ដោយគង់ សូរិយា
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍អះអាងថា ក្រុមហ៊ុនអាកាសចរណ៍ដែលឈ្មោះថា Lion Airline នឹងបើកដំណើរការដឹកអ្នកដំណើរតាមផ្លូវអាកាសហោះហើរត្រង់កម្ពុជា ឥណ្ឌូនេស៊ី នៅក្រោយថ្ងៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរឆ្នាំ២០១៨នេះតទៅ។
ថ្លែងក្នុងពីធីរំលឹកខួប២២ឆ្នាំថ្ងៃបង្កើតសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ហៅថា CATAកាលពីចុងសប្តាហ៍មុនលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានអះអាងថា បន្ទាប់ពីកម្ពុជា ឥណ្ឌូនេស៊ីផ្អាកការហោះហើរត្រង់កម្ពុជា ឥណ្ឌូនេស៊ី អស់រយៈពេលជិត៥០ឆ្នាំមក។ នាពេលនេះមានក្រុមហ៊ុនអាកាសចរណ៍មួយ ដែលឈ្មោះថា Lion Air បានសម្រេច បើកជើងហោះហើរត្រង់ទៅមករវាងទីក្រុងភ្នំពេញ និងទីក្រុងហ្សាការតាប្រទេសឥណ្ឌូនេស៊ី ឡើងវិញ ចាប់ពីក្រោយថ្ងៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរឆ្នាំ២០១៨នេះ។
លោកបន្តថា “ការសម្រេចបើកជើងហោះហើរត្រង់រវាងកម្ពុជា ឥណ្ឌូនេស៊ីរបស់ក្រុមហ៊ុនអាកាសចរណ៍មួយនេះ បានធ្វើឡើង បន្ទាប់ពីមានភ្ញៀវទេសចរនៅប្រទេសឥណ្ឌូនេស៊ីជាច្រើន បានមកទស្សនានៅកម្ពុជា មានកើនឡើងច្រើនជាលំដាប់”។ លោកបន្តថា “សូមក្រុមហ៊ុនភ្នាក់ងារទេសចរណ៍នានានៅកម្ពុជា ត្រូវពង្រឹងការផ្តល់សេវាអោយបានល្អប្រសើរ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍មកស្នាក់នៅយូរ និងមកទស្សនានៅកម្ពុជាកាន់តែច្រើនថែមទៀត”។
បច្ចុប្បន្នប្រជាពលរដ្ឋនៅក្នុងតំបន់អាស៊ាន ប្រមាណតែ១២៥លាននាក់ ពោលគឺស្មើនឹង៤០ភាគរយ គឺបានធ្វើដំណើរទស្សនាចរណ៍នៅតាមបណ្តាប្រទេសក្នុងតំបន់អាស៊ានខ្លួនឯង។
ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រី ឆាយស៊ីវលីនបានថ្លែងថា វាជាដំណឹងដ៏ល្អ ដែលវានឹងធ្វើអោយទីផ្សារទេសចរណ៍នៅក្នុងប្រទេសកម្ពុជារីកចំរើនខ្លាំង។ ម្យ៉ាងទៀត ដោយសារប្រជាពលរដ្ឋឥណ្ឌូនេស៊ី មានប្រពៃណីវប្បធម៌ ស្រដៀងគ្នានឹងប្រជាពលរដ្ឋខ្មែរ ហេតុនេះលោកស្រីរំពឹងថា ភ្ញៀវទេសចរឥណ្ឌូនេស៊ី នឹងមកលេងកម្សាន្ត និងមានភាពងាយស្រួលច្រើន។
ក្នុងនៅចំណោមបណ្តាប្រទេសទាំង១០នៅក្នុងតំបន់អាស៊ាន គឺមានប្រទេសចំនួន៩ ដែលមានបើកជើងហោះហើរត្រង់មកកាន់ប្រទេសកម្ពុជា ខណៈប្រទេសមីយ៉ាន់ម៉ាមានក្រុមហ៊ុន Myanmar Airline បានហោះត្រង់មកកម្ពុជានិងមានក្រុមហ៊ុនអាកាសចរណ៍ Emirate Airline បានហោះត្រង់ពីក្រុងឌុយបៃ ចុះចតយកភ្ញៀវនៅរ៉ង់ហ្គូនប្រទេសមីយ៉ាន់ម៉ា រួចបន្តដំណើរមកប្រទេសកម្ពុជា ចំណែកឯប្រទេសប្រ៊ុយណេ គឺនៅមិនទាន់មានជើងហោះត្រង់មកកាន់កម្ពុជាផងដែរ៕