ស្ពានអាកាសថ្មើរជើរផ្សារដើមគរនឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃទី២៤ ខែកក្កដាស្អែកនេះ

0

ដោយៈ រ៉ាណេត

ភ្នំពេញៈ ដូចទៅនឹងការគ្រោងទុក នៅត្រឹមព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ស្អែកនេះ ស្ពានអាកាសថ្មើរជើងនៅចំណុចស្តុបផ្សារដើមគរ នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការយ៉ាងប្រាកដក្រោមវត្តមានរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

ពិធីសម្ពោធដាក់ឱ្យដំណើរការស្ពានអាកាសថ្មើរជើង ស្ថិតនៅទីតាំងស្តុប ចំណតរថយន្តផ្សារដើមគ ក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ នឹងប្រារព្ធឡើងនៅវេលាម៉ោង៩ព្រឹក ថ្ងៃសុក្រ ទី២៤ ខែកក្កដា ឆ្នាំ២០២០ ក្រោមវត្តមានរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងមន្ត្រីក្រោមឱវាទ ព្រមទាំងបុគ្គលិកតំណាងក្រុមហ៊ុនម៉ៅការសាងសង់។

ស្ពានអាកាសថ្មើរជើងផ្សារដើមគ ស្ថិតនៅលើមហាវិថីម៉ៅសេទុងមួយនេះ មានបណ្ដោយ២៧ម៉ែត្រ និងទទឹង៣ម៉ែត្រ។ ស្ពានអាកាសថ្មើរជើង ផ្សារដើមគ ត្រូវបានសាងសង់ឡើងស្របគ្នានឹងស្ពានអាកាសថ្មើរជើង នៅភ្លើងស្តុបសន្ធរម៉ុក។ ប៉ុន្តែមកដល់ពេលនេះ ស្ពានអាកាសថ្មើរជើង នៅចំណុចស្តុបសាលាសន្ធរម៉ុក មិនទាន់បញ្ចប់ការសាងសង់នៅឡើយនោះទេ។

យោងតាមផែនការមេរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្រៅពីស្ពានថ្មើរជើងនៅចំណុ​ចផ្សារដើមគរ នៅសាលាសន្ធរមុខ និងនៅជម្ពូរវ័ន ផ្លូវជាតិលេខ៤ នៅមានស្ពានអាកាសថ្មើរជើងចំនួន២៥កន្លែងទៀត ដែលគ្រោងសាងសង់ ដើម្បីជួយសម្រួលដល់ការធ្វើចរាច​រណ៍ និងកាត់បន្ថយគ្រោះថ្នាក់ក្នុងពេលធ្វើដំណើរជាយថាហេតុ។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានប្រាប់ឱ្យដឹងនៅរសៀលថ្ងៃទី២៣ ខែកក្តដា២០២០នេះថា ក្រៅពីសាងសង់ស្ពានអាកាសថ្មើរជើង រហូតមកដល់ពេលនេះ ការដ្ឋានកែសម្រួលប្រព័ន្ធចរាចរ នៅតំបន់ក្តាន់ពីរអនុវត្តន៍បានជិតរួចរាល់ហើយ គឺនៅសល់តែការងាររៀបការ៉ូឡាលើចិញ្ចើមផ្លូវប៉ុណ្ណោះ ដែលគ្រោងបញ្ចប់នៅក្នុងសប្តាហ៏ក្រោយនេះ ។

លោកបញ្ជាក់ថា ចំពោះការកែសម្រួលប្រព័ន្ធចរាចរនៅតំបន់ក្តាន់២នេះ រដ្ឋបាលរាជធានីភ្នំពេញ បានប្តូរទីតាំងភ្លើងស្តុប ពង្រីកផ្លូវសហព័ន្ឋរុស្ស៊ី ជីកដាក់លូទំហំ១ម៉ែត្រ និងអ៊ុតកៅស៊ូផ្លូវបានរួចរាល់ហើយ។ ក្នុងនោះមានពង្រីកកំណាត់មហាវិថីសហព័ន្ធរុស្ស៊ី ចិញ្ចើមផ្លូវខាងជើង ដោយចាប់ពីស្ថានីយប្រេងឥន្ធនៈតូតាល់ដល់ផ្លូវកែង មហាវិថីស៊ីធីសេនធ័រ ចូលទីក្រុងរណបភ្នំពេញស៊ីធីសេនធ័រ (តំបន់អភិវឌ្ឍន៍បឹងកក់)នឹងដាក់លូទំហំ១ម៉ែត្រ ដើម្បីរំដោះទឹកចេញពីដងមហាវិថីព្រះមុនីវង្សនិងមហាវិថីសហព័ន្ធរុស្ស៊ី។

ការកែសម្រួលប្រព័ន្ធចរាចរណ៍ នៅត្រង់ចំណុចប្រសព្វក្តាន់២រវាងវិថីស៊ីធីសេនធ័រ (ផ្លូវ R៦) និងវិថីសាធារណរដ្ឋឆេកនេះ រដ្ឋបាលរាជធានីភ្នំពេញបានធ្វើការកែសម្រួលផ្ទៃសួនច្បារក្តាន់ពីរមួយផ្នែកទៅជារង្វង់មូលក្តាន់២និងស្ថាបនាផ្លូវជុំវិញរង្វង់មូលនេះដោយរក្សារូបសំណាកក្តាន់២ឱ្យនៅដដែល។

មន្ត្រីដដែលបានអះអាងថា ក្រោយពីដាក់អោយដំណើរការភ្លើងស្តុបថ្មី និងការពង្រី​កផ្លូវរួច តំបន់ខាងលើនេះកាត់បន្ថយនូវការកកស្ទះចរាចរណ៍ បានប្រមាណ៦០ភាគរយ ហើយក៏ទទួលបាននូវការកោតសរសើរ និងសាទរពីសំណាក់ប្រជាពលរដ្ឋយ៉ាងខ្លាំងផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here