ដោយៈ រ៉ាណេត
កែបៈ ទីផ្សារដីធ្លីដែលជាផ្នែកមួយក្នុងវិស័យអចលនទ្រព្យ នៅខេត្តកែបនាពេលបច្ចុប្បន្ននេះ កំពុងតែមានសកម្មភាពគួរឱ្យកត់សម្គាល់ ក្រោមកំណើនចំនួនវិនិយោគ និងអភិវឌ្ឍន៍តំបន់កម្សាន្តកែច្នៃ និងលំនៅឋានបែបលំហែររយៈពេលខ្លីពីវិស័យឯកជន។

ស្ថិតនៅក្នុងគោលដៅរបស់រាជរដ្ឋាភបាលកម្ពុជា ដែលពង្រឹងកិច្ចអភិវឌ្ឍន៍ផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងកែច្នៃតំបន់កម្សាន្តនានានៅទូទាំងខេត្ត ដើម្បីប្រែក្លាយជាគោលដៅទេសចរណ៍ធម្មជាតិកម្រិតខ្ពស់ប្រចាំប្រទេស ពេលនេះមានវិនិយោគិនក្នុងស្រុកជាច្រើន បាន និងកំពុងបង្ហាញពីគោលបំណង ក្នុងការបណ្តាក់ទុនវិនិយោគនៅក្នុងខេត្តមួយនេះ ដែលផ្តោតសំខាន់ទៅលើសេវាទេសចរណ៍។ នេះបើតាមការបញ្ជាក់របស់លោក ភូ លិ អភិបាលរងខេត្តកែប កាលពីរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០នេះ។
លោកបន្តថា “កែប គឺជាខេត្តមួយដែលមានផ្ទៃដីតូច ចំនួនប្រជាពលរដ្ឋរស់នៅតិច ប៉ុន្តែជាតំបន់ដែលមានសក្ដានុពលខ្ពស់ លើវិស័យទេសចរណ៍បើធៀបទៅនឹងបណ្តាខេត្តផ្សេងទៀត”។ លោកបន្តថា “នៅក្នុងគោលដៅ និងផែនការចម្បងរបស់រដ្ឋាភិបាលក្នុងការអភិវឌ្ឍខេត្ត ដែលជាតំបន់ទេសចរណ៍ដ៏ទាក់ទាញមួយនេះ គឺតម្រូវឱ្យមានកិច្ចសហការយ៉ាងជិតស្និទ្ធរវាងរដ្ឋបាលថ្នាក់ជាតិ និងក្រោមជាតិ ជាពិសេសមានការចូលរួមពីវិស័យឯកជនផងដែរ ដើម្បីមានប្រសិទ្ធភាពខ្ពស់ក្នុងការអនុវត្ត និងប្រែក្លាយខេត្តមួយនេះឱ្យក្លាយជាគោលដៅទេសចរណ៍ សម្រាកលំហែរកម្សាន្តកម្រិតខ្ពស់”។
នៅក្នុងឱកាសនេះផងដែរ លោកបានអំពាវនាវដល់បណ្តាម្ចាស់ទីតាំង ដែលបម្រើដល់វិស័យទេសចរណ៍ទាំងអស់នៅទូទាំងខេត្ត ដូចជានៅតាមសណ្ឋាគារ ផ្ទះសំណាក់ និងកន្លែងកម្សាន្តនានា ត្រូវមានការអនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាល ឱ្យបានខ្ជាប់ខ្ជួន ដើម្បីបង្ការជំងឺឆ្លងដែលកំពុងកើតមាននៅទូទាំងសាកលលោក។

សម្រាប់សេវាផ្គត់ផ្គង់ផ្នែកបដិសណ្ឋារកិច្ច និងការស្នាក់នៅ រួមមានសណ្ឋាគារ ផ្ទះសំណាក់ បឹងហ្គាឡូ សរុបចំនួន៩២ទីតាំងនៅទូទាំងខេត្ត ដែលក្នុងនោះសណ្ឋាគារមានចំនួន១៣ទីតាំង ផ្ទះសំណាក់ចំនួន៥៧ទីតាំង និងបឹងហ្គាឡូ រួមនឹងតំបន់ស្នាក់នៅបែបលំហែរសរុបចំនួន២២ទីតាំង ដោយឡែកទីតាំងរមណីយដ្ឋានគោលដៅទេសចរណ៍ប្រចាំនៅក្នុងខេត្តមានចំនួន៣៥កន្លែង ដែលរូបភាពទាំងអស់នេះ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញ និងទាក់ទាញកំណើនទេសចរ យ៉ាងសំខាន់។
អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ Kraty Realthy Co,.Ltd លោក ចក់ ស៊ីណាត បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីពេលថ្មីៗនេះថា កែប នៅតែអាចរក្សាបាននូវភាពល្អប្រសើរនៅក្នុងវិស័យអចលនទ្រព្យ ពោលគឺមិនមានការធ្លាក់ចុះនូវតម្លៃដីធ្លី ដូចបណ្តាខេត្តផ្សេងៗនោះទេ ផ្ទុយទៅវិញសកម្មភាពនៃការទិញលក់ដីធ្លី សម្រាប់វិនិយោគក្នុងរយៈពេលវែង នៅក្នុងខេត្តមួយនេះនៅតំបន់មួយចំនួន ដូចជាតំបន់ឆ្នេរ តំបន់ជាប់មាត់ព្រែក និងតំបន់ជាប់ភ្នំ នៅតែបន្តមាន មិនស្ងប់ស្ងាត់នោះទេ ។
លោកបន្តទៀតថា “ភាគច្រើនការវិនិយោគដីធ្លីនៅក្នុងខេត្តកែប ជាប្រភេទការវិនិយោគក្នុងរយៈពេលយូរអង្វែង ដែលកម្រមានការទិញដីក្នុងទ្រង់ទ្រាយធំ ហើយធ្វើការពុះជាដីឡូតិ៍នោះទេ”។លោកបន្ថែមថា“ការវិនិយោគភាគច្រើន ជាការវិនិយោគទៅលើគម្រោងអភិវឌ្ឍន៍ជាមណ្ឌលកម្សាន្ត ដូចជាតំបន់ទេសចរណ៍កែច្នៃ និងតំបន់លំនៅដ្ឋានបែបលំហែរកាយសម្រាប់បម្រើដល់វិស័យទេសចរណ៍ ឬសម្រាប់ដាក់លក់ក្នុងតម្លៃថ្លៃ ក្រោយបញ្ចប់ការសាងសង់រួចរាល់”៕






