អ្នកជំនាញៈការរៀបចំនគរូបនីយកម្មដែលខ្វះផែនការនឹងធ្វើឲ្យមានភាពស្មុគស្មាញលើការរៀបចំដែនដី

0

ដោយស៊ីវ ម៉េង

ភ្នំពេញៈ អ្នកជំនាញផ្នែកនគរូបនីយកម្មបានអះអាងថា រាល់តម្រូវការ ឬការរៀបចំណាដែលខ្វះផែនការ ឬខ្វះការគិតគូររៀបចំទុកជាមុនសមស្រប នោះលទ្ធផលទទួលបានច្រើនតែជាគម្រោងច្របូកច្របល់ មានភាពលំបាកស្មុគស្មាញ  ហើយអាចធ្វើឱ្យខាតបង់ថវិកា និងធនធានច្រើននៅពេលអនុវត្តជាក់ស្តែង។

លោកបណ្ឌិតវ៉ាន់់វ៉ាតអ្នកឯកទេសផ្នែកនគរូបនីយកម្មបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថារដ្ឋាភិបាលជាអ្នកគាំពារនិងធានាខុសត្រូវលើការគ្រប់គ្រងការអភិវឌ្ឍនិងការអនុវត្តច្បាប់ដោយតម្លាភាពនៅក្នុងសង្គមជាតិ។ដូចនេះពេលណានិយាយដល់តម្រូវការកំណើនសេដ្ឋកិច្ចនិងការអភិវិឌ្ឍចីរភាពចាំបាច់ត្រូវរៀបចំផែនការទុកឱ្យបានល្អដើម្បីធានាបាននូវការអនុវត្តប្រកបដោយប្រសិទ្ធភាព។

លោកបន្តថា ការរៀបចំផែនការដីធ្លីសមស្របនៅគ្រប់កម្រិត ចាំបាច់ត្រូវមានការគិតគូរ និងសិក្សាកសាងឱ្យមានលក្ខណៈស៊ីចង្វាក់គ្នាជាមួយប្រទេសនៅក្នុងតំបន់ និងលើពិភពលោកផងដែរ។លោកបន្តថា ទោះជាយ៉ាងណា នៅក្នុងកិច្ចការបច្ចេកទេស គេអាចកសាងផែនការដីធ្លីទ្វេរទិសបាន គឺរៀបចំពីកម្រិតថ្នាក់ក្រោមឡើងទៅលើ ឬពីលើចុះក្រោម តាមការកំណត់របស់ប្រទេសនីមួយៗ

ផែនការថ្នាក់លើ ជាមូលដ្ឋានគោលសម្រាប់កសាងផែនការថ្នាក់ក្រោម និងផែនការថ្នាក់ក្រោម ជាមូលដ្ឋានលម្អិតច្បាស់លាស់ សម្រាប់កែតម្រូវផែនការថ្នាក់លើឱ្យបានសមស្របតាមស្ថានភាពជាក់ស្តែង និងតម្រូវការអភិវឌ្ឍរបស់សង្គម។

លោកបណ្ឌិតវ៉ាន់ វ៉ាតបានពន្យល់ថា មានមូលហេតុ និងការងារពាក់ព័ន្ធមួយចំនួន ដែលរដ្ឋាភិបាលកម្ពុជាខិតខំពុះពារ និងធ្វើឱ្យបានសម្រេចប្លង់គោលប្រើប្រាស់ដីអនាគត ដែលជាឧបករណ៍បង្ហាញទិសក្នុងការអភិវឌ្ឍ ដូចខាងក្រោម ទី១ការបាត់បង់ឯកសារ ឬមិនបានរៀបចំប្លង់គោលប្រើប្រាស់ដីនៅពេលប្រទេសជាតិក្រីក្រ ប្រជាជនតិច សំណង់ស្តួចស្តើង ទីផ្សារដីធ្លី និងកំណើនសេដ្ឋកិច្ចទាប ជាឱកាសងាយស្រួលក្នុងការកសាង និងអនុវត្តគម្រោង ហើយរដ្ឋមិនចំណាយធនធាននិងថវិកាច្រើន។

