ផែនការទីផ្សារទេសចរណ៍នឹងប្រែក្លាយខេត្តកែបឱ្យទៅជាគោលដៅទេសចរណ៍លម្ហែកម្រិតខ្ពស់នៅកម្ពុជា

0

ដោយវុត្ថា

ភ្នំពេញៈ អភិបាលខេត្តបានអះអាងថា ផែនការទីផ្សារទេសចរណ៍ខេត្តកែប ២០២០-២០២៤ នឹងរួមចំណែកប្រែក្លាយខេត្តកែបឱ្យទៅជា “គោលដៅទេសចរណ៍លម្ហែ​រកាយកម្រិតខ្ពស់”ដ៏ទាក់ទាញមួយនៅកម្ពុជា ស្របតាមផែនការបស់រាជរដ្ឋាភិបាលកម្ពុជា។

លោក សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប បានមានប្រសាសន៍នៅក្នុងសិក្ខាសាលាពិភាក្សាស្ដីពី “ការពិនិត្យលើពង្រាងផែនការទីផ្សារទេសចរណ៍ ខេត្តកែប លើកទី៣“ នាថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២០នេះ ថ្លែងថា ផែនការទីផ្សារទេសចរណ៍ខេត្តកែប (២០២០-២០២៤) នឹងរួមចំណែកយ៉ាងសកម្ម ក្នុងការលើកស្ទួយវិស័យទេសចរ​ណ៍របស់ខេត្តកែបឱ្យបានកាន់តែមានទាក់ទាញបន្ថែម។

លោកបន្តថា “ផែនការទីផ្សារទេសចរណ៍ខេត្តកែប នឹងត្រូវអនុវត្តន៍តាមរយៈការបង្កើតយុទ្ធនាការ និងកម្មវិធីផ្សព្វផ្សាយធនធាន សក្តានុពល ផលិតផលទេសចរណ៍ និងសេវាកម្មទេសចរណ៍សំខាន់ៗក្នុងខេត្ត ឱ្យបានទៅដល់ទីផ្សារគោលដៅ ដោយប្រើប្រាស់នូវ “ប្រព័ន្ធទីផ្សារឌីជីថល” ប្រកបដោយផែនការច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ”។

លោកសោម ចិន្តា ប្រធានមន្ទីរទេសចរណ៍ខេត្ត និងជាអនុប្រធានក្រុមការងារបច្ចេ​កទេសអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្ត បានឱ្យដឹងដែរថា ផែនការទីផ្សារទេសចរណ៍ខេត្តកែបនេះទទួលបានជោគជ័យ លុះត្រាតែមានការចូលរួមទាំងអស់គ្នា ដើម្បីផ្តល់ជាធាតុចូលដើម្បីអោយផែនការនេះ មានលក្ខណៈគ្រប់ជ្រុងជ្រោយ។

លោកបានបញ្ជាក់ទៀតថា ផែនការទីផ្សារទេសចរណ៍ខេត្តកែបនេះ នឹងដើរតួជាផែនទីបង្ហាញផ្លូវ សម្រាប់ការធ្វើទីផ្សារទេសចរណ៍ ក្នុងរយៈពេល៥ឆ្នាំខាងមុខ ប្រកប​ដោ​យទស្សនៈវែងឆ្ងាយ ដើម្បីចង្អុលបង្ហាញ និងរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីទាក់ទាញ “ទីផ្សារទេសចរណ៍មានគុណភាព” តាមរយៈការទាក់ទាញចំណែកទីផ្សារសក្តានុពល ដូចជា “ទេសចរលំដាប់ខ្ពស់” “ទេសចរវ័យចំណាស់ ចូលនិវត្តន៍” និង “ ទេសចរធ្វើដំណើរជាមួយគ្រួសារ”។

រដ្ឋាភិបាលតាមរយៈក្រសួងទេសចរណ៍បាន និងកំពុងរៀបចំផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែប ដើម្បីក្លាយជាគោលដៅទេសចរណ៍ធម្មជាតិ ស្ងប់ស្ងាត់ ប្រណីតកម្រិតខ្ពស់ ប្រកបដោយភាពទាក់ទាញ និងភាពប្រកួតប្រជែងនៅក្នុងតំបន់ និងពិភពលោក៕

LEAVE A REPLY

Please enter your comment!
Please enter your name here