ដោយ៖ ប៊ី
ភ្នំពេញៈ សហរដ្ឋអាមេរិកបានផ្តល់ជំនួយចំនួន៨២.៤លានដុល្លារ ដើម្បីចូលរួមចំណែកកាត់បន្ថយផលប៉ះពាល់ពីវិបត្តិសេដ្ឋកិច្ចសកល អំឡុងពេលការផ្ទុះឡើងនៃCOVID-19។

ក្នុងចំណោមជំនួយចំនួន៨២.៤លានដុល្លារ សហរដ្ឋអាមេរិកបានរួមចំណែកជាជំនួយចំនួន១១លានដុល្លារ សម្រាប់ប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ១៩ នៅប្រទេសកម្ពុជា។ នេះបើយោងតាមស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០នេះ។
ស្ថានទូតអាមេរិកនៅកម្ពុជា បានសរសេរលើបណ្តាញសង្គមFacebook ផ្លូវការរបស់ខ្លួនថា “យើងកំពុងតែកៀងគរធនធានចាំបាច់ ហើយធ្វើការជាមួយដៃគូកម្ពុជារបស់យើង ដើម្បីប្រឈមដោះស្រាយវិបត្តិផ្នែកសុខភាពសាកលនេះ”។
លោកW. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា “ធនធានទាំងនេះគឺជាផ្នែកមួយ នៃភាពជាដៃគូរយៈពេលវែងរបស់យើង ជាមួយប្រទេសកម្ពុជា”។
លោកបាថ្លែងថា តាំងពីឆ្នាំ១៩៩២មក រដ្ឋាភិបាលសហរដ្ឋអាមេរិក តែងតែជួយគាំទ្រដល់ការអភិវឌ្ឍរបស់ប្រទេសកម្ពុជា រាប់ពីការជួយកសិករក្នុងការបង្កើនទិន្នផល និងចំណូលរបស់គេ ដល់ការជួយម្ចាស់មុខជំនួញ និងអតិថិជនឲ្យទទួលបានផលពីកំណើនលូតលាស់សេដ្ឋកិច្ចដ៏អស្ចារ្យរបស់ប្រទេសកម្ពុជា និងរួមចំណែកដល់កំណើនលូតលាស់នេះ។
លោកបានបន្តថា “យើងបន្តកិច្ចសហការគ្នានេះជាមួយប្រជាជនកម្ពុជា នឹងការប្តេជ្ញាដ៏ចិត្តច្រើនថែមទៀត ហើយបន្តមានការប្រុងប្រយ័ត្ន នៅចំពោះមុខបញ្ហាប្រឈមនៃជំងឺរាតត្បាតជាសាកលកូវីដ១៩ ដែលមិនធ្លាប់មានពីមុនមក”៕






