កិច្ចប្រជុំកំពូលធុរកិច្ចមហាសមុទ្រឥណ្ឌូ-អាស៊ានលើកទី១ នឹងធ្វើឡើងនៅសប្ដាហ៍ក្រោយ ដើម្បីជម្រុញការវិនិយោគ

0

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ សហព័ន្ធឧស្សាហកម្មឥណ្ឌា (CII) នឹងរៀបចំពិព័រណ៍ និងកិច្ចប្រជុំកំពូលធុរកិច្ចមហាសមុទ្រឥណ្ឌូ-អាស៊ានលើកទី១នៅចុងសប្ដាហ៍ក្រោយនេះរយៈពេល៣ថ្ងៃ ដើម្បីផ្សព្វផ្សាយ និងស្វែងរកក្រុមហ៊ុនសហការជាដៃគូវិនិយោគរួមគ្នា។

តាមរយៈក្រសួងពាណិជ្ជកម្មកម្ពុជា បានធ្វើការផ្សព្វផ្សាយនៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០នេះថា សហព័ន្ធឧស្សាហកម្មឥណ្ឌា (CII) នឹងរៀបចំពិព័រណ៍ និងកិច្ចប្រជុំកំពូលធុរកិច្ចមហាសមុទ្រឥណ្ឌូ-អាស៊ានលើកទី១ រយៈពេល៣ថ្ងៃនៅចុងសប្ដាហ៍ក្រោយនេះ ពោលគឺចាប់ពីថ្ងៃទី៤-៦ ខែសីហា ឆ្នាំ២០២០។
នៅក្នុងសេចក្ដីប្រកាសដដែលបានបញ្ជាក់ថា ការរៀបចំពិព័រណ៍ និងកិច្ចប្រជុំកំពូលធុរកិច្ចខាងលើនេះ នឹងត្រូវធ្វើឡើងតាមរយៈវេទិកាអេឡិចត្រូនិក ដោយអ្នកចូលរួមអាចធ្វើការទំនាក់ទំនងជាលក្ខណៈឌីជីថល។

ពិព័រណ៍ និងកិច្ចប្រជុំមួយនេះ គឺជាជំនួបត្រីភាគីដំបូងបង្អស់របស់ប្រទេសឥណ្ឌា ដែលមានការចូលរួមពីបណ្តាប្រទេសលេចធ្លោមកពីអាស៊ាន និងតំបន់មហាសមុទ្រ ក៏ដូចជាការចូលរួមពីរដ្ឋាភិបាល សហគ្រាសធំៗមកពីបណ្តាប្រទេសទាំងអស់នៅក្នុងតំបន់ ដោយមានការផ្តោតសំខាន់ទៅលើវិស័យចំនួន៦ រួមមានដូចជា វិស័យជីវបច្ចេកវិទ្យាឱសថ និងសុខភាព វិស័យកសិ-និងផលិតផលសម្ព័ន្ធ វិស័យថាមពល(ថាមពលកកើតឡើងវិញ) វិស័យដឹកជញ្ជូន និងខ្សែសង្វាក់ផលិតកម្ម វិស័យទូរគមនាគមន៍ និងឧបករណ៍បច្ចេកវិទ្យាព័ត៌មានវិទ្យា ព្រមទាំងវិស័យខ្សែច្រវ៉ាក់តម្លៃផលិតកម្ម។

សម្រាប់កម្មវិធីពិព័រណ៍ និងកិច្ចប្រជុំធុរកិច្ចកំពូលលើកដំបូងខាងលើនេះ ម្ចាស់សហគ្រាស ផលិតករ ពាណិជ្ជករ សេវាករ និងម្ចាស់ក្រុមហ៊ុនវិនិយោគ ដែលមានបំណងចូលរួមផ្សព្វផ្សាយពីផលិតផល ឬសេវាកម្មរបស់ខ្លួន ក៏ដូចជាគម្រោងផ្សេងៗក្នុងការស្វែងរកដៃគូពាណិជ្ជកម្មអាចបំពេញបែបបទនៃការចុះឈ្មោះបានតាមរយៈគេហទំព័រ www.cii.in ៕

LEAVE A REPLY

Please enter your comment!
Please enter your name here