វិនិយោគិនហុងកុងគ្រោងរៀបចំឱ្យមានទីក្រុងរណបថ្មីមួយនៅកម្ពុជា

0

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ អភិបាលខេត្តកំពង់ស្ពឺ បានអះអាងថា វិនិយោគិនហុងកុងមួយក្រុមគ្រោងចូលរួមវិនិយោគ និងរៀបចំឱ្យមានទីក្រុងរណបថ្មីមួយនៅកម្ពុជា ដោយជ្រើសយកខេត្តកំពង់ស្ពឺធ្វើជាទីតាំងវិនិយោគ ខណៈដែលខេត្តមួយនេះ មានសក្តានុពលសេដ្ឋកិច្ច និងមានរោងចក្រសហគ្រាសច្រើនចូលទៅវិនិយោគនៅក្នុងខេត្តមួយនេះ។

លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅក្នុងសន្និសីទសារព័ត៌មានស្តីពីវឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តកំពង់ស្ពឺនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០នេះ ឱ្យដឹងថា លោកបានទាក់ទងទៅវិនិយោគិនហុងកុងមួយក្រុមដែលមានបំណងរៀបចំឱ្យមានទីក្រុងរណបនៅក្នុងខេត្តកំពង់ស្ពឺ។

លោកបន្តថា “យើងកំពុងបង្ហាញពីសក្តានុពលរបស់ខេត្តកំពង់ស្ពឺឱ្យវិនិយោគិនទាំងនៅក្នុងស្រុក និងក្រៅស្រុកឱ្យចូលមកវិនិយោគលើវិស័យអចលនទ្រព្យនៅក្នុងខេត្ត ពាក់ព័ន្ធនឹងភូមិសាស្ត្រ សន្តិសុខ សណ្តាប់ធ្នាប់ និងមានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ជាតិច្រើនជាដើម”។

លោកបន្ថែមថា “បច្ចុប្បន្ននេះ វិនិយោគិនហុងកុងបានចាប់អារម្មណ៍ និងកំពុងតែរៀបចំធ្វើហើយ តែខ្ញុំសុំបញ្ជាក់ថា ខ្ញុំមិនប្រាប់ទីតាំងនោះទេ ព្រោះខ្លាចធ្វើឱ្យដីនៅតំបន់នោះឡើងថ្លៃ ដែលមិនអាចឱ្យខាងក្រុមហ៊ុនទិញសម្រាប់ធ្វើការវិនិយោគបាន” ។

លោកបន្ថែមទៀថា ក្រៅពីនេះ ក៏មានក្រុមហ៊ុននៅក្នុងស្រុកជាច្រើនបាននឹងកំពុងទាក់ទងទៅរដ្ឋបាលខេត្តដើម្បីវិនិយោគលើវិស័យអចលនទ្រព្យនៅក្នុងខេត្តផងដែរ តែដោយសារតែបញ្ហាជំងឺកូវីដ១៩ បានធ្វើឱ្យមានស្ថានភាពទ្រឹងក្នុងអំឡុងពេលនេះ ។

លោកអភិបាលខេត្តបន្ថែមថា សុខសន្តិភាពនៅក្នុងប្រទេសបានជំរុញឱ្យវិស័យផ្សេងៗ ជាពិសេសវិស័យអចលនទ្រព្យនៅក្នុងខេត្តកំពង់ស្ពឺមានការរីកចំរើន ហើយកាលពីពេលថ្មីនេះ ខេត្តទើបតែសម្ពោធដាក់ឱ្យដំណើរគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងអចលនទ្រព្យរបស់ក្រុមហ៊ុនមួយនៅស្រុកគងពិសីនៃខេត្តកំពង់ស្ពឺ ។

លោកបញ្ជាក់ទៀតថា សម្រាប់ខេត្តកកំពង់ស្ពឺ ស្វាគមន៍វិនិយោគិនពីគ្រប់ជនជាតិទាំងអស់ ដើម្បីជំរុញឱ្យសេដ្ឋកិច្ច និងជីវភាពរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តកាន់តែរីកចំរើន តាមរយៈទៅធ្វើជាកម្មករ និងបំរើការផ្សេងៗ ហើយកាលពីពេលថ្មីៗនេះ រដ្ឋបាលខេត្តទើបចុះហត្ថលេខាឱ្យមានការបង្កើតរោងចក្រចំនួន ២ថ្មីបន្ថែមទៀត បើទោះបីកម្ពុជាក៏ដូចជាពិភពលោកប្រឈមទៅនឹងវិបត្តិជំងឺ Covid-19 យ៉ាងណាក្តី ។ លោកបញ្ជាក់ថា នេះ គឺដោយសារវិនិយោគិនមានភាពជឿជាក់នៃការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ៕

LEAVE A REPLY

Please enter your comment!
Please enter your name here