ដោយ ៖ រ៉ាណេត
កំពង់ចាមៈ ស្ពានមិត្តភាពកម្ពុជា ចិន ឆ្លងកាត់ទន្លេមេគង្គរវាងស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម និងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ សម្រេចបានប្រមាណជិត៩០ភាគរយហើយ នៅឡើយតែភ្ជាប់ផ្នែកកណ្តាលនៃតួស្ពានតែប៉ុណ្ណោះ។

អភិបាលរងខេត្តកំពង់ចាម លោក កែវ នាឬទ្ធិ បានប្រាប់ឱ្យដឹងថា គិតត្រឹមថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ សំណង់ស្ពានមិត្តកម្ពុជា – ចិន ឆ្លងកាត់ទន្លេមេគង្គ តភ្ជាប់រវាងស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម និងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដែលប្រើប្រាស់ថវិកាហិរញ្ញប្បទានរបស់សាធារណរដ្ឋប្រជាមានិតចិន សម្រេចបានសម្រេចបានជិត៩០ភាគរយ ហើយគ្រោងនឹងបញ្ចប់នៅត្រឹមដើមឆ្នាំ២០២១ខាងមុខនេះ។
ស្ពាននេះមានប្រវែងសរុប១១៣១ម៉ែត្រ និងទទឹង១៣.៥០ម៉ែត្រ មានកម្ពស់ពីផ្ទៃទឹក១៥ម៉ែត្រ ចំណាយថវិកាសរុបប្រមាណ៥៧លានដុល្លារ និងបានចាប់ផ្ដើមដំណើរការសាងសង់នៅក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា។

លោកបន្តថា ស្ពានឆ្លងកាត់ទន្លេមេគង្គនេះ នៅត្រើយខាងលិចស្ថិតនៅក្នុងភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដែលមានផ្លូវតភ្ជាប់ពីក្បាលស្ពាន ត្រូវបានពង្រីកធំទូលាយក្រាលកៅស៊ូ និងមានរង្វង់មូលតភ្ជាប់ដោយផ្លូវខ្វាត់ខ្វែងទៀតផង។ អាជ្ញាធរខេត្ត កំពុងតែយកចិត្តទុកដាក់ បានចុះដោះស្រាយពីផលប៉ះពាល់នានា នៅតាមដងផ្លូវ ជាមួយនឹងប្រជាពលរដ្ឋរួចរាល់ និងផ្លូវត្រូវពង្រីកឱ្យធំជាងមុន តភ្ជាប់មកផ្លូវលេខ៧១ រហូតដល់ស្រុកចំការលើ។
តាមរយៈវត្តមាននៃស្ពានមួយនេះ បានដើរតួយ៉ាងសំខាន់ក្នុងនាមជាដង្ហើមសេដ្ឋកិច្ចមួយរវាងខេត្តកំពង់ចាម និងត្បូងឃ្មុំ ក្នុងការដឹកកសិផល និងវិស័យផ្សេងៗ ឆ្លងកាត់ពីតំបន់មួយទៅតំបន់មួយកាន់តែប្រសើរឡើង ដោយក្នុងនោះប្រជាពលរដ្ឋដែលរស់នៅខេត្តស្ទឹងត្រែង និងខេត្តក្រចេះ ក៏អាចដឹកទំនិញឆ្លងកាត់ស្ពានមិត្តភាពកម្ពុជា-ចិននេះបែងចែកទៅតាមបណ្តាខេត្តដទៃទៀត ក៏ដូចជាឆ្ពោះមកកាន់រាជធានីភ្នំពេញ បានយ៉ាងស្រួល៕






