ស្ថានីយបញ្ជូនអគ្គិសនីទី១ ខេត្តរតនៈគីរី ត្រូវបានបើកដាក់ឱ្យដំណើរការ

0

ដោយ ៖ រ៉ាណេត

រតនៈគីរី ៖ អនុស្ថានីយទី១ប្រចាំនៅក្នុងខេត្តរតនៈគីរី បញ្ជូនខ្សែរងប្រវែង១៥០គីឡូម៉ែត្រ ជាមួយកម្រិតតង់ស្យុង ៣៥គីឡូវ៉ុលថ្មី ត្រូវបានដាក់ឱ្យដំណើរការបណ្តោះអាសន្នមុនពេលខ្សែបញ្ជូន ២៣០គីឡូវ៉ុល ពីខេត្តក្រចេះទៅមណ្ឌលគីរី ដែលនឹងដាក់ដំណើរការនៅត្រឹមចុងឆ្នាំ២០២០នេះ។

តាមរយៈការឱ្យដឹងពីលោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា បានប្រាប់បណ្តាញសារព័ត៌មាននៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០នេះថា អគ្គិសនីកម្ពុជា ទើបតែទទួលបានសមិទ្ធផលថ្មីមួយបន្ថែមទៀត គឺការដាក់ឱ្យដំណើរការខ្សែបញ្ជូនរង១៥០គីឡូម៉ែត្រ តង់ស្យុង៣៥គីឡូវ៉ុលថ្មី ភ្ជាប់ពីខេត្តរតនគិរី និងមណ្ឌលគិរី។

លោកបញ្ជាក់ថា “ក្រោយពីខេត្តរតនគិរី បានភ្ជាប់បញ្ចូលមកក្នុងប្រព័ន្ធជាតិបញ្ជូនអគ្គិសនី កាលពីថ្ងៃទី២ ខែកក្កដា, អគ្គិសនីកម្ពុជា នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ បានដាក់ឱ្យដំណើរការខ្សែបញ្ជូនរង១៥០គីឡូម៉ែត្រ តង់ស្យុង៣៥គីឡូវ៉ុល បញ្ជូនទៅជួយផ្គត់ផ្គង់នៅខេត្តមណ្ឌលគិរីជាបណ្តោះអាសន្ន មុនពេលដែលខ្សែបញ្ជូន២៣០គីឡូវ៉ុល ពីក្រចេះទៅមណ្ឌលគិរី នឹងបញ្ចប់ការសាងសង់ និងដាក់ឲ្យដំណើរការនៅចុងឆ្នាំនេះ។ បច្ចុប្បន្នការផ្គត់ផ្គង់នៅខេត្តមណ្ឌលគិរី បានយកប្រភពអគ្គិសនី មកពីប្រទេសវៀតណាម រួមជាមួយប្រភពវារីអគ្គិសនីខ្នាតតូច ដែលជាជំនួយពីរដ្ឋាភិបាលជប៉ុនក្នុងខេត្ត”។

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក កែវ រតនៈ បានបញ្ជាក់ថា មន្ត្រីជាន់ខ្ពស់ដែលជាថ្នាក់ដឹកនាំក្រសួងរ៉ែ និងថាមពល បានចូលរួមជាអថិបតីជាមួយអគ្គិសនីកម្ពុជា គឺលោក អ៉ិត ប្រាំង រដ្ឋលេខាធិការ និងលោក វិចទ័រ ហ្សូនា អគ្គនាយកនៃអគ្គនាយកដ្ឋានថាមពល បានចូលរួមពិនិត្យ និងដាក់ឲ្យដំណើរការខ្សែបញ្ជូន៣៥គីឡូវ៉ុលនេះ ដោយភាពជោគជ័យ ហើយសង្ឃឹមថា ការផ្គត់ផ្គង់បណ្តោះអាសន្ននេះ នឹងកាត់បន្ថយនៃការនាំចូលថាមពលអគ្គិសនីពីប្រទេសវៀតណាម ខណៈដែលខ្សែបញ្ជូនរងថ្មី ចាប់ផ្ដើមផ្គត់ផ្គង់អគ្គិសនីតាមដងផ្លូវបានប្រសើរជាងមុន និងមានទំហំកម្លាំងអគ្គិសនីធំជាងមុន៕

LEAVE A REPLY

Please enter your comment!
Please enter your name here