ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ មកដល់ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២០ នេះ ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ បានដំណើរការរបស់ខ្លួនលើសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស អស់រយៈពេល ១១ ឆ្នាំមកហើយ ។

នៅឆ្នាំ ២០០៩ ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ ជាក្រុមហ៊ុន ជាតិតែមួយគត់នៅកម្ពុជា ដែលប្រត្តិបត្តិការបម្រើអតិថិជនជាតិ និងអន្តរជាតិ ។
នៅក្នុសេចក្ដីថ្លែងសារដែលបង្ហាញពីភាពលំបាកដោយសារវិបត្តិសេដ្ឋកិច្ចជាសាកលដដែលនេះបានបញ្ជាក់ថា ៖ អស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះយើងបានរួមចំណែកដ៏សកម្មក្នុងការ ផ្តល់សេវាកម្មដឹកជញ្ជូនអ្នកដំណើរ និងទំនិញតាមផ្លូវអាកាសនៅកម្ពុជាអោយកាន់តែប្រសើរឡើង មិនតែប៉ុណ្ណោះអាកាសចរណ៍ជាតិមួយនេះក៏បានបណ្តុះបណ្តាលធនធានមនុស្សដូចជា អាកាសយានិក បាហុនិកា និងបុគ្គលិកគាំទ្រសេវាកម្មផ្សេងៗទៀតជាច្រើននាក់ ។
រហូតមកដល់ចុងឆ្នាំ ២០១៩ ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ បានបង្កើនចំនួនជើងហោះហើរក្នុងស្រុក និងហោះទៅកាន់ប្រទេសចិន (ប៉េកាំង ក្វាងចូវ សៀងហៃ ហាងចូវ និងហៃខូវ ) ប្រទេសវៀតណាម (ហូជីមិញ) បានត ភ្ជាប់ជើងហោះហើរថ្មីភ្នំពេញ-ដាណំាង (ប្រទេសវៀតណាម) ។
ឈានចូលដល់ឆ្នាំ ២០២០នេះស្ថានភាពការដឹកជញ្ជូនផ្លូវអាកាសត្រូវបាន កាត់បន្ថយយ៉ាងគំហុកដោយសារការរាតត្បាតជាសកលនៃមេរោគផ្លូវដង្ហើម COVID -19 ។ ជាការពិតណាស់ក្រុមហ៊ុនអាកាសចរណ៍ជាតិ យើងខ្ញុំ ក៏ទទួល រងនូវការប៉ះពាល់ពីការរាតត្បាតនេះដែរ ដែលតម្រូវអោយយើងកាត់បន្ថយនិងលុបជើងហោះហើរមួយចំនួនធំ ។
ទោះបីជាយ៉ាងណាក៏ដោយក៏ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ នៅតែបន្តកិច្ចប្រត្តិបត្តិការរបស់ខ្លួនប្រកបដោយមោទកភាព ដោយគោរព ប្រត្តិបត្តិយ៉ាងខ្ជាប់ខ្ជួនតាមស្តង់ដាអន្តរជាតិដូចជាសេចក្តីណែនាំរបស់អង្គការសុខភាពពិភពលោក និងគោលការណ៍របស់អាជ្ញាធរអាកាសចរណ៍ជាតិ-អន្តរជាតិនានា ជាពិសេសវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា ។
ក្នុងស្ថានភាពដ៏លំបាកនេះ ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ នៅតែខិតខំប្រឹងប្រែងយ៉ាងសស្រាក់ សស្រាំក្នុងការជួយដឹកជញ្ជូនប្រជាពលរដ្ឋខ្មែរមកកាន់ទឹកដីកំណើតវិញ ពីរដ្ឋធានីញ៉ូដេលី ប្រទេសឥណ្ឌា និងដឹកប្រជាជនហ្វីលីពីន ពីរាជធានីភ្នំពេញទៅកាន់ រដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន ប្រកបដោយសុវត្ថិភាពខ្ពស់ ។ គួរអោយកត់សំគាល់ផងដែរថា ក្រុមហ៊ុនអាកាសចរណ៍យើងមានវិធានការការពារខ្ពស់ហើយមិនមានបុគ្គលិកណាម្នាក់ឆ្លងមេរោគ COVID-19 នេះទេ ។
ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ មានសុទិដ្ឋិនិយម និងបានរៀបចំខ្លួនរួចជាស្រេចដើម្បីបង្កើនជើងហោះហើរក្នុងស្រុក និងទៅកាន់គោលដៅទេសចរណ៍អន្តរជាតិនានា ជាពិសេសគោលដៅអាសុីអាគ្នេយ៍តាមផែនការយុទ្ធសាស្រ្តបន្ទាប់ពីមានភាពធូរស្រាលពីជំងឺរាតត្បាតជាសកលនេះ ។
យើងខ្ញុំសូមថ្លែងអំណរគុណចំពោះការផ្តល់តម្លៃ និងទំនុកចិត្តដ៏កក់ក្តៅ បំផុតពីអតិថិជនទំាងអស់ និងសូមជូនពរឱ្យការធ្វើដំណើររបស់លោក-អ្នកតាម ជើងហោះហើររបស់ កម្ពុជា អង្គរ អ៊ែរ ប្រកបដោយសុវត្ថិភាព និងភាពរីករាយ៕






