់ចេញនូវវិធានការរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here