ដោយវុត្ថា
ភ្នំពេញៈ របាយការណ៍ចុងក្រោយរបស់អគ្គនាយកដ្ឋាន អន្ដោប្រវេសន៍កម្ពុជា បានបង្ហាញថា មកទល់ពេលនេះមានជនបរទេស ដែលស្នាក់នៅក្នុងប្រទេសកម្ពុជា បានចុះបញ្ជីតាមប្រព័ន្ធព័ត៌មានវិទ្យាមានជាង១៦ម៉ឺននាក់ ប៉ុន្ដែវត្តមានជាក់ស្តែង មានជនបរទេសស្នាក់នៅកម្ពុជាមានជាង១១ម៉ឺននាក់ប៉ុណ្ណោះ។

លោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅឆមាសទី២ ឆ្នាំ២០២០បានឲ្យដឹងថា រយៈពេល៦ខែឆ្នាំ២០២០នេះ មានបញ្ហាជំងឺកូវីដ-១៩ បានធ្វើឲ្យជនបរទេសមកកម្ពុជាមានការថយចុះ ហើយកម្ពុជាទទួលជនបរទេសជាង១លាននាក់ បើប្រៀបធៀបរយៈពេលដូចគ្នានេះ ឆ្នាំ២០១៩គឺទទួលបានជាង៣លាននាក់។
លោកថ្លែងថា “តាមប្រព័ន្ធព័ត៌មានវិទ្យា ដែលយើងបានបង្កើតឡើង ហើយយើងអនុញ្ញាតឲ្យម្ចាស់គោលដៅ និងម្ចាស់ទីតាំង ឬម្ចាស់លំនៅដ្ឋាន ឬអ្នកកាន់កាប់លំនៅដ្ឋាន នៅក្នុងព្រះរាជណាចក្រកម្ពុជា ចុះវត្តមានជនបរទេសស្នាក់នៅលំនៅដ្ឋានរបស់ខ្លួន”។លោកបន្តថា “មកដល់ម៉ោងនេះ យើងទទួលបានជាង១៦ម៉ឺននាក់ ដែលបានចុះបញ្ជីនៅក្នុងប្រព័ន្ធយើង ប៉ុន្ដែប្រព័ន្ធក៏បានបញ្ជាក់ថាវត្តមានជាក់ស្ដែង ប្រហែលជាង១១ម៉ឺននាក់ប៉ុណ្ណោះ”។
លោកបបន្ថែមថា ប្រព័ន្ធព័ត៌មានវិទ្យាកំពុងតែតាមដានបន្ដទៀត ចំពោះជនបរទេសស្នាក់នៅកម្ពុជា ដូច្នេះជនបរទេសអាច នឹងមានការកើនឡើងបន្ថែមទៀត ដោយសារតែអគ្គនាយកដ្ឋានអន្ដោប្រវរសន៍ បានប្រកាសដាក់ឲ្យប្រើប្រាស់កម្មវិធីប្រព័ន្ធព័ត៌មានវិទ្យានេះ។
លោកបន្តថា ការចុះបញ្ជីជនបទេសតាមប្រព័ន្ធព័ត៌មានវិទ្យា នឹងកាន់តែល្អបន្ថែមទៀត ព្រោះការងារនេះក៏ជាជំហានដំបូងនៅកម្ពុជា ហើយការងារនេះក៏បានជួបបញ្ហាមួយចំនួនផងដែរ។ លោក៏បានស្នើ ដល់ម្ចាស់ទីតាំង ម្ចាស់លំនៅដ្ឋាន ម្ចាស់អគារ ជាដើម ត្រូវចូលរួមទាំងអស់គ្នា ដើម្បីឲ្យទទួលបានការងារប្រកបដោយប្រសិទ្ធភាព តម្លាភាព ព្រោះការងារទាំងនេះក៏បានកំណត់ដោយច្បាប់ផងដែរ។

លោកបគៀត ច័ន្ទថារិទ្ធ បញ្ជាក់ឡើងថា ប្រសិនបើមានម្ចាស់ទីតាំងណាមួយឲ្យជនបរទេសស្នាក់នៅ ហើយមិនសហការជាមួយសមត្ថកិច្ច នោះម្ចាស់ទីតាំងនឹងទទួលពិន័យតាមផ្លូវច្បាប់។
យោងតាមរបាយការណ៍លទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២០របស់អគ្គនាយកដ្ឋានអន្ដោប្រវេសន៍បានឲ្យដឹងថា ជាទូទៅនៅលើពិភពលោក ចំពោះការរាតត្បាតនៃជំងឺរីកូរីដ-១៩ បានធ្វើឲ្យអាជ្ញាធរគ្រប់ប្រទេស ផ្អាកជាបណ្ដោះអាសន្នការចរាចរឆ្លងដែន ទាំងផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក ចាប់ពីខែមីនាមក បណ្ដាលឲ្យភ្ញៀវបរទេសចូលកម្ពុជាមានការថយចុះយ៉ាងគំហុក។
ជាក់ស្តែងក្នុងឆមាសទី១នេះ ភ្ញៀវថយចុះ៥៥,៦៨% ប្រៀបធៀបទៅឆមាសទី១ ឆ្នាំ២០១៩ ក្នុងនោះ ភ្ញៀវទេសចរថយចុះ៥៣,៨៦% អ្នកជំនួញ៦៦,១០%។ ជាមួយនោះ ប្រជាពលរដ្ឋខ្មែរដែលធ្វើដំណើរចេញទៅ បរទេសថយចុះ៦២,១៦% និងពលករខ្មែរទៅធ្វើការខុសច្បាប់នៅក្រៅប្រទេស ដែលត្រូវបានអាជ្ញាធរបរទេសចាប់បញ្ជូនមកវិញ ក៏ថយចុះ ៦០,៣៩%៕






