ដោយៈ រ៉ាណេត
មណ្ឌលគីរីៈ ក្រុមហ៊ុនចំនួន២ ក្នុងចំណោម១០ដែលទទួលបានអាជ្ញាប័ណ្ណសិក្សា និងរុករករ៉ែមាសនៅក្នុងខេត្តមណ្ឌលគីរី កាលពីពេលកន្លងទៅនោះបានបង្ហើបប្រាប់ថា យ៉ាងយូរនៅត្រឹមចុងឆ្នាំ២០២០ ឬដើមឆ្នាំ២០២១ លទ្ធភាពនៃការយកធនធានរ៉ែមាសនឹងត្រូវទទួលបានយ៉ាងប្រាកដ។

លោកអភិបាលខេត្តមណ្ឌលគីរី លោក ស្វាយ សំអ៊ាង បានមានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មាន នៅទីស្ដីការគណរដ្ឋមន្ត្រីកាលពីព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា សម្រាប់ធនធានរ៉ែមាសនៅក្នុងខេត្តមណ្ឌលគីរី ដែលមានក្រុមហ៊ុនជាតិនិងអន្តរជាតិជាច្រើនកំពុងសិក្សា នឹងត្រូវបង្ហាញលទ្ធផល និងអាចទាញយកបាននៅត្រឹមចុងឆ្នាំ២០២០ ឬយ៉ាងយូរនៅដើមឆ្នាំ២០២១។
លោកបានបញ្ជាក់ថា “នៅក្នុងចំណោមក្រុមហ៊ុនចំនួន១០ ដែលទទួលបានអជ្ញារបណ្ណក្នុងការសិក្សា និងរុករករ៉ែមាស មានក្រុមហ៊ុនអន្តរជាតិចំនួន២ ដែលអាចមានលទ្ធភាពក្នុងយកយលរ៉ែមាស រួមមានក្រុមហ៊ុន រឺនីសង់ របស់ប្រទេសអូស្ដ្រាលី និងក្រុមហ៊ុន រ៉ុងឆេង របស់ប្រទេសចិន ខណៈដែលបច្ចុប្បន្នក្រុមហ៊ុនទាំងនេះកំពុងតែរៀបចំខ្សែសង្វាក់ផលិតកម្មរបស់ខ្លួនយ៉ាងយកចិត្តទុកដាក់ និងប្រកបដោយសុវត្ថិភាពខ្ពស់”។
នៅខេត្តមណ្ឌលគិរី មានសក្ដានុពលរ៉ែ មានរ៉ែច្រើនប្រភេទដូចជា រ៉ែមាស សំណរ បុកស៊ីត។ល។ រហូតមកដល់បច្ចុប្បន្ននេះ មានក្រុមហ៊ុនសិក្សាជំរករ៉ែចំនួន ១០ក្រុមហ៊ុន ស្មើនឹង១១អាជ្ញាប័ណ្ណ។ តាមរយៈក្រុមហ៊ុនដែលកំពុងមានវត្តមាន និងដំណើរការរុករករ៉ែមាសទាំងអស់នេះ បាននាំមកនូវចំណូលដល់សេដ្ឋកិច្ចជាតិ និងនៅក្នុងតំបន់តាមរយៈការចូលរួមចំណែកអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវថ្នល់ ស្ពាន អណ្ដូងទឹក ការជីកប្រឡាយរំដោះទឹកភ្លៀង ដែលជាការជួយដោះស្រាយបញ្ហា នៅតាមមូលដ្ឋានមួយចំនួនផងដែរ៕






