ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ រដ្ឋាភិបាលកម្ពុជា-ជប៉ុន បានបន្តកិច្ចសហប្រតិបត្តិការរក្សាការបើកចំហរទីផ្សារ និងធានានូវលំហូស្បៀងក៏ដូចជាផ្គត់ផ្គង់ទំនិញនានារវាងប្រទេសទាំង២ ក៏ដូចជាជ្រៀតចូលក្នុងសង្វាក់ផ្គត់ផ្គង់ស្បៀងនៅក្នុងតំបន់ផងដែរ។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានចូលរួមនៅក្នុងកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន-ជប៉ុន ដើម្បីឆ្លើយតបទៅនឹងកូវីដ-១៩ តាមរយៈសន្និសីទវីដេអូ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ម្សិលមិញនេះបានលើកឡើងពីភាពប្រឈមនានារបស់កម្ពុជាពាក់ព័ន្ធទៅនឹងវិបត្តិសាកលមួយនេះ។
លោករដ្ឋមន្ត្រីបានលើកឡើងពីសារៈសំខាន់នៃការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ កិច្ចសហប្រតិបត្តិការលើការស្រាវជ្រាវលើថ្នាំពេទ្យ និងវ៉ាក់សាំង ការរក្សាការបើកចំហទីផ្សារ ក៏ដូចជាការធានានូវលំហូរស្បៀង និងទំនិញក្នុងតំបន់។ ក្នុងន័យនេះ កម្ពុជាបានលើកទឹកចិត្តឱ្យមានការសហការគ្នាឱ្យកាន់តែជិតស្និទ្ធលើកិច្ចសម្រួលពាណិជ្ជកម្ម និងវិនិយោគ លុបបំបាត់របាំងពាណិជ្ជកម្ម និងប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីស្តារឡើងវិញនូវទំនុកចិត្តរបស់វិស័យធុរកិច្ច និងអតិថិជន។
នៅក្នុងកិច្ចប្រជុំមួយនេះក៏បានផ្លាស់ប្តូរយោបល់ពីស្ថានភាពនៃកូវីដ-១៩ នៅក្នុងតំបន់ ចែករំលែកពីវិធានការនានាក្នុងការប្រយុទ្ធនឹងមេរោគកូវីដ-១៩ និងពិភាក្សាពីការស្តារសេដ្ឋកិច្ចឡើងវិញផងដែរ។ ជាលទ្ធផល កិច្ចប្រជុំបានអនុម័តលើ “ផែនការសកម្មភាពក្នុងការពង្រឹងសេដ្ឋកិច្ចអាស៊ាន-ជប៉ុន” ដែលផែនការនេះផ្តោតសំខាន់លើការថែរក្សាទំនាក់ទំនងសេដ្ឋកិច្ចយ៉ាងជិតស្និទ្ធរវាងអាស៊ាន និងជប៉ុន កាត់បន្ថយផលប៉ះពាល់មកលើសេដ្ឋកិច្ចបណ្តាលមកពីមេរោគកូវីដ-១៩ និងពង្រឹងសេដ្ឋកិច្ចឱ្យកាន់តែរឹងមាំ។
កាលពីពេលថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាធ្លាប់បានបង្ហាញពីគោលបំណងរបស់កម្ពុជាក្នុងការជ្រៀតចូលក្នុងសង្វាក់ផ្គត់ផ្គង់ស្បៀងនៅក្នុងតំបន់តាមតែលទ្ធភាពអាចធ្វើទៅបាន។

សម្ដេចតេជោ បានមានប្រសាសន៍ថា “ Covid-19 មិនអាចផ្តាច់ដង្ហើម ជីពចរសេដ្ឋកិច្ច ដែលចិញ្ចឹមប្រជាជនឱ្យរស់គឺវិស័យកសិកម្ម។ ពេលនេះកម្ពុជា មិនមានខ្វះខាតស្បៀងនោះទេ ហើយថែមទាំងមានលទ្ធភាព សម្រាប់ធ្វើការនាំចេញទៅកាន់ទីផ្សារក្រៅប្រទេសថែមទៀត”។សម្តេចបានបន្ថែមថថា “កម្ពុជាអាចចូលរួមក្នុងសង្វាក់ផ្គត់ផ្គង់ស្បៀងក្នុងតំបន់ និងពិភពលោក។ ក្នុង១ឆ្នាំៗ កម្ពុជាមានសមត្ថភាពសល់ស្រូវជាង៦លានតោន ដែលគិតជាអង្ករមានជាង៤លានតោន បន្ទាប់ពីផ្គត់ផ្គង់ក្នុងស្រុករួច”។
សម្តេចតេជោបានបញ្ជាក់ថា នៅពេលបច្ចុប្បន្ននេះ ស្រូវអង្កររបស់យើង កំពុងនាំចូលទៅអឺរ៉ុបទោះបីជាត្រូវបង់ពន្ធក៏ដោយ។ ក្នុងរយៈពេល៦ខែក្នុងឆ្នាំ២០២០នេះ យើងបាននាំអង្ករ ( អង្ករក្រអូប ) ទៅទីផ្សារប្រទេសអឺរ៉ុបបានជាង១៣៨ ០០០តោន ស្មើនឹង៣៤ភាគរយនៃការនាំចេញសរុប។ នាំទៅចិនមានជាង១៤៨,០០០តោន នាំចេញទៅអាស៊ានជាង៥៤,០០០តោន។ នាំទៅកាន់ទិសដៅទីផ្សារផ្សេងៗបានជាង៦៣,០០០តោន សរុបក្នុងពេល៦ខែ ដើមឆ្នាំ២០២០នេះ កម្ពុជាបាននាំចេញអង្ករជាង៤០ម៉ឺនតោន៕







