សម្ដេចតេជោ បង្ហាញមហិច្ឆតាពង្រីកពាណិជ្ជកម្ម កម្ពុជា-ចិន កើនឡើង១០ពាន់លានដុល្លារ ខណៈប្រទេសទាំង២បានបញ្ចប់កិច្ចចរចាពាណិជ្ជកម្មសេរី

1

ដោយ ៖ ប៊ី

ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា និងចិនមានមហិច្ឆតា ពង្រីកការធ្វើពាណិជ្ជកម្មវិនិយោគសេវា និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅជាងមុន សំដៅសម្រេចឱ្យបានគោលដៅពាណិជ្ជកម្មសរុប ១០ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២៣ ខណៈការចរចាលើការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន ត្រូវបានបិទបញ្ចប់ជាផ្លូវការ។

ការចរចាលើការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន ត្រូវបានបិទបញ្ចប់ជាផ្លូវការហើយ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ម្សិលមិញនេះ បន្ទាប់ពីបានបើកកិច្ចចរចាជាមួយគ្នារយៈពេលកន្លះឆ្នាំ។
ពិធីប្រកាសបិទបញ្ចប់កិច្ចចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរ ត្រូវបានធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ ដោយភាគីកម្ពុជា អញ្ជើញជាតំណាងដោយ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម រីឯភាគីចិនអញ្ជើញជាតំណាងដោយលោក ចុង ស្សាន (Zhong Shan) រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក លី គឺជាំង នាយករដ្ឋមន្ត្រីចិន ក្នុងជំនួបទ្វេភាគីកាលពីថ្ងៃទី២០-២៣ ខែមករា ឆ្នាំ២០១៩ នៅទីក្រុងប៉េកាំង បានសម្រេចឱ្យមានការសិក្សាពីលទ្ធភាពបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន ដើម្បីពង្រីកការធ្វើពាណិជ្ជកម្មវិនិយោគសេវា និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅជាងមុន សំដៅសម្រេចឱ្យបានគោលដៅពាណិជ្ជកម្មសរុបចំនួន១០ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២៣ តាមការកំណត់។
លោក ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា បានថ្លែងប្រាប់កាសែតចិនមួយថា ចិនជាទីផ្សារដ៏ធំរបស់កម្ពុជា ជាពិសេសផលិតផលកសិកម្មរបស់កម្ពុជា ដូចជាអង្ករ ដំឡូងមី ចេក ស្វាយ និងផលិតកម្មផ្សេងៗទៀត។

លោកបាននិយាយុថា “កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិនត្រូវបានចុះហត្ថលេខា ដោយកិច្ចព្រមព្រៀងនេះនឹងផ្តល់ឱ្យកម្ពុជានូវទីផ្សារដ៏ធំជាងមុន ហើយប្រាកដណាស់ទំហំពាណិជ្ជកម្មទេ្វភាគីរវាងប្រទេសទាំងពីរត្រូវបានពង្រីកបន្ថែមទៀត។ កិច្ចព្រមព្រៀងនេះនឹងចូលរួមចំណែកដល់អនាគតរួមសម្រាប់កម្ពុជា និងចិន”។
ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងចិនបានកើនឡើងដល់ ៩,៤២ពាន់លានដុល្លារអាមេរិកក្នុង២០១៩។ នេះបើយោងតាមទិន្នន័យរបស់ស្ថានទូតចិនប្រចាំកម្ពុជា។

អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានប្រាប់គេទំព័រ Propertyarea.asia ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងកម្ពុជា និងចិន មានភាពប្រាកដជាងមុនទៅលើប្រភេទទំនិញផ្សេងៗ ដែលមាននៅក្នុងកិច្ចព្រមព្រៀង។ ទំនិញទាំងឡាយ ដែលបានចុះកិច្ចព្រមព្រៀជាមួយគ្នា មានភាពប្រសើរជាង។ របាំងពាណិជ្ជកម្មផ្សេងៗ និងភាពស្មុគស្មាញផ្សេងៗនឹងត្រូវបានសម្រួលឱ្យកាន់តែភាពប្រសើរជាងមុន។
លោកបានថ្លែងថា ជាទូទៅប្រទេសចិនគឺធំ ហើយប្រទេសយើងតូច។ ឧទាហរណ៍ យើងនៅក្នុងកិច្ចព្រមព្រៀង ទំនិញមាន១ម៉ឺនមុខ ដូច្នេះសំនួរថា តើយើងមានទំនិញ១ម៉ឺនមុខសម្រាប់ធ្វើការនាំចេញឱ្យដូចប្រទេសចិនដែរ ឬទេ។ ប៉ុន្តែកិច្ចព្រមព្រៀងនេះនឹងធ្វើឡើងទៅតាមដំណាក់កាល។

លោកបានបន្តថា ចំណុចដែលយើងអាចទទួលបានសារៈប្រយោន៍ពីកិច្ចព្រមព្រៀងសេរី គឺថាប្រសិនបើយើងពន្លឿនកិច្ចព្រមព្រៀងកាន់តែលឿនពីមួយដំណាក់ទៅមួយដំណាក់ យើងនឹងទទួលបានការបញ្ជាទិញរបស់ភាគីចិនពីកម្ពុជាដែលកាន់តែមានភាពរលូនជាងមុន។
ដូចករណីដែលចិនបានចុះកិច្ចព្រមព្រៀងទិញស្វាយកែវរមៀតចំនួន ៥០ ម៉ឺនតោន ការទិញស្រូវ កៅស៊ូ ឬកសិផលផ្សេងៗពីកម្ពុជា ដូច្នេះភាគីទាំងពីរត្រូវតែឈរលើគោលការណ៍ និងការអនុវត្តន៍ ហើយឧបសគ្គផ្សេងៗត្រូវបានដោះស្រាយយ៉ាងរលូន ព្រោះវាមានងាយស្រួលជាងមុនចំពោះដំណើរការនៃឯកសារពាណិជ្ជកម្ម និងហិរញ្ញវត្ថុ។ ជាពិសេសធុរជននៃប្រទេសទាំងពីរនឹងមានពេញចិត្តចំពោះកិច្ចព្រមព្រៀងនេះ ព្រោះរដ្ឋ និងរដ្ឋនឹងសម្រួលដល់កិច្ចការពាណិជ្ជកម្មនេះ និងលើកទឹកចិត្តដល់ពួកគាត់ ដែលធ្វើការវិនិយោគកាន់តែមានសន្ទុះខ្លាំងឡើង។

លោកបញ្ជាក់ថា ទាក់ទងនឹងពន្ធ វាពាក់ព័ន្ធនឹងឯកសារផ្សេងៗ។ លោកថា “ឧទាហរណ៍ វាដូចជានៅតំបន់អាស៊ានដែលមាន Free Trade Area ដែលវាមានន័យថា យើងដករនាំងពន្ធគយចោល ដូច្នេះតាមដំណើរការនៃកិច្ចព្រមព្រៀងសេរីមិនជាខុសគ្នាទេ យើងអាចនឹងដករនាំងពន្ធគយក្នុងដំណាក់កាលជំហានណាមួយដែលស្ថិតក្នុងនិតិវិធី និងការងារបច្ចេកទេស។ ជាទូទៅពាណិជ្ជកម្មសេរីគឺត្រូវដំណើរការដកពន្ធគយ ប៉ុន្តែវាអាចនៅជាប់ពន្ធអាករពិសេសទៅប្រភេទមុខទំនិញ”។
ក្នុងពិធីប្រកាសបិទបញ្ចប់កិច្ចចរចាលើការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ រដ្ឋមន្ត្រីពាណិជ្ជកម្មនៃប្រទេសទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដែលជាកិច្ចព្រមព្រៀងមួយដែលឆ្លុះបញ្ចាំងអំពីទំនាក់ទំនងយូរអង្វែងជាប្រពៃណី ក៏ដូចជាកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។

