ដោយវុត្ថា
ភ្នំពេញៈ រាជធានីខេត្តចំនួន៣របស់កម្ពុជារួមមានរាជធានីភ្នំពេញខេត្តបាត់ដំបងនិងខេត្តសៀមរាបត្រូវបានជ្រើសរើសជាសមាជិកនៃបណ្តាញទីក្រុងឆ្លាតអាស៊ានហើយរាជធានីខេត្តទាំងបីមានវឌ្ឍភាពជាបន្តបន្ទាប់ប៉ុន្តែក៏មានបញ្ហាប្រឈមមួយចំនួនផងដែរហើយក៏មានផែនការសកម្មភាពមួយចំនួនក៏កំពុងត្រូវបានត្រួតពិនិត្យនិងកែសម្រួល។

ក្នុងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៣ នៃបណ្ដាញទីក្រុងឆ្លាតអាស៊ាននៅថ្ងៃទី១៧ខែកក្កដា ឆ្នាំ ២០២០នេះ លោក ងី ច័ន្ទ្រផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃបានឱ្យដឹងថា ចក្ខុវិស័យនៃផែនការសកម្មភាព នៃបណ្តាញទីក្រុងឆ្លាតរបស់រាជធានីភ្នំពេញ គឺដើម្បីពង្រឹងបរិស្ថានទីក្រុង ក្នុងការលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋ។
លោកបន្តថា “ខេត្តបាត់ដំបង គឺដើម្បីទទួលបាននូវទំនួលខុសត្រូវសង្គម បរិស្ថានស្អាត ដោយរក្សាបាននូវលក្ខណៈពិសេសរបស់ខេត្ត ហើយសម្រាប់ខេត្តសៀមរាប គឺធ្វើឲ្យខេត្តនេះ ក្លាយជាទិសដៅទេសចរណ៍ដែលមានភាពស្រស់ស្អាត មានលក្ខណៈពិសេស និងបង្ហាញពីភាពសុខដុមរមនីយនៃវប្បធម៌ខ្មែរ”។
លោក Pham Hong Ha រដ្ឋមន្ត្រីក្រសួងសំណង់ នៃសាធារណរដ្ឋសង្គមនិយមវៀតណាមបានឱ្យដឹងថា ការរីករាលដាលនៃជំងឺកូវីដ–១៩បានជះឥទ្ធិពលអវិជ្ជមាននិងផ្ដល់ផលប៉ះពាល់ដល់ការអភិវឌ្ឍសង្គមសម្រាប់ប្រទេសជាច្រើនរួមទាំងប្រទេសដែលជាសមាជិកអាស៊ានផងដែរប៉ុន្តែនេះជាឱកាសមួយក្នុងការផ្ដោតការយកចិត្តទុកដាក់រិះរកមធ្យោបាយនិងសកម្មភាពផ្សេងៗក្នុងការដោះស្រាយបញ្ហាប្រឈមទាំងឡាយឲ្យមានប្រសិទ្ធភាព។
លោកបន្តថា “កិច្ចប្រជុំតាមប្រព័ន្ធអនឡាញថ្ងៃនេះ ជាសក្ខីភាពមួយក្នុងការដោះស្រាយ និងប្រឈមមុខទៅនឹងបញ្ហានៃការរីករាលដាលជំងឺកូវីដ–១៩”។
លោកបញ្ជាក់ថា បណ្ដាញទីក្រុងឆ្លាតរបស់អាស៊ាន ត្រូវបានបង្កើតឡើងក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣២ នាឆ្នាំ២០១៨ ដើម្បីបង្កើតឡើងនូវវេទិកាមួយសម្រាប់សហការ និងសម្រេចនូវគោលដៅរួមនៃទីក្រុងឆ្លាត និងប្រកបដោយចីរភាព។

លោកDato Lim Jock Hoi អគ្គលេខាធិការអាស៊ាន បានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការមានសារៈសំខាន់ណាស់ ក្នុងដំណាក់កាលនៃវិបត្តិសេដ្ឋកិច្ចសកលនេះ និងសម្រាប់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)ទាំងមូលនាពេលអនាគត។
លោកបន្តថា ការរីករាលដាលនៃជំងឺកូវីដ–១៩ ក៏បានជះឥទ្ធិពលដល់បណ្តាញទីក្រុងឆ្លាតរបស់យើងផងដែរ ហេតុដូចនេះ វាពិតជាចាំបាច់ដែលយើងត្រូវពង្រឹង ភាពជាដៃគូទីក្រុងឆ្លាតទាំងនៅក្នុង និងក្រៅតំបន់។ ប្រមូលចំណេះដឹង ជំនាញផ្នែកបច្ចេកវិទ្យាឌីជីថល សំយោគនូវកិច្ចខិតខំប្រឹងប្រែង របស់បណ្ដាញទីក្រុងឆ្លាតអាស៊ាន ទៅលើប្រព័ន្ធឌីជីថល និងផ្នែកពាក់ព័ន្ធនានានិងការយោគយល់គ្នា ក៏ដូចជាការសហការគ្នាកាន់តែជិតស្និទ្ធ រវាងវិស័យសាធារណៈ និងវិស័យឯកជន ក្នុងការពង្រីកនូវសក្ដានុពល និងឱកាសផ្សេងៗរបស់បណ្តាញទីក្រុងឆ្លាតអាស៊ាន៕






