ក្រុមហ៊ុនចិនដ៏ធំមួយគ្រោងបង្កើតរោងចក្រផលិតអគ្គិសនីដើរដោយថាមចំហេះសំណលនៅខេត្តសៀមរាប

0

ដោយ ៖ វុត្ថា

សៀមរាប ៖ ក្រុមហ៊ុន MIZUDA ដែលជាក្រុមហ៊ុនវិនិយោគដ៏ធំមួយរបស់ចិនគ្រោងសាងសង់រោងចក្រផលិតអគ្គិសនីដើរដោយថាមពលចំហេះនៃសំរាម ដើម្បី ផ្គត់ផ្គង់តម្រូវការប្រើប្រាស់នៅក្នុងខេត្តសៀមរាប ដែលនឹងបានក្លាយជាឧបករណ៍រក្សាការពារបរិស្ថានដំបូងគេនៅកម្ពុជា។

លោក Zhang Xiaozhong ប្រធានការិយាល័យតំណាងប្រចាំនៅកម្ពុជា នៅក្នុងជំនួបពិភាក្សាការងារជាមួយលោក ទៀ សីហា អភិបាលខេត្តសៀមរាបនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ ឱ្យដឹងថា ការវិនិយោគនេះ គឺជាការបង្កើតអរីយធម៌ទីក្រុងអនាម័យនាពេលអនាគត ក្រោយពេលដែលគម្រោងវិនិយោគនេះ ត្រូវបានសិក្សាប្រកបដោយជោគជ័យ អស់រយៈពេលជាងកន្លះឆ្នាំ និងបានបញ្ចប់ទាំងស្រុងកាលពីចុងឆ្នាំ២០១៩កន្លងទៅ ។

តាមរបាយការណ៍របស់ក្រុមហ៊ុន MIZUDA បានរកឃើញថា សំរាមនៅក្នុងក្រុងសៀមរាបដែលមានជាប្រចាំថ្ងៃប្រមាណជាង ៤៨០តោន ហើយនៅឆ្នាំ២០២២ អាចនឹងកើនដល់៦០០តោនក្នុង១ថ្ងៃ បើគិតរហូតដល់ឆ្នាំ២០៣៥ ការប៉ាន់ប្រមាណដែលផ្អែកទៅលើកំណើនប្រជាពលរដ្ឋ និងកំណើនភ្ញៀវទេសចរផងនោះ អាចកើនដល់ជាង ១០០០តោន ខណៈដែលក្នុងរយៈ១ឆ្នាំ រោងចក្រនេះ ត្រូវការសំរាមប្រមាណជា២១ម៉ឺនតោន និងអាចបំលែងជាថាមពលអគ្គិសនីប្រមាណ៧៥ម៉ឺនគីឡូវ៉ាត់ម៉ោង ក្នុងកម្លាំងអានុភាព ១២មេកាវ៉ាត់ គឺស្មើនឹងប្រមាណ ១០ភាគរយ នៃតម្រូវការប្រើប្រាស់ក្នុងក្រុងសៀមរាប ។

លោកបញ្ជាក់ទៀតថា ការបង្កើតរោងចក្រអគ្គិសនីដែលបំលែងពីការដុតសំរាមនៅក្នុងខេត្តសៀមរាប គឺជាកម្មវត្ថុសំខាន់ក្នុងស្វែងរកដំណោះស្រាយការពារបរិស្ថានសម្រាប់ទីក្រុងទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រមួយនេះ និងដើម្បីបង្កើតអរិយធម៌ទីក្រុងអនាម័យ ដោយការកែប្រែសំរាមចេញពីកាកសំណល់ទៅជាធនធានដែលមានតម្លៃក្នុងការកែច្នៃ និងប្រើប្រាស់ឡើងវិញ។

ពាក់ព័ន្ធនឹងបញ្ហានេះ អភិបាលខេត្តសៀមរាប លោក ទៀ សីហា បានបង្ហាញនូវជំហរគាំទ្រទាំងស្រុងចំពោះគម្រោងវិនិយោគនេះ បើទោះជាសមត្ថភាពនៃការផលិតថាមពលអគ្គិសនីបានត្រឹមតែ១០ភាគរយនៃត្រូវការប្រើប្រាស់យ៉ាងណាក៏ដោយ ប៉ុន្តែវាមានប្រសិទ្ធភាពក្នុងកិច្ចការពារបរិស្ថាន ។

លោកអភិបាលខេត្តបន្តថា បញ្ហាប្រមូលសំរាម ការកំណត់តម្លៃលក់ថាមពល និងការកំណត់ទីតាំងសាងសង់រោងចក្រ នឹងត្រូវសិក្សាស៊ីជម្រៅបន្ថែមទៀត សម្រាប់ការបង្ហាញក្នុងកិច្ចប្រជុំលើកក្រោយ ស្តីពីវឌ្ឍនភាពនៃគម្រោងនេះ ដើម្បីជំរុញល្បឿននៃកិច្ចដំណើរការតាមតែលទ្ធភាពដែលអាចធ្វើទៅបាន ៕

LEAVE A REPLY

Please enter your comment!
Please enter your name here