ដោយ ៖ វុត្ថា
ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូតនៃស្ថានទូតសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើតប្រចាំកម្ពុជា បានសន្យាជួយផ្សព្វផ្សាយវិស័យទេសចរណ៍នៅក្នុងខេត្តសៀមរាបទៅកាន់ប្រជាពលរដ្ឋរបស់ខ្លួនឱ្យមកលេងកម្សាន្តនៅតាមតំបន់ទេសចរណ៍នានានៅកម្ពុជាបន្ថែមទៀត ជាពិសេសខេត្តសៀមរាប ដើម្បីលើកស្ទួយវិស័យនេះឡើងវិញ បន្ទាប់ពីបានធ្លាក់ចុះយ៉ាងគំហុកនៅក្នុងអំឡុងនៃការផ្ទុះជំងឺ Covid-19 ។

លោក Ermenegildo Kupa Lopes ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើតប្រចាំកម្ពុជានៅក្នុងជំនួបពិភាក្សាការងារជាមួយលោក ទៀ សីហា អភិបាលខេត្តសៀមរាបនាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០នេះ ឱ្យដឹងថា គោលបំណងក្នុងការបំពេញបេសកកម្មមកកាន់ខេត្តសៀមរាប គឺដើមី្បធ្វើការសិក្សាស្វែងយល់ និងទទួលបាននូវបទពិសោធន៍ក្នុងវិស័យទេសចរណ៍ និងកសិកម្មរបស់ខេត្តសៀមរាប សំដៅយកទៅធ្វើការផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋទីម័រខាងកើត ។
លោកបន្តថា ពេលនេះក្នុងនាមប្រជាពលរដ្ឋទីម័រសុំធ្វើការរៀនសូត្រពីខេត្តសៀមរាប ដែលមានភាពរីកចម្រើនលើវិស័យទេសចរណ៍នាពេលកន្លងមក។ ចំពោះបញ្ហាវិបត្តិជម្ងឺកូវីដ១៩ បានធ្វើឱ្យមានការប៉ះពាល់ខ្លាំងតាមបណ្តាប្រទេសធំៗ តែចំពោះប្រទេសតូចៗ គឺមានវិធានការបង្កាទប់ស្កាត់បានល្អទៀតផង ។
ជាមួយគ្នានេះ លោកក៏បានធ្វើការអញ្ជើញដល់ប្រតិភូខេត្តសៀមរាប ទៅធ្វើទស្សនកិច្ចនៅប្រទេសទីម័រ ដើម្បីសិក្សាស្វែងយល់ផ្លាស់ប្តូរនូវបទពិសោធន៍គ្នាទៅវិញទៅមក ហើយស្នើសុំឱ្យមន្ត្រីជំនាញរបស់ខេត្តសៀមរាប ធ្វើការបង្រៀនដល់ប្រជាពលរដ្ឋទីម័រពីវិស័យទេសចរណ៍ និងកសិកម្មផងដែរ។

លោក ទៀ សីហា អភិបាលខេត្តសៀមរាបបានឱ្យដឹងថា ខេត្តសៀមរាបមានសក្តានុពលសេដ្ឋកិច្ចដោយពឹងផ្អែកលើវិស័យកសិម្ម និងទេសចរណ៍ ដោយមានប្រជាពលរដ្ឋប្រមាណ ៨២ភាគរយ ជាប្រជាកសិករចំពោះវិស័យទេសចរណ៍ប្រវត្តិសាស្ត្រមួយនេះសម្បូរទៅដោយប្រាង្គប្រាសាទល្បាញល្បី និងរមណីយដ្ឋានធម្មជាតិ ដូចជាភ្នំគូលែន និងបឹងទន្លេសាប ដែលបានទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិចូលមកទស្សនាកម្សាន្ត ។
លោកបន្តថា ដោយសារនៅលើពិភពលោកបានកំពុងជួបនូវវិបត្តិជម្ងឺកូវីដ១៩ បានធ្វើឱ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់វិស័យទេសចរណ៍ក្នុងខេត្តសៀមរាប។ ម៉្យាងទៀតអាជ្ញាធរខេត្ត និងធ្វើការស្តារឡើងវិញនូវក្នុងវិស័យទេសចរណ៍នេះ ដោយមានការចូលរួមពីបណ្តាម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋាន រួមទាំងសេវាកម្មទេសចរណ៍ក្នុងខេត្តថែទៀតផង។
ចំពោះការអញ្ជើញដល់ប្រតិភូខេត្តសៀមរាប ដើមី្បធ្វើទស្សនកិច្ចនៅប្រទេសទីម័រ លោក ទៀ សីហា ឱ្យដឹងថា អាជ្ញាធរខេត្តនឹងធ្វើការជ្រើសរើសពេលវេលាមួយដ៏សមគួរ ក្រោយពេលវិបត្តិជំងឺកូវីដ១៩ បានបាត់អស់ពីលើពិភពលោកយើងនេះ និងធ្វើការរៀបចំគណៈប្រតិភូធ្វើទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក ក្នុងការផ្តល់នូវសេចក្តីស្រឡាញ់រវាងប្រទេសកម្ពុជា និងទីម័រខាងកើត៕






