អឺរ៉ុប​បាន​គៀគរ​ថវិកា​ជិត ១០០០លាន​ជួយ​ដល់​កម្ពុជា និង​បណ្តា​ប្រទេស​អាស៊ាន ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​សេដ្ឋកិច្ច

0

ដោយៈ ប៊ី

ភ្នំពេញៈ សហភាព​អឺរ៉ុប​បាន​ប្រមូល​លុយ ដែលជា “កញ្ចប់​ថវិកា Team Europe” ចំនួន​ជាង ៨០០ លាន​អឺរ៉ូ (ប្រមាណ ៩១៦ លាន​ដុល្លារ​អាមេរិក) ផ្តល់​ជួន​តំបន់​អាស៊ាន ដើម្បី​ប្រយុទ្ធប្រឆាំង នឹង​ការរីក​រាលដាល​ជំងឺ​កូ​វីដ១៩ និង​កាត់បន្ថយ​ផលប៉ះពាល់​សេដ្ឋកិច្ច។

សេចក្តីប្រកាស​ព័ត៌មាន​ចេញផ្សាយ​នៅ​ថ្ងៃទី ២១ ខែកក្កដា​កន្លងមក​បាន​ឱ្យដឹងថា មូលនិធិ​នេះ នឹង​គាំទ្រ​ដល់​សកម្មភាព​នៅ​ថ្នាក់​ប្រទេស និង​ថ្នាក់​តំបន់ ដើម្បី​ដោះស្រាយ​វិបត្តិ​សុខភាព​ជាបន្ទាន់ ពង្រឹង​ប្រព័ន្ធ​សុខភាព​ទឹក និង​អនាម័យ ក៏ដូចជា​កាត់បន្ថយ​ផលប៉ះពាល់​សេដ្ឋកិច្ចសង្គម។

កញ្ចប់​ថវិកា​នេះ រួមបញ្ចូល​ទាំង​ការគាំទ្រ ក្នុង​តំបន់​ដល់​អង្គការ​សុខ​ភាព​ពិភពលោក ក៏ដូចជា​បង្កើន​កិច្ចសហប្រតិបត្តិការ​រ​វាង​អង្គការ​វិទ្យាសាស្ត្រ។

នៅ​បណ្តា​ប្រទេស​អាស៊ាន កម្មវិធី​ផ្តោតលើ​ការគាំទ្រ​របស់​សង្គម​ស៊ីវិល ការគាំទ្រ​ថវិកា​សម្រាប់​ការស្តារ​សេដ្ឋកិច្ច កន្លែង​ថែទាំ​សុខភាព និង​សមត្ថភាព​តេស្ត​ជំងឺ ក៏ដូចជា​ជំនួយ​មនុស្សធម៌។

សម្រាប់​ប្រទេស​កម្ពុជា មូលនិធិ​នេះ​នឹង​គាំទ្រ​ដល់​សុខភាព ទឹក អនាម័យ និង​អាហារូបត្ថម្ភ ជីវភាព​រស់នៅ និង​សកម្មភាព​សេដ្ឋកិច្ច​នៅ​តំបន់​ជនបទ ការ​គាំពារ​សង្គម ការអប់រំ និង​ក្រុម​ងាយ​រងគ្រោះ ហើយ​និង​គាំទ្រ​ដល់​ការស្តារ​សេដ្ឋកិច្ច​ឡើងវិញ។

លោក Igor Driesmans ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​អាស៊ាន បាន​និយាយ​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ថា “យើង​កំពុង​ប្រឈម​នឹង​វិបត្តិ​សេដ្ឋកិច្ច ដែល​មិន​ធ្លាប់មាន​ពីមុនមក ជាមួយនឹង​ផលវិបាក​ធ្ងន់ធ្ងរ​នៅក្នុង​សហភាព​អឺរ៉ុប និង​អាស៊ាន” ។ លោក​ថា “ក្នុង​ស្មារតី​នៃ​កិច្ចសហប្រតិបត្តិការ​ដ៏​រឹងមាំ​របស់​យើង ដោយ​ផ្អែកលើ​ភាពជា​ដៃគូ​ក្នុង​តំបន់​យើង​បាន​ប្រមូល​កញ្ចប់ “Team Europe ” ចំនួន​ជាង៨០០លាន​អឺរ៉ូ ដើម្បី​ជួយ​អាស៊ាន និង​រដ្ឋ​ជា​សមាជិក​របស់ខ្លួន ក្នុងការ​កាត់បន្ថយ​ផលប៉ះពាល់​សេដ្ឋកិច្ច និង​សង្គម” ។

សហភាព​អឺរ៉ុប​កំពុងធ្វើការ​ជាមួយ​អាស៊ាន លើ​កម្រិត​តំបន់ ដើម្បី​ផ្លាស់ប្តូរ​បទពិសោធន៍​ក្នុងការ​ឆ្លើយតប​ក្នុង​តំបន់​ចំពោះ​វិបត្តិ​សេដ្ឋកិច្ច។

កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អឺរ៉ុប-អាស៊ាន​លើកដំបូង ធ្វើឡើង​នៅ​ថ្ងៃទី២០ ខែមីនា​ឆ្នាំ២០២០ បាន​ឯកភាព​ថា ភាគី​ទាំងពីរ​នឹងធ្វើ​ការរួម​គ្នា ដើម្បី​ដោះស្រាយ​វិបត្តិ​កូ​វីដ១៩ និង​ផលវិបាក​របស់​វា៕

LEAVE A REPLY

Please enter your comment!
Please enter your name here