ផ្ទុយទៅវិញការរៀបចំនៅពេលនេះ រដ្ឋមានការខាតបង់ ក្នុងការដោះស្រាយគោលនយោបាយ និងប្រឈមការតវ៉ាច្រើនមុននឹងចេញបណ្ណកម្មសិទ្ធិ ឬធ្វើការអភិវឌ្ឍនៅតាមតំបន់មួយចំនួន ប៉ុន្តែទោះជាយ៉ាងណា ក៏នៅមិនទាន់ហួសពេលដែរ សម្រាប់ការខិតខំរបស់ប្រទេសយើងចាប់ពីពេលនេះតទៅ។

ទី២កំណើនប្រជាជន ការអភិវឌ្ឍកំពុងមានភាពគំហុក និងការផ្សាភ្ជាប់ជាមួយនឹងសមាហរណកម្មសេដ្ឋកិច្ចសកលលោក បានធ្វើឱ្យតម្រូវការដីធ្លីកាន់តែកើនឡើង ដែលធ្វើឱ្យរដ្ឋចាំបាច់ត្រូវចាត់ចែង រៀបចំទុកដាក់ឱ្យបានល្អប្រសើរ ឬពិនិត្យភាពសមស្របនៃរាល់តម្រូវការប្រើប្រាស់ដីធ្លីទាំងនោះទៅតាមផែនការ និងច្បាប់កំណត់ត្រឹមត្រូវ។

ទី៣បច្ចុប្បន្នភាព ប្រភេទដីនីមួយៗ មិនទាន់ត្រូវបានកំណត់ដោយច្បាប់ក្នុងការគ្រប់គ្រងឱ្យបានច្បាស់លាស់នៅឡើយ ដូចជា ការប្តូរប្រភេទដីដែលគ្មានប្លង់គោលត្រឹមត្រូវ ការចាក់លុបដីកសិកម្ម ដីព្រែក អូរ ឬបឹងធម្មជាតិ ដែលធ្វើឱ្យបាត់បង់ដីដាំដុះជាច្រើនសម្រាប់ផលិតនិងផ្គត់ផ្គង់ស្បៀង ធ្វើឱ្យខ្វះខាតទឹកប្រើប្រាស់ក្នុងផលិតកម្ម និងការរស់នៅ ព្រមទាំងអាចបាត់បង់ប្រព័ន្ធរំដោះទឹកនៅពេលទឹកជំនន់ និងគ្រោះធម្មជាតិកើតឡើង។

ទី៤រដ្ឋាភិបាលមានគោលនយោបាយតម្រង់ទិស អភិវឌ្ឍន៍ប្រកបដោយចីរភាព និងខិតខំជម្រុញកំណើនសេដ្ឋកិច្ចសម្រាប់ពេលបច្ចុប្បន្ន និងទៅអនាគត ដូចនេះចាំបាច់ត្រូវរៀបចំផែនការហេដ្ឋារចនាសម្ព័ន្ធ និងប្លង់គោលប្រើប្រាស់ដី ដើម្បីលើទឹកចិត្ត និងអូសទាញការវិនិយោគ ព្រមទាំងពង្រឹងការគ្រប់គ្រង ការប្រើប្រាស់ដីមានប្រសិទ្ធភាព។

ទី៥សំណង់ជាច្រើននៅកម្ពុជាបាននឹងកំពុងលូតលាស់ខ្លាំង ហើយភាគច្រើនសាងសង់តាមហេដ្ឋារចនា  សម្ព័ន្ធដែលមានស្រាប់ ខ្វះផែនការកំណត់តាមបច្ចេកទេសបានត្រឹមត្រូវ ឬមិនគោរពតាមប្លង់គោល ឬបទប្បញ្ញត្តិ សំណង់ ដែលអាចធ្វើឱ្យសំណង់គ្មានសណ្តាប់ធ្នាប់ និងគ្មានគុណភាព។ សំណង់រោងចក្រ និងឃ្លាំងជាច្រើន បាននឹងកំពុងបង្កើតឡើងរាយប៉ាយគ្រប់ទីកន្លែង ជាពិសេស ស្ថិតនៅក្នុងទីប្រជុំជនក្រុងមានមនុស្សអ៊ូរអរច្រើន ដែលធ្វើឱ្យបំពុលដល់បរិស្ថានក្នុងការរស់នៅ កកស្ទះចរាចរណ៍ និងមានការលំបាកក្នុងការរៀបចំក្រុងឱ្យបានល្អប្រសើរនៅពេលខាងមុខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here