ទីផ្សារសហរដ្ឋអាមេរិក នៅតែបន្តរួមចំណែកយ៉ាងធំលើការនាំចេញទំនិញពីកម្ពុជា

0

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ នៅក្នុងឆមាសទី១ ឆ្នាំ២០២០កន្លងទៅនេះ ជាលទ្ធផលនៃការនាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិ សហរដ្ឋអាមេរិកនៅតែបន្តចូលរួមចំណែកយ៉ាងសំខាន់នៃកំណើននាំចេញរបស់កម្ពុជាលំដាប់ទីមួយ ខណៈដែលទីផ្សារសហភាពអឺរ៉ុបមានកំណើននៅលំដាប់ទី២។

តាមរយៈអគ្គនាយដ្ឋាគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅដើមសប្ដាហ៍នេះបានបង្ហាញពីវឌ្ឍនភាពនៃការនាំចេញផលិតផលសរុបរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ដែលក្នុងនោះបានផ្តោតសំខាន់ទៅទីផ្សារសំខាន់ៗទាំង៦ ដែលកំពុងបន្តមានកំណើន ខណៈដែលទីផ្សារសហរដ្ឋអាមេរិកមានកំណើនខ្ពស់ជាងគេ ហើយទីផ្សារសហភាពអឺរ៉ុបឈនៅលេខរៀងបន្ទាប់។

ការធ្វើពាណិជ្ជកម្មនៃការនាំចេញផលិតផលសរុបរបស់កម្ពុជាគិតត្រឹមរយៈពេល៥ខែ ដើមឆ្នាំ២០២០ សម្រេចបានក្នុងទំហំទឹកប្រាក់ប្រមាណ៥៩២៨លានដុល្លារ កើនឡើងប្រមាណ១១.៧ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំកន្លងទៅ។

ជុំវិញការនាំចេញទៅកាន់ទីផ្សារអន្តរជាតិដែលផ្តោតសំខាន់ទៅលើទីផ្សារទាំង៦ ដោយក្នុងនោះការនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិកសម្រេចបានកំណើនជាង ៣០ភាគរយ បន្ទាប់មកទីផ្សារសហភាពអឺរ៉ុបសម្រេចបានកំណើនប្រមាណជិត ២២ភាគរយ ដែលជាលទ្ធផលបង្ហាញពីការបន្តចូលរួមក្នុងការជំរុញកំណើននៃការនាំចេញរបស់កម្ពុជា។

ក្រៅពីទីផ្សារសំខាន់ៗទាំង២ខាងលើនេះ សម្រាប់ការនាំចេញទៅកាន់ទីផ្សារជប៉ុនមានកំណើនជាង៧ភាគរយ អាស៊ានចំនួនជាង១៦ អង់គ្លេសជាង ៥ភាគរយ និងទីផ្សារបណ្តាប្រទេសផ្សេងៗទៀតមានកំណើនប្រមាណ ១៩ភាគរយ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here