
ដោយ៖ ប៊ី
ភ្នំពេញ៖ ប្រទេសកូរ៉េខាងត្បូង បានឱ្យដឹងថា ខ្លួនបានចាប់ផ្តើមការចរចារពាណិជ្ជកម្មសេរីជុំទី១ ជាមួយប្រទេសកម្ពុជានៅថ្ងៃព្រហស្បតិ៍នេះ ក្នុងគោលបំណង ដើម្បីជ្រៀតចូលកាន់តែជ្រៅទៅក្នុងទីផ្សារកម្ពុជា និងជម្នះរាល់រាល់ប៉ះពាល់សេដ្ឋកិច្ច ដែលបង្កដោយជំងឺកូវីដ១៩។

ក្រសួងពាណិជ្ជកម្មឧស្សាហកម្ម និងថាមពលរបស់កូរ៉េខាងត្បូង បានឱ្យដឹងថា ក្នុងអំឡុងពេល ២ ថ្ងៃនៃការចរចារជាក់ស្តែង ក្រុងសេអ៊ូល និងក្រុងភ្នំពេញនឹងពិភាក្សាលម្អិតអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ដែលរួមមានការពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគី។
សម័យប្រជុំនេះបានកើតឡើង បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើធ្វើឱ្យមានការរៀបចំសម្រាប់កិច្ចចរចាពាណិជ្ជកម្មសេរីទ្វេភាគី ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលរបស់លោកជាមួយប្រធានាធិបតីកូរ៉េខាងត្បូងលោកមូន ជេអ៊ីន នៅរាជធានីភ្នំពេញកាលពីខែមីនាឆ្នាំ ២០១៩។
ប្រទេសកម្ពុជាគឺជាទិសដៅនាំចេញធំជាងគេលំដាប់ទី ៥៨ សម្រាប់ប្រទេសកូរ៉េខាងត្បូងដែលមានសេដ្ឋកិច្ចធំទី ៤ នៅអាស៊ី។
ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ បានឈានដល់កម្រិតខ្ពស់បំផុត ១០០០ លានដុល្លារអាមេរិកក្នុងឆ្នាំ ២០១៩ កើនឡើង ៦ ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំមុន។ នេះបើយោងតាមទិន្នន័យដែលចងក្រងដោយសមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ។

ការនាំចេញរបស់កូរ៉េខាងត្បូងមកកាន់កម្ពូជាបានឈានដល់ ៦៩៧ លានដុល្លារក្នុងឆ្នាំ ២០១៩ កើនឡើង ៥.៥ ភាគរយ។ អតិរេកពាណិជ្ជកម្មឈានដល់ ៣៦១ លានដុល្លារ។
ប្រទេសនេះភាគច្រើននាំចេញរថយន្តដឹកទំនិញ ភេសជ្ជៈ និងវាយនភ័ណ្ឌប៉ាក់មកកាន់ប្រទេសកម្ពុជា ខណៈពេលដែលនាំចូលសម្លៀកបំពាក់ និងស្បែកជើង។
នៅពេលចុះហត្ថលេខារួច ប្រទេសកម្ពុជានឹងត្រូវបញ្ចូលទៅក្នុងបញ្ជីដៃគូពាណិជ្ជកម្មសេរីរបស់កូរ៉េខាងត្បូងនៅអាស៊ីអាគ្នេយ៍ ដែលបច្ចុប្បន្នគ្របដណ្តប់លើប្រទេសវៀតណាម និងសិង្ហបុរី។
កូរ៉េខាងត្បូងបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយអាស៊ាន ប៉ុន្តែប្រទេសនេះបាននិងកំពុងស្វែងរកកិច្ចព្រមព្រៀងដាច់ដោយឡែកពីគ្នាជាមួយសមាជិកនីមួយៗដើម្បីធ្វើឱ្យកិច្ចព្រមព្រៀងនីមួយៗកាន់តែមានភាពស៊ីជម្រៅ៕






