រដ្ឋាភិបាលបោះទុន ៥.៣ លានដុល្លារសាងសង់ទីលានចាក់សំរាមក្នុងខេត្តព្រះសីហនុលើផ្ទៃដីជាង ១៧ ហិកតា

0

ដោយវុត្ថា

ភ្នំពេញ៖ រដ្ឋាភិបាលតាមរយៈក្រសួងស្ថាប័នពាក់ព័ន្ធបានបោះទុនវិនិយោគជាង៥.៣លានដុល្លារអាមរិក ក្នុងក្របខណ្ឌថវិកាជាតិសម្រាប់ការអនុវត្តអនុគម្រោងសាងសង់ទីលានចាក់សំរាមក្នុងខេត្តព្រះសីហនុលើផ្ទៃដី១៧,៣៣ហិកតា ។

លោក កឹម បូរី អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន នៅក្នុងកិច្ចប្រជុំពិភាក្សាអំពីវឌ្ឍនភាពអនុគម្រោងសាងសង់ទីលានចាក់សំរាមក្នុងខេត្តព្រះសីហនុ ក្នុងក្របខណ្ឌថវិកាជាតិកាលឱ្យដឹងកាលពីម្សិលមិញនេះឱ្យដឹងថា គម្រោងនេះ អនុវត្តដោយក្រុមហ៊ុន ហេង សម្បត្តិ អាហរ័ណ នីហរ័ណ មានរយៈពេលសាងសង់១៧ខែ គិតចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០។

លោកបន្តថា គម្រោងនេះ គ្រោងចំណាយក្នុងទំហំទឹកប្រាក់ចំនួន ៥.៣១៣.៤៦៣ ដុល្លារសហអាមេរិក ជាថវិកាជាតិសម្រាប់ឆ្នាំ២០២០ លើផ្ទៃដី១៧,៣៣ហិកតា លើផ្ទៃដីសរុប ៥១ ហិកតាដែល រដ្ឋបាលខេត្តព្រះសីហនុផ្តល់ជូន ឋិតនៅភូមិអូតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងមានចម្ងាយប្រមាណ៣គីឡូម៉ែត្រពីផ្លូវជាតិលេខ៤។

លោកបន្ថែមថា រាជរដ្ឋាភិបាលបានសម្រេចបញ្ចេញកញ្ចប់ថវិការបស់ខ្លួន ដើម្បីលើកកម្ពស់សមត្ថភាពគ្រប់គ្រងសំរាម និងអនាម័យជូនប្រជាពលរដ្ឋ និងធ្វើឱ្យសុខមាលភាព សាធារណៈ និងបរិស្ថានកាន់តែមានភាពប្រសើរឡើង ឆ្លើយតបទៅនឹងការរីកចម្រើនយ៉ាងឆាប់រហ័ស នៅក្នុងខេត្តនេះ។

គម្រោងទីលានចាក់សំរាមថ្មីនេះ សាងសង់ឡើងដើម្បីបំពេញតម្រូវការរយៈពេល៥ឆ្នាំដំបូង មាន សមត្ថភាពអាចផ្ទុកសំរាមបានចំនួន ៨៨៤.០៨៨ ម៉ែត្រគីប មានរណ្ដៅចំនួនបួន រណ្ដៅនីមួយៗមាន ទទឹងគិតជាមធ្យម១៣០ ម៉ែត្រ និងបណ្ដោយ១៥០ម៉ែត្រ ជម្រៅចាប់ពី២-៤ម៉ែត្រ មានប្រព័ន្ធរំដោះទឹកភ្លៀងចាប់ពីបាតរណ្ដៅ ប្រព័ន្ធប្រមូលទឹកកខ្វក់ពីរណ្ដៅចាក់សំរាម បំពង់បញ្ចេញឧស្ម័នពុលផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here