អាជ្ញាធរខេត្តសៀមរាបសម្រេចផ្តល់ឡាប៊ែលសុវត្ថិភាពជូនដល់មូលដ្ឋានអាជីវកម្មទេសចរណ៍ចំនួន ២៤កន្លែង

0

ដោយវុត្ថា

សៀមរាប៖ ក្រុមការងារត្រួតពិនិត្យវិធានសុវត្ថិភាពទេសចរណ៍ក្នុងខេត្តសៀមរាបបានសម្រេចផ្តល់ឡាប៊ែលសុវត្ថិភាពជូនដល់មូលដ្ឋានអាជីវកម្មចំនួន ២៤កន្លែង ក្នុងចំណោមចំនួន ៥៦ ទីតាំងអាជីវកម្មដែលក្រុមកាងារបានចុះត្រួតពិនិត្យដោយផ្ទាល់ក្នុងខែកក្កដា ឆ្នាំ ២០២០ នេះ ។

យោងតាមរបាយការណ៍ដែលផ្សព្វផ្សាយនៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២០ នេះ របស់ក្រុមការងារត្រួតពិនិត្យសុវត្ថិភាពទេសចរណ៍ក្នុងខេត្តសៀមរាបជំហានទី១ ក្នុងខែកក្កដា ឆ្នាំ២០២០ បានចុះត្រួតពិនិត្យចំនួន ៥៦ ទីតាំងអាជីវកម្ម ក្នុងនោះ ៖
១- ផ្នែកសេវាកម្មស្នាក់នៅទេសចរណ៍មានចំនួន ២១ កន្លែង (សណ្ឋាគារ ១១ កន្លែង និងផ្ទះសំណាក់ ១០ កន្លែង)
២- ផ្នែកសេវាកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍មានចំនួន ២៥ កន្លែង
៣- ផ្នែករមណីយដ្ឋាន និងសហគមន៍អេកូ-ទេសចរណ៍មានចំនួន ០៧ កន្លែង ។

របាយការណ៍ដដែលបន្តថា តាមរយៈការចុះត្រួតពិនិត្យ និងវាយតម្លៃរបស់ក្រុមការងារទៅលើលក្ខណៈវិនិច្ឆ័យសុវត្ថិភាពទេសចរណ៍បានសម្រេចស្នើសុំការសម្រេចនូវការផ្តល់ឡាប៊ែលសុវត្ថិភាពជូនដល់មូលដ្ឋានអាជីវកម្មចំនួន ២៤កន្លែង ក្នុងនោះរួមមាន ៖

– ផ្នែកសេវាកម្មស្នាក់នៅទេសចរណ៍ស្នើសុំឡាប៊ែលសុវត្ថិភាព ចំនួន ១០ កន្លែង (សណ្ឋាគារ ០៥ កន្លែង និងផ្ទះសំណាក់ ០៥ កន្លែង) ។
– ផ្នែកសេវាភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ស្នើសុំឡាប៊ែលសុវត្ថិភាពចំនួន ១០ កន្លែង។
– ផ្នែករមណីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ ស្នើសុំឡាប៊ែលសុវត្ថិភាពចំនួន ០៤ កន្លែង។

ដោយឡែកសម្រាប់អាជីវកម្មដែលពុំទាន់លក្ខណៈគ្រប់គ្រាន់ក្នុងការស្នើសុំឡាប៊ែលសុវត្ថិភាព ក្រុមការងារត្រួតពិនិត្យសុវត្ថិភាពទេសចរណ៍ក្នុងខេត្តសៀមរាបនឹងធ្វើការណែនាំឲ្យកែតម្រូវតាមស្តង់ដាសុវត្ថិភាពទេសចរណ៍ទើបស្នើសុំឡាប៊ែលជូននៅពេលក្រោយ ។

ជាមួយគ្នានោះដែរ លោក ពៅ ពិសិដ្ឋ អភិបាលរង និងជាប្រធានក្រុមការងារត្រួតពិនិត្យវិធានសុវត្ថិភាពទេសចរណ៍ក្នុងខេត្តសៀមរាបបានដាក់នូវវិធានការចំនួន ០៣ ៖
១- ស្នើសុំដល់អភិបាលក្រុង ស្រុកទាំងអស់ឲ្យបន្តផ្សព្វផ្សាយពីបញ្ហាជំងឺកូវីដ-១៩ ពិសេសពេលប្រជុំគណៈបញ្ជាការឯកភាពក្រុង ស្រុក
២- ស្នើសុំដល់មន្ទីរទេសចរណ៍ និងមន្ទីរសុខាភិបាលខេត្ត បើកវគ្គបណ្តុះបណ្តាលជន បង្គោលវិធានសុវត្ថិភាពទេសចរណ៍ដល់មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ដែលកំពុងដំណើរការក្នុងខេត្តសៀមរាប
៣- រៀបចំចងក្រងវីដេអូអំពីវិធានសុវត្ថិភាពទេសចរណ៍ដល់មូលដ្ឋានអាជីវកម្មទេសចរណ៍ដែលបានអនុវត្តត្រឹមត្រូវតាមវិធានសុវត្ថិភាពទេសចរណ៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here