ដោយៈ រ៉ាណេត
ភ្នំពេញៈ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-ចិន ដែលនឹងចុះហត្ថលេខានៅត្រឹមពាក់កណ្តាលខែសីហា ខាងមុខនេះ ត្រូវបានសាធារណៈជនទូទៅ ក៏ដូចជារដ្ឋាភិបាលបង្ហាញពីក្ដីសាទរ ដែលអាចទទួលបានផ្លែផ្កាយ៉ាងច្រើន និងជួយជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យរីកចម្រើន។

ទន្ទឹមគ្នានេះ កម្ពុជាក៏អាចជួបភាពអវិជ្ជមានផងដែរ ប្រសិនបើគ្មានការពង្រឹងសមត្ថភាពលើការផលិតនៅកម្ពុជា។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ាលឹម ហេង បានមានប្រសាសន៍តាមទូរស័ព្ទនាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០នេះថា តាមគោលការណ៍ដែលចរចាកាលពីពេលកន្លងទៅ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា -ចិន ភាគីកម្ពុជាអាចមានសិទ្ធិ ក្នុងការនាំយកទំនិញចេញទៅកាន់ទីផ្សារប្រទេសចិន ច្រើនជាង ១០៣០០មុខ ដែលមានភាគរយខ្ពស់ជាងភាគីចិន នាំទំនិញចូលមកកាន់ទីផ្សារកម្ពុជា។
លោកឧកញ៉ាបានបញ្ជាក់ថា “តាមរយៈនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាប្រវត្តិសាស្ត្ររវាងកម្ពុជា និងប្រទេសយក្សចិនមួយនេះ យើងនឹងទទួលបានផលប្រយោជន៍ជាច្រើន ជាពិសេសការធ្វើពិពិធកម្ម នៃលទ្ធភាពក្នុងនាមជាអ្នកផលិត ដើម្បីនាំចេញទៅកាន់ទីផ្សារដ៏ធំនៃប្រទេសមហាអំណាចមួយនេះ និងកាន់តែធ្វើឱ្យបណ្តាប្រទេសផ្សេងទៀតស្គាល់នូវផលិតផលរបស់កម្ពុជា”។ លោកឧកញ៉ាបន្តថា “វាក៏ជាឱកាសទីផ្សារកម្ពុជានៅក្នុងតំបន់អាស៊ានដែរ ប្រសិនបើមានបណ្តាក្រុមហ៊ុនអន្តរជាតិនានា ចូលមកវិនិយោគនៅក្នុងកម្ពុជា នៅក្នុងការកែច្នៃផលិតផលកសិផលកម្ពុជា ហើយនាំចេញដែលក្រៅពីប្រទេសចិនក៏អាចនាំទៅកាន់ទីផ្សារដទៃទៀត ដែលទាំងអស់នេះ សុទ្ធតែជាការពង្រីកវិសាលភាពរបស់កម្ពុជាទៅកាន់ទីផ្សារពិភពលោក”។
វាជាផលប្រយោជន៍ដ៏ធំធេង និងជាមោទនភាពសម្រាប់ប្រជាពលរដ្ឋកម្ពុជា ហើយត្រូវយកឱកាសនេះ សម្រាប់បង្កើនលទ្ធភាពក្នុងការផលិត ជាពិសេសក្នុងវិស័យកសិកម្ម ដូចជាដំណាំអាទិភាពរួមមាន អង្ករ ដំឡូងមី សណ្ដែក ពោត កៅស៊ូ ហើយយើងសង្ឃឹមថា អាចនឹងនាំចេញនូវផ្នែកបសុសត្វ និងប្រភេទវារីវប្បកម្មផងដែរ ដែលរាជរដ្ឋាភិបាលកំពុងផ្តោតការយកចិត្តទុកដាក់ ក្នុងការជម្រុញធ្វើពិពិធកម្មឱ្យកាន់តែរីកចម្រើន និងប្រកបដោយគុណភាពខ្ពស់។
ចំណែកលោកបណ្ឌិតសុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកស្រាវជ្រាវបញ្ហាពាណិជ្ជកម្មរវាងកម្ពុជា-ចិន បានបង្ហាញពីក្ដីបារម្ភ ចំពោះការត្រៀមខ្លួនមិនទាន់រួចរាល់របស់កម្ពុជា ដែលធ្វើឱ្យការផលិតមិនបានខ្លាំង ដែលនាំឱ្យកម្ពុជាទទួលបានប្រយោជន៍តិចតួចពីពាណិជ្ជកម្មសេរីមួយនេះ។
លោកបណ្ឌិតបានបញ្ជាក់ថា “ក្រសួងពា់ព័ន្ធមួយចំនួន ត្រូវតែសហការធ្វើរួមគ្នា ដើម្បីធ្វើយ៉ាងណាជម្រុញការផលិតរបស់កម្ពុជា ឱ្យមានប្រសិទ្ធភាពទាំងបរិមាណ និងគុណភាព ដើម្បីអាចឆ្លើយតបទៅនឹងតម្រូវការនៃទីផ្សារប្រទេសចិន”។ លោកបន្ថែមថា “អ្វីដែលជាបញ្ហារបស់កម្ពុជាកំពុងតែប្រឈម និងពិបាកទាញយកប្រយោជន៍ពីពាណិជ្ជកម្មសេរីមួយនេះ គឺហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត មូលដ្ឋានផលិតកម្ម និងថ្លៃដើមដឹកជញ្ជូនខ្ពស់ជាងប្រទេសជិតខាង កង្វះធនធានមនុស្សក្នុងឧស្សាហកម្មធុនធ្ងន់ និងមធ្យម ព្រមទាំងកង្វះខាតផ្នែកបច្ចេកទេស”។
លោកបន្តថា ក្រៅពីលទ្ធភាពនៃការផលិត និងនាំចេញដែលធ្លាប់ធ្វើទៅបានកាលពីពេលកន្លងទៅ កម្ពុជាគួរបង្កើនលទ្ធភាព ក្នុងការនាំចេញនូវប្រភេទសាច់សត្វ ត្រី ដែលទីផ្សារប្រទេសចិនមានតម្រូវការខ្ពស់ ជៀសវាងការជម្រុញនាំចេញប្រភេទបន្លែ ដែលទីផ្សារប្រទេសចិន មានច្រើនយ៉ាងសន្ធឹមសន្ធាប់ក្នុងស្រុករួមទៅហើយនោះ៕






