ដោយវុត្ថា
ភ្នំពេញៈ ក្រុមហ៊ុនរបស់អ្នកឧកញ៉ា គិត ម៉េង ដែលទទួលសម្បទានអនុវត្តគម្រោងសាងស់រោងចក្រអគ្គិសនីដុតធ្យូងថ្ម អនុភាព៧០០មេហ្គាវ៉ាត់ នៅស្រុកបុទុមសាគរ ខេត្តកោះកុង បានបញ្ចប់ការដោះស្រាយសំណងគោលនយោបាយ ដល់ប្រជាពលរដ្ឋដែលរងផលប៉ពាល់នឹងគម្រោងវិនិយោគ ដើម្បីឈានទៅរកកិច្ចដំណើរតាមផែនការ ដែលបានគ្រោងទុក។
កិច្ចប្រជុំដំណោះស្រាយខាងនេះ បានធ្វើឡើងនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០នេះ នៅក្នុងបរិវេណវត្តថ្មស ស្ថិតក្នុងឃុំថ្មស ស្រុកបុទុមសាគរ ខេត្តកោះកុង ដោយមានការចូលរួមពីអភិបាលរងខេត្តកោះកុង ឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប, អាជ្ញាធរដែនដី ភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋរងផលប៉ះពាល់ទាំង៥៨គ្រួសារ។
ក្រុមហ៊ុនរ៉ូយ៉ាល់ គ្រុប អ៉ិនវេសមិន គ្រុប ឯ.ក ទទួលបានសម្បទានអនុវត្តគម្រោងសាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្មនាំចូល អនុភាព៧០០មេហ្គាវ៉ាត់ នៅស្រុកបុទុមសាគរ ខេត្តកោះកុង ដោយភ្ជាប់នឹងលក្ខខណ្ឌគន្លឹះសំខាន់ៗមួយចំនួន ដូចជា៖
* ទំហំការងារដែលក្រុមហ៊ុនត្រូវសាងសង់រួមមាន៖
– សាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្មនាំចូល អនុភាព៧០០មេហ្គាវ៉ាត់
– សាងសង់ប្រព័ន្ធតភ្ជាប់អគ្គិសនី តង់ស្យុង២៣០គីឡូវ៉ុល ប្រវែង៥០គីឡូម៉ែត្រ។
តភ្ជាប់ពីរោងចក្រអនុស្ថានីយបុទុមសាគររបស់អគ្គិសនីកម្ពុជាផង-
សាងសង់ស្ពានដឹកជញ្ជូនធ្យូងថ្មមាន២កំណាត់ ប្រវែងសរុប៦គីឡូម៉ែត្រ និងកន្លែងស្តុកធ្យូងថ្ម។
– ផ្លូវចូលទីតាំងគម្រោង ប្រវែង៤០គីឡូម៉ែត្រ
– អនុស្ថានីយអគ្គិសនីរបស់រោងចក្រ
– បន្ថែមបរិក្ខាសម្រាប់បញ្ចេញថាមពលទៅឲ្យអ្នកប្រើប្រាស់ក្នុងតំបន់ រួមមានប្រជាពលរដ្ឋ និងរោងចក្រ សហគ្រាស ឬតំបន់ឧស្សាហកម្ម ដែលអាចនឹងកើតមាននៅពេលអនាគត។

* រោងចក្រនេះ មានអនុភាពដំឡើង៧០០មេហ្គាវ៉ាត់ អនុភាពសុទ្ធ៦៨០មេហ្គាវ៉ាត់។ អគ្គិសនីកម្ពុជាធានាទិញថាមពលពីគម្រោង៨០% ក្នុង១ឆ្នាំ។ ទុនវិនិយោគសរុប ១៣៤៤,២០លានដុល្លារអាមេរិក ក្នុងនោះមានទុនផ្ទាល់៣០ភាគរយ និងកម្ចីពីធនាគារ ៧០ភាគរយ។
* ការដាកឲ្យដំណើរការរោងចក្រអគ្គិសនី ត្រូវស្របតាមផែនការមេអភិវឌ្ឍវិស័យអគ្គិសនីដោយម៉ាស៊ីនទី១ អនុភាព៣៥០មេហ្គាវ៉ាត់ ត្រូវដាក់ឲ្យដំណើរការនៅឆ្នាំ២០២៣ និងម៉ាស៉ីនទី២ អនុភាព៣៥០មេហ្គាវ៉ាត់ ត្រូវដាក់ឲ្យដំណើរការនៅឆ្នាំ២០២៤។ រយៈពេលសម្បទាន៣៨ឆ្នាំ ក្នុងនោះរយៈពេលសាងសង់៣ឆ្នាំ និងរយៈពេលធ្វើអាជីវកម្ម៣៥ឆ្នាំ ចំណែកថ្លៃលក់អគ្គិសនី០,០៧២៩២ដុល្លារអាមេរិក ក្នុង១គីឡូវ៉ាត់ម៉ោង៕






