ដោយវុត្ថា
ភ្នំពេញៈប្រធានសមាគមនភ្នាក់ងារ និងវាយតម្លៃអចលនវត្ថុកម្ពុជាបានមើលឃើញពីឱកាសវិនិយោគលើវិស័យអចលនទ្រព្យ និងការអភិវឌ្ឍគម្រោងផ្សេងៗ នៅតំបន់កោះរ៉ុង បន្ទាប់ក្រុមហ៊ុន Royal Group របស់អ្នកឧកញ៉ាគិត ម៉េង បានចុះហត្ថលេខាជាមួយក្រុមហ៊ុនចិនអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅក្នុងតំបន់កោះនេះ។

លោកច្រឹក សុខនីម ប្រធានសមាគមនភ្នាក់ងារ និងវាយតម្លៃអចលនវត្ថុកម្ពុជាបានប្រាប់គេហទំព័រPropertyarea.asia នៅថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២០នេះ ឱ្យដឹងថា បន្ទាប់មានការចុះហត្ថលេខារវាងក្រុមហ៊ុន Royal Group និងក្រុមហ៊ុនចិនអភិវឌ្ឍន៍នៅតំបន់កោះរ៉ុងកាលពីពេលថ្មីៗនេះ គឹជាឱ្យឱកាសថ្មីមួយទៀត សម្រាប់វិនិយោគលើវិស័យអចលនទ្រព្យនៅទីនោះ។
លោកបន្តថា “តំបន់កោះរ៉ុងនាពេលបច្ចុប្បន្ននេះ ត្រូវបានគេអភិឌ្ឍន៍ឱ្យមានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ល្អ ដែលទើបត្រូវបានចុះអនុស្សារណៈថ្មីៗនេះ រវាងក្រុមហ៊ុនពីរកន្លងមកនេះ ហើយតំបន់នេះ នឹងក្លាយជាតំបន់សម្រាកលម្ហែកាយ ដ៏ទាក់ទាញបន្ថែមទៀត សម្រាប់ភ្ញៀវទេសចរនៅរៀងរាសល់ចុងសប្តាហ៍នីមួយៗ”។
លោកបន្ថែមថា តំបន់កោះរ៉ុងបច្ចុប្បន្នមានឆ្នេរច្រើន និងកោះក៏ច្រើនដែរ ដែលមានទេសភាពស្រស់ស្អាត ហើយនេះនឹងឆ្លុះបញ្ចាំងពីការទាក់ទាញ គម្រោងវិនិយោគលើវិស័យអចលនទ្រព្យ ទៅកាន់ទីនោះជាពិសេសនៅតំបន់កោះរ៉ុងនេះ ហើយនឹងបន្តទាក់ទាញគម្រោងវិនិយោគបន្តិចម្តងៗចាប់ពីពេលនេះតទៅមុខ។
ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបកោះរ៉ុង និងក្រុមហ៊ុន ស៊ីណូ ហៃដ្រូ កាលពីពេលថ្មីៗនេះ បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងសាងសង់ផ្លូវបេតុងប្រវែង៧០គីឡូម៉ែត្រ ទទឹង៨ម៉ែត្រ នៅលើតំបន់អភិវឌ្ឍន៍កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ក្រោមទុនវិនិយោគ៣៥លានដុល្លារអាមេរិក។
អភិបាលខេត្ដព្រះសីហនុ លោកគួច ចំរើនបានថ្លែងថា ការចុះហត្ថលេខា លើកិច្ចព្រមព្រៀងសាងសង់ផ្លូវបេតុងប្រវែង៧០គីឡូម៉ែត្រ នៅថ្ងៃនេះរវាងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបកោះរ៉ុង ឌីវេឡុបមេនខមភេនី និងនិងក្រុមហ៊ុនស៊ីណូ ហៃដ្រូខនស្ដ្រាក់សិន នឹងចូលចំណែកអភិវឌ្ឍកោះរ៉ុង ដើម្បីបង្កើនភាពទាក់ទាញបន្ថែមទៀត។
លោកបានថ្លែងថា “ក្រុមហ៊ុនស៊ីណូហៃដ្រូ ខនស្ដ្រាក់សិននឹងត្រូវការបទពិសោធន៍ពីរដ្ឋបាលខេត្ត ដែលសាងសង់ហេដ្ឋារចនាសម្ព័ន្ធលើនៅក្រុងព្រះសីហនុ ដើម្បីជំរុញការសាងសង់ផ្លូវនៅលើកោះរ៉ុង ហើយការសាងសង់ផ្លូវបេតុងប្រវែង៧០គីឡូម៉ែត្រ នឹងចំណាយពេល១៦ខែដើម្បីបញ្ចប់”៕