រដ្ឋមន្ត្រីពាណិជ្ជកម្មប្រទេសទាំងពីរ បានកត់សម្គាល់ទៀតថា ការបញ្ចប់ការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយដោយជោគជ័យ ក្នុងរយៈពេលមួយដ៏ខ្លីនេះ បានបង្ហាញពីឆន្ទៈនៃថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ក្នុងការពង្រឹងទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធ និងទូលំទូលាយ។
លោករដ្ឋមន្ត្រីបន្ថែមថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ នឹងផ្ដល់ផលប្រយោជន៍សេដ្ឋកិច្ច និងសង្គមជាច្រើន ដល់ប្រជាជននៃប្រទេសទាំងពីរ តាមរយៈការធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្មទំនិញ និងសេវា ការជំរុញការវិនិយោគទូលំទូលាយ ក៏ដូចជាកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួនទៀតផងដែរ។
បន្ទាប់ពីប្រកាសបិទបញ្ចប់កិច្ចចរចាលើការបង្កើតកិច្ចព្រមព្រៀងហើយនោះ ជាជំហានបន្ទាប់ ភាគីទាំងពីរ នឹងអនុវត្តនីតិវិធីផ្ទៃក្នុងរៀងៗខ្លួន ដើម្បីឈានទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនៅក្នុងឆ្នាំ២០២០នេះ។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ហៅថា FTA គឺជាការកិច្ចព្រមព្រៀងលើកលែងរបាំងពន្ធអាករទៅវិញទៅមករវាងប្រទេស និងប្រទេសដែលចុះហត្ថលេខាលើកិច្ចព្រមព្រៀង។ កិច្ចព្រមព្រៀងនេះ គឺនឹងសម្រួលជាមួយរបាំងពន្ធអាករ ការកំណត់ចំនួនទំនិញ ដែលគេអាចយល់បានថា ជាការធ្វើសេដ្ឋកិច្ចបែបផែនទីផ្សារសេរី ឬ ក្នុងអត្ថន័យរួមបញ្ចូលសេដ្ឋកិច្ចតែមួយ។
ការធ្វើពាណិជ្ជកម្មសេរីនេះមិនត្រឹមតែការព្រមព្រៀងត្រឹមការលើកលែងរបាំងពន្ធអាករនោះទេ តែបានគ្របដណ្តប់លើវិស័យជាច្រើនទៀត មានដូចជាផ្នែកសេវាកម្ម វិនិយោគ កិច្ចសម្រួលពាណិជ្ជកម្ម ការលុបបំបាត់របាំងមិនមែនពន្ធគយជាដើម។

បើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិនឈានដល់ការចុះហត្ថលេខា វានឹងនឹងក្លាយជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីលើកដំបូងហើយសម្រាប់កម្ពុជា។ ក្រសួងពាណិជ្ជកម្មបានអះអាងថា ផ្អែកលើគោលការណ៍រួមដែលបានឯកភាពគ្នាដោយក្រុមចរចានោះ ប្រសិនបើរដ្ឋាភិបាលប្រទេសទាំងពីរឯកភាពលើអត្ថបទនៃកិច្ចព្រមព្រៀង និងការបើកច្រកទីផ្សារដែលបានស្នើឡើងនោះ កំណើននាំចេញពីកម្ពុជាត្រូវបានរំពឹងថានឹងកើនឡើងប្រមាណ ២០ភាគរយ។ ជាមួយគ្នានេះកំណើនវិនិយោគពីបរទេសក៏ត្រូវបានរំពឹងថា នឹងកើនឡើងខ្លាំងដែលជាប្រភពចំណូល និងការងារជូនប្រជាជនកម្ពុជា៕

1 COMMENT

LEAVE A REPLY

Please enter your comment!
Please enter your name here