ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ សំណង់រង្វង់មូលក្ដាន់២ ដែលសាងសង់ឡើងដើម្បីសម្រួលចរាចរណ៍ រួមជាមួយការរៀបខឿនរបងសម្រាប់ថ្មើរជើងនៅតំបន់ជុំវិញ និងមុខទីស្ដីការគណៈរដ្ឋមន្ត្រីឈានជិតដល់ទីបញ្ចប់ទាំងស្រុងហើយ។

ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ លោក សាំ ពិសិដ្ឋ បានប្រាប់កាលពីល្ងាចថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ថា គម្រោងនៃការកែសម្រួលប្រព័ន្ធចរាចរណ៍ ប្តូរទីតាំងភ្លើងស្តុបនៅតំបន់ក្តាន់២ ការពង្រីកផ្លូវ សហព័ន្ធរុស្ស៊ី និងដាក់លូទំហំ១ម៉ែត្រ ជាមួយនឹងការអ៊ុតកៅស៊ូ នៅខាងជើងផ្លូវមុខទីស្ដីការគណៈរដ្ឋមន្ត្រី និងរៀបការ៉ូឡាលើចិញ្ចើមផ្លូវបានឈានមកដល់ទីបញ្ចប់ហើយ។
លោកបានបញ្ជាក់ថា គម្រោងនៃការកែសម្រួលប្រព័ន្ធចរាចរណ៍នៅចំណុចតំបន់ក្តាន់២ គឺធ្វើឡើងក្នុងគោលបំណង ដើម្បីឱ្យស្ថានភាពចរាចរណ៍នៅតំបន់នេះ មានភាពប្រសើរ ជាងមុន ខណៈតំបន់នេះមានការកកស្ទះចរាចរណ៍រាល់ថ្ងៃ។ ពាក់ព័ន្ធនឹងការកែសម្រួល ប្រព័ន្ធចរាចរណ៍នៅចំណុចតំបន់ក្តាន់២ និងការជីកដាក់លូតាមបណ្តោយខាង ជើងផ្លូវ សហព័ន្ធរុស្ស៊ីនេះ រដ្ឋបាលរាជធានីភ្នំពេញ បានស្ថាបនាដោយពង្រីកកំណាត់ មហាវិថី សហព័ន្ធរុស្ស៊ី ចិញ្ចើមផ្លូវខាងជើងដោយចាប់ពីស្ថានីយប្រេងឥន្ធនៈតូតាល់ដល់ផ្លូវកែង មហាវិថីស៊ីធីសេនធ័រ ចូលទីក្រុងរណបភ្នំពេញស៊ីធីសេនធ័រ (អតីតតំបន់អភិវឌ្ឍន៍បឹងកក់) នឹងដាក់លូទំហំ១ម៉ែត្រ ដើម្បីរំដោះទឹកចេញពីដងមហាវិថីព្រះមុនីវង្ស និងមហាវិថី សហព័ន្ធរុស្ស៊ី។ ការកែសម្រួលប្រព័ន្ធចរាចរណ៍ នៅត្រង់ចំណុច ប្រសព្វក្តាន់២ រវាងវិថីស៊ីធី សេនធ័រ (ផ្លូវ R៦) និងវិថីសាធារណរដ្ឋឆេក រដ្ឋបាលរាជធានីភ្នំពេញបាន កែសម្រួលផ្ទៃសួន ច្បារក្តាន់ពីរមួយផ្នែកទៅជារង្វង់មូលក្តាន់២ និងស្ថាបនាផ្លូវជុំវិញរង្វង់មូល ដោយរក្សារូប សំណាកក្តាន់២ឱ្យនៅដដែល។

ជាការលើកសោភ័ណភាពរាជធានីភ្នំពេញឱ្យ កាន់តែមានភាពស្រស់ស្អាត និងមានសណ្ដាប់ធ្នាប់ល្អរដ្ឋបាលរាជធានីភ្នំពេញគ្រោងនឹងស្ថាបនារបងថ្មនៅមុខទីស្តីការគណៈរដ្ឋមន្ត្រីតាមបណ្តាយមហាវិថីសហព័ន្ធរុស្ស៊ីនេះ ប្រវែងជិត១គីឡូម៉ែត្រ ដោយ ចាប់ពីស្ថានីយប្រេងឥន្ធនៈតូតាល់រហូតដល់ស្តុបវត្តនាគវ័នបន្ថែមទៀត។
មន្ដ្រីជំនាញរដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ថា គម្រោងនៃការ រៀបចំសាងសង់របងថ្ម នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីទល់មុខ នឹងទីស្ដីការគណៈរដ្ឋមន្ត្រី នេះ រដ្ឋបាលរាជធានីភ្នំពេញគ្រោងធ្វើជាពីរដំណាក់កាល ដោយតំណាក់កាលទី១ ចាប់ ផ្ដើមអនុវត្តន៍ការដ្ឋានចេញពីស្ថានីយប្រេងឥន្ធនៈតូតាល់ដល់ផ្លូវR៦ (ស្តុបក្តាន់២) មានប្រវែង ៦៥០ម៉ែត្រកម្ពស់២ម៉ែត្រ។ តំណាក់កាលទី២ ចាប់ផ្ដើមពីផ្លូវR៦ (ស្តុបក្តាន់២) រហូតដល់ទប់វត្តនាគវ័នដែលមានប្រវែង៤៣៧ម៉ែត្រ៕






