ដោយវុត្ថា
សៀមរាបៈ អភិបាលស្រុកបន្ទាយស្រី បានប្រកាសប្តេជ្ញាដោះស្រាយបញ្ហាវិវាទដីធ្លីទ្រង់ទ្រាយធំនៅក្នុងនៅក្នុងមូលដ្ឋានរបស់ខ្លួន ខណៈដែលបានអូសបន្លាយអស់ជាយូរឆ្នាំមកហើយនោះ ដើម្បីឈានទៅដល់ការបញ្ចប់ការវិវាទរ៉ាំរ៉ៃ ស្របពេលដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា កំពុងធ្វើសិក្សាពីលទ្ធភាពកាត់ឆ្វៀល និងផ្តល់កម្មសិទ្ធិជូនដល់ប្រជាពលរដ្ឋដែលបានកាន់កាប់ និងអាស្រ័យផលជាក់ស្តែងយូរឆ្នាំនៅលើដីសាធារណៈរបស់រដ្ឋ។

លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រីបានមានប្រសាសន៍ឲ្យដឹងនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០នេះថា រដ្ឋបាលស្រុកបន្ទាយស្រីនឹងប្រមូល និងគ្រប់គ្រងរាល់ទិន្នន័យពាក់ព័ន្ធនឹងបញ្ហាដីធ្លីនេះ ពីថ្នាក់មូលដ្ឋានផ្ទាល់ឲ្យបានគ្រប់ជ្រុងជ្រោយ ជាមុនសិន ដើម្បីជៀសវាងការឆ្លៀតឱកាសពីសំណាក់ជនខិលខូច និងសកម្មជនដីធ្លីមួយចំនួន យកលេសនេះលេសនោះ មកទាមទារចំណែកឲ្យអាជ្ញាធរដោះស្រាយជូនដែរ។
លោកបន្ថែមថា បញ្ហាកាប់រានទន្ទ្រានវាតទីដីសាធារណៈរបស់រដ្ឋ នៅក្នុងស្រុកបន្ទាយស្រីនេះ កើតឡើងតាំងពីយូរមកហើយ ដូចជាការតាំងលំនៅដ្ឋាន ការកាន់កាប់អាស្រ័យផល នៅចន្លោះពី២ទៅ៣ឆ្នាំចុងក្រោយនេះ មានការទន្ទ្រានថ្មីៗនៅក្បែរតំបន់ឧទ្យានជាតិភ្នំគូលែន ក្រោមរូបភាពតាំងលំនៅដ្ឋាន និង ការដាំដាំដំណាំផ្សេងៗ ដែលពួកគាត់មួយចំនួនជាសកម្មជនដីធ្លីមានផ្ទះ និងមានដីចំនួន២-៣កន្លែងហើយ ហើយមកចាប់ដីគ្រាន់តែទុកលក់បន្តឱ្យឈ្មួញតែប៉ុណ្ណោះ ហើយបើគិតជាតួលេខមូលអាចដល់ពាន់ហិកតា ដូច្នេះក្នុងករណីកើតមានការទន្ទ្រានថ្មីៗនោះ អាជ្ញាធរស្រុកបានទប់ស្កាត់ ផ្អាក និងមានវិធានការជាបន្តបន្ទាប់។

លោកឃឹម ហ្វីណង់បានឱ្យដឹងទៀតថា កាលពីពេលថ្មីៗនេះ រដ្ឋបាលស្រុកបន្ទាយស្រី បានបើកកិច្ចប្រជុំដើម្បីពិភាក្សាលើបញ្ហាប្រឈម ការកំណត់ និងស្រង់ទិន្នន័យប្រជាពលរដ្ឋ ដែលអាចនឹងត្រូវបានកាត់ឆ្វៀល និងផ្តល់កម្មសិទ្ធិជូនបានពីសំណាក់រដ្ឋាភិបាល ក្នុងនោះបានកំណត់មុខសញ្ញាជនឱកាសនិយម និងសកម្មជនដីធ្លី ដែលក្លែងបន្លំជាជនក្រីក្រ ឬគ្រាន់តែសំអាងមូលហេតុផ្សេងៗ ហើយបានកាប់រានទន្ទ្រានវាតទីដីរដ្ឋ រួចទាមទារឲ្យអាជ្ញាធរទទួលស្គាល់ ការទប់ស្កាត់ការរុករានទន្ទ្រានយកដីរដ្ឋថ្មីៗបន្ថែម ការដាំដំណាំ រឺសាងសង់សំណង់ថ្មីៗ ដើម្បីបំភ័ន្តភ្នែកជាការកាន់កាប់អាស្រ័យផលយូរមកដែលសកម្មភាពទាំងនេះ នឹងត្រូវបានចាត់ទុកជាការទង្វើអនាធិបតេយ្យ រំលោភច្បាប់ ហើយរដ្ឋបាលស្រុក នឹងបន្តប្រកាន់ជំហររឹងមាំនិងម៉ឺងមាត់បំផុត ព្រមទាំងនឹងមានចំណាត់ការខាងផ្លូវច្បាប់យ៉ាងតឹងរឹងសម្រាប់ជនល្មើសទាំងនោះផងដែរ៕






