ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្ម បានលើកឡើងពីភាពប្រឈមមួយចំនួនដែលកំពុងកើតមាន ជាមួយនឹងការស្នើលើគម្រោងអាទិភាពចំនួនទៅដល់កិច្ចប្រជុំរវាងរដ្ឋាភិបាល និងឧស្សាហកម្មមេគង្គ-ជប៉ុន លើកទី១៣ ដើម្បីជួយសម្រួល និងអាចទទួលបានលទ្ធផលល្អប្រសើរសម្រាប់សេដ្ឋកិច្ចជាតិកម្ពុជា។

នៅក្នុងការចូលរួមកិច្ចប្រជុំពិគ្រោះយោបល់រវាងរដ្ឋាភិបាល និងឧស្សាហកម្មមេគង្គ-ជប៉ុន លើកទី១៣ កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ដែលដឹកនាំគណៈប្រតិភូកម្ពុជាដោយលោក សុខ សុភ័ក្ដ្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលនូវលទ្ធផលសំខាន់ៗមួយចំនួន ហើយក្នុងនោះកម្ពុជាក៏បានផ្តោតទៅលើគម្រោងអាទិភាពចំនួន៣ ដែលស្ថិតក្រោមផែនការចក្ខុវិស័យអភិវឌ្ឍន៍ឧស្សាហកម្មមេគង្គ ជំនាន់ទី២ (MIDV 2.0)។
តំណាងក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន (METI) បានបកស្រាយអំពីសារសំខាន់នៃផែនការចក្ខុវិស័យអភិវឌ្ឍន៍ឧស្សាហកម្មមេគង្គ ជំនាន់ទី២ (MIDV 2.0) ដែលមានសសរស្ដម្ភចំនួន ៣ រួមមាន ការតភ្ជាប់ នវានុវត្តន៍ឌីជីថល និងគោលដៅអភិវឌ្ឍន៍និរន្តរភាព។ តំណាង METI ក៏បានបញ្ជាក់ផងដែរថា ដើម្បីសម្រេចនូវគោលដៅនៃ MIDV 2.0 ប្រទេសមេគង្គត្រូវបានស្នើឲ្យលើកនូវគម្រោងអាទិភាពចំនួនបី ស្របទៅនឹងសសរស្ដម្ភទាំងបីរបស់ MIDV 2.0 ។ ជាមួយគ្នានេះ តំណាង METI បានលើកឡើននូវកម្មវិធីការងារ ដែលទាមទារនូវសហប្រតិបត្តិការនៃគម្រោងទាំងនេះ រយៈពេល ៤ ឆ្នាំ ពីឆ្នាំ២០២០ ដល់ ឆ្នាំ២០២៣ ក្នុងចំណោមប្រទេសមេគង្គ និងជប៉ុន។ ក្រុមការងារ WEC-WG នឹងពិភាក្សាបន្ថែមលើកម្មវិធីការងារនេះ ប្រសិនបើចាំបាច់។
ដោយឡែកសម្រាប់ ផែនការចក្ខុវិស័យអភិវឌ្ឍន៍ឧស្សាហកម្មមេគង្គ ជំនាន់ទី២ (MIDV 2.0) ប្រទេសមេគង្គបានលើកនូវគម្រោងអាទិភាពចំនួន ៣ រៀងៗខ្លួន។ សម្រាប់កម្ពុជា បានបង្ហាញនូវគម្រោងអាទិភាពចំនួន ៣ រួមមាន ទី១ ជំរុញពាណិជ្ជកម្មឆ្លងកាត់ព្រំដែនក្នុងប្រទេសមេគង្គ, ទី២ ជំនួយបច្ចេកទេស ស្រាវជ្រាវនិងការណែនាំសម្រាប់ពាណិជ្ជកម្មអេឡិចត្រូនិក និងសេដ្ឋកិច្ចឌីជីថល និង ទី៣ បរិស្ថានគាំទ្រអាជីវកម្មជាបរិយាប័ន្នក្នុងប្រទេសមេគង្គ។
លោក សុខ សុភ័ក្ត្រ បានបញ្ជាក់ថា ការអនុវត្តពាណិជ្ជកម្មឆ្លងកាត់ព្រំដែន កំពុងតែមានភាពប្រសើរឡើង ក៏ប៉ុន្ដែនៅតែមានឧបសគ្គមួយចំនួនគួរឲ្យកត់សម្គាល់។ ឯកឧត្តមបានជំរុញឲ្យប្រទេសមេគង្គគោរពនិងអនុវត្តតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មក្នុងតំបន់ និងស្នើឲ្យមានតម្លាភាពក្នុងការអនុវត្តបែបបទគយ ព្រមទាំងស្នើឲ្យមានយន្ដការផ្សេងៗដូចជា ប្រព័ន្ធបច្ចេកវិទ្យា ឬយន្តការ CBTAឬការធ្វើអនុស្សរណយោគយល់ក្នុងការសម្រួលការប្រតិបត្តិការគយ ដើម្បីងាយស្រួលដល់វិស័យក្នុងការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែន។
ជាមួយគ្នានេះលោកក៏បានស្នើឱ្យមានកិច្ចសហប្រតិបត្តិការពីភាគីថៃ លើការផ្ដល់សិទ្ធិចរាចរណ៍ឆ្លងកាត់ព្រំដែន ដល់យានយន្ដផ្សេងទៀត ក្រៅពីរថយន្ដក្រុង និងបើកផ្លូវចរាចរណ៍ឆ្លងកាត់ច្រកព្រំដែនបន្ថែមទៀត ក្រៅពីចក្រប៉ោយប៉ែត-Aranya Prathet។ សម្រាប់អង្គការ NEDO សូមពិនិត្យលទ្ធភាពជួយជ្រោមជ្រែងបន្ថែមទៀតដល់វិស័យថាមពលបៃតង (Green Energy) ក្នុងប្រទេសកម្ពុជា និងប្រទេសមេគង្គ។ ដោយឡែកភាគីជប៉ុន សូមជួយជំរុញការអនុវត្តពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក តាមរយៈការជួយបណ្ដុះបណ្ដាលសមត្ថភាពសហគ្រាសមីក្រូ ធុនតូច និងមធ្យម (MSMEs)។
កិច្ចប្រជុំរួមនៃកិច្ចពិគ្រោះយោបល់រវាងរដ្ឋាភិបាល និងឧស្សាហកម្មមេគង្គ-ជប៉ុនលើកទី១៣ និង the 1st Meeting of 2020 AMEICC Working Group on West-East Corridor Development (WEC-WG) ដែលបានប្រារព្ធធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅ ដោយមានការសម្របសម្រួលពីលេខាធិការដ្ឋាន AMEICC ដឹកនាំដោយលោក Sakayam Chidchob សហប្រធានអង្គប្រជុំ និងជារដ្ឋមន្ដ្រីដឹកជញ្ជូននៃប្រទេសថៃ តំណាងរាជរដ្ឋាភិបាលនិងវិស័យឯកជននៃប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃនិងវៀតណាម ព្រមទាំងដៃគូអភិវឌ្ឍន៍មួយចំនួនទៀត៕






