ដោយ ៖ ហ្សូលី
ប៉េកាំង ៖ វិស័យហេដ្ឋារចនាសម្ព័ន្ធនៅទូរទាំងប្រទេសចិនបានកើនឡើង ៦ភាគរយ គិតត្រឹមពាក់កណ្តាលឆ្នាំ ២០២០នេះ។ នេះបើតាមឱ្យដឹងពីក្រសួងដឹកជញ្ជូនរបស់ប្រទេសចិន ចេញផ្សាយកាលពីពេលថ្មីៗនេះ។

ដោយសារតែភាពរីកចម្រើននៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេស បានធ្វើឱ្យរដ្ឋាភិបាលចិនចាប់ផ្តើមហ៊ានបោះទុនវិនិយោគរាប់ពាន់លានដុល្លារ ទៅលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅក្រៅប្រទេស ជាពិសេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
រដ្ឋាភិបាលចិនបានចំណាយថវិកាប្រមាណ ១.៤៥ទ្រីលានយន់ ឬស្មើនឹង ២០៧ពាន់លានដុល្លារ ទៅលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធច្រើនប្រភេទដូចជា ផ្លូវដែក ផ្លូវហាយវេ ផ្លូវទឹក និងផ្លូវអាកាស។ តួលេខនេះគ្រាន់តែជាការសរុបសម្រាប់ការចំណាយត្រឹមពាក់កណ្តាលឆ្នាំ ២០២០ តែប៉ុណ្ណោះ ដោយយោងតាមមន្ត្រីរបស់ក្រសួងសាធារណការ។
ចិនបានស្តារសេដ្ឋកិច្ចបានមកវិញនៅក្នុងត្រីមាសទី២ ជាមួយល្បឿនដ៏លឿនស្ទើរមិនគួរឱ្យជឿ និងកំណើនវិនិយោគបានកើនឡើងដល់ ២១.៨ ភាគរយ។ បច្ចុប្បន្ន ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធក្នុងស្រុកនៅតែបន្តជាហូរហែ ទៅលើគម្រោងផ្លូវដែក ស្ពាន ផ្លូវហាយវេ និងការអភិវឌ្ឍនៅតាមជនបទដាច់ស្រយាល។
អត្ថប្រយោជន៍នៃការអភិវឌ្ឍនេះបានជួយសម្រួលយ៉ាងធំធេងទៅលើការដឹកជញ្ជូនទំនិញ មិនថាក្នុង និងក្រៅប្រទេសឡើយ ដែលនាំឱ្យអត្រានៃកំណើនផលិតទំនិញកើនឡើងជាប់គ្នារយៈពេល២ខែ នៅខែឧសភា និងមិថុនា ពី ០.៤ភាគរយ ដល់ ៣.៩ ភាគរយ។
ការដឹកជញ្ជូនទំនិញបានកើនឡើងពីមួយឆ្នាំទោមួយឆ្នាំ ឬស្មើនឹង ៦.៧៥ពាន់លានតោន ក្នុងរយៈពេល ៦ ខែដំបូងឆ្នាំនេះ ហើយតួលេខក៏បានកើនឡើងបន្ថែមទៀតនៅត្រីមាសទី២ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩។ កំណើននេះត្រូវបានគេប៉ាន់ស្មានថា ដោយសារតម្រូវការទំនិញក្នុងអំឡុងពេលវិបត្តិ Covid-19៕ ChinaDaily






