រដ្ឋមន្ត្រីក្រសួងសាធារណការ ៖ កម្ពុជាទទួលបានអ្នកដំណើរជិត២លាននាក់ ធ្លាក់ចុះ៦៨ភាគរយ ក្នុងរយៈ ៦ខែឆ្នាំនេះ

0

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអះអាងថា នៅក្នុងរយៈពេល៦ខែនៅឆ្នាំ២០២០នេះ កម្ពុជា ទទួលបានអ្នកដំណើរចំនួន ១,៩៥ លាននាក់ ធ្លាក់ចុះ៦៨ភាគរយ និងទំនិញចំនួន២៥.០០០ តោន ធ្លាក់ចុះ៣០ភាគរយ ប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩។

លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍បែបនេះ នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន-ចិន តាមរយៈវីដេអូពីចម្ងាយទាក់ទងនឹងវិធានការប្រយុទ្ធប្រឆាំងមេរោគកូវីដ១៩ក្នុងវិស័យដឹកជញ្ជូន (the ASEAN-CHINA Transport Ministers’ meeting on COVID-19) កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ ២០២០ ម្សិលមិញនេះ។

លោកទេសរដ្ឋមន្ត្រីបន្តថា មិនត្រឹមតែកម្ពុជាទទួលរងនូវផលប៉ះពាល់នោះទេ ជំងឺ Covid-19 បានជះឥទ្ធិពលអវិជ្ជមានដល់វិស័យដឹកជញ្ជូនទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាសនៅទូទាំងពិភពលោក និងធ្វើឱ្យវិស័យនេះមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់ ។

លោកបន្តថា ផលិតផលក្នុងស្រុកសរុបរបស់កម្ពុជាត្រូវបានគេប៉ាន់ប្រមាណថាមានកំណើនអវិជ្ជមាន ៥,៥ភាគរយ នៅឆ្នាំនេះធៀបនឹងកំណើនវិជ្ជមានជាមធ្យម៧ភាគរយក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ ហើយវិស័យដែលរងផលប៉ះពាល់ច្រើនជាងគេគឺវិស័យទេសចរណ៍ និងវិស័យកាត់ដេរ។ ស្របពេលជាមួយគ្នានេះដែរ រាជរដ្ឋាភិបាលកម្ពុជាបានចាត់វិធានការមួយចំនួនដើម្បីជំរុញសេដ្ឋកិច្ច និងគាំទ្រដល់វិស័យឯកជនក្នុងកំឡុងពេលមានជំងឺរាតត្បាតនេះ ក្នុងនោះរួមមានការបង្កើតកម្មវិធីសង្គម ផ្សេងៗជាច្រើនដើម្បីចូលរួមកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋដែលងាយរងគ្រោះបំផុត ហើយរំពឹងថាអត្រាកំណើនផលិតផលក្នុងស្រុកសរុបនឹងកើនឡើងដល់ប្រហែល៥ភាគរយនៅឆ្នាំក្រោយ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បន្ថែមថា ទោះបីជាមានឥទ្ធិពលអវិជ្ជមានពីមេរោគ Covid-19 ទៅលើសេដ្ឋកិច្ចរបស់កម្ពុជាក៏ដោយ ក៏រាជរដ្ឋាភិបាលនៅតែបន្តកសាងហេដ្ឋារចនាសម្ព័ន្ធដើម្បីជួយអភិវឌ្ឍសេដ្ឋកិច្ចសង្គម កាត់បន្ថយថ្លៃដើមនៃការដឹកជញ្ជូន និងភស្តុភារកម្មផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here