សម្តេចតេជោ៖ កម្ពុជា មានមាសជាទុនបម្រុងរបស់ជាតិចំនួន ៣៦,៥ តោន

0

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា បច្ចុប្បន្ន ប្រទេសកម្ពុជា មានមាសដែលជាទុនបម្រុងរបស់ជាតិកើនឡើងរហូតដល់ចំនួន ៣៦,៥ តោន ដែលបានបង្ហាញពីការកើនឡើងនូវចំនួនទុនបម្រុងជាតិកម្ពុជាបើប្រៀបធៀបទៅនឹងប្រមាណជាងមួយឆ្នាំមុនដែលមានត្រឹម ៣០តោន ។

ជាការឆ្លើយតបទៅនឹងការចង់ដឹងពីសំណាក់ប្រជាពលរដ្ឋមួយចំនួនពីចំនួននៃទុនបម្រុងរបស់ជាតិ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់តាមរយៈគណនីទំនាក់ទំនងផ្លូវការរបស់សម្ដេចថា “មួយរយះពេលចុងក្រោយនេះមានបងប្អូនយើងមួយចំនួនចងដឹងអំពីមាសដែលជាទុនបំរ៉ុងរបស់ជាតិ។ ការចង់ដឹងរបស់បងប្អូនមួយចំនួនធំមានភាពសុចរិត ពីព្រោះវាជារបស់ជាតិ តែនៅមានជនអាក្រក់មួយចំនួនតូចបាន និងកំពុងប្រើប្រាស់ការបាត់បង់ដំណឹងអំពីមាសដើម្បីវាយប្រហាររាជរដ្ឋាភិបាលថាចង់បន្លំយកមាសក្នុងពេលមានជម្ងឺឆ្លងកូវីតទី១៩ ព្រោះមិនដែលឮលោក ហ៊ុន សែន និយាយពីមាសនេះទៀតទេ”។

សម្ដេចតេជោ បានបញ្ជាក់ទៀតថា “ដើម្បីច្បាស់ពីមាសសូមមើលការពន្យល់របស់ធានាគារជាតិកម្ពុជានោះបងប្អូនប្រាកដជាយល់ និងអបអរសាទរជាមួយទុនបំរ៉ុងរបស់ជាតិយើងដែលកើនឡើងជាលំដាប់។ ប្រហែលមួយឆ្នាំមុនខ្ញុំធ្លាប់ប្រកាស់ថា មាសរបស់យើងមាន៣០តោនតែតាមតួរលេខថ្មីនេះមាសរបស់យើងមានដល់៣៦,៥តោន។នេះមិនមែនជាមាយាទស្រីកញ្ជើរធ្លុះក្នុងការគ្រប់គ្រងសេដ្ឋកិច្ចជាតិនោះទេ”។

តាមរយៈសេចក្ដីបញ្ជាក់របស់ធនាគារជាតិនៃកម្ពុជាបានបង្ហាញថា គិតត្រឹមចុងខែមិថុនា ឆ្នាំ២០២០ ទុនបម្រុងអន្តរជាតិរបស់កម្ពុជាគិតជាដុល្លារអាមេរិកមានចំនួន ១៩,៦ ប៊ីលានដុល្លារ។ ធនាគារជាតិត្រូវគ្រប់គ្រងដោយប្រុងប្រយ័ត្ន ដើម្បីរក្សាសុវត្ថិភាពទុនបម្រុងទាំងនេះ។ ដូច្នេះ ធនាគារជាតិនៃកម្ពុជា វិនិយោគលើឧបករណ៍ដែលមានស្ថិរភាពខ្ពស់ ដូចជាដូចជារូបិយប័ណ្ណខ្លាំង និងមាស។

បច្ចុប្បន្ន ធនាគារជាតិនៃកម្ពុជា រក្សាទុកមាស ៣៦.៥តោន ដែលក្នុងនោះរួមមាន មាសដែលជាកេរ្តិ៍មរតកតាំងពីមុនសម័យសង្គ្រាមមានចំនួន១២,៤តោន ដែលកំពុងរក្សាទុកនៅប្រទេសស្វីស ហើយមាសចំនួន១៤,១តោន កំពុងវិនិយោគនៅធនាគារកណ្តាលប្រទេសអង់គ្លេស និងមាសចំនួន១០តោនទៀត ត្រូវបានរក្សាទុកនៅកម្ពុជា ៕

LEAVE A REPLY

Please enter your comment!
Please enter your name here