ជប៉ុន នឹងកៀងគរក្រុមអ្នកវិនិយោគរបស់ខ្លួនមកកាន់ខេត្តព្រះសីហនុ

0

ដោយ ៖ រ៉ាណេត

ព្រះសីហនុ ៖ រដ្ឋាភិបាលរបស់ជប៉ុនតាមរយៈឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជាបានសន្យាជួយផ្សព្វផ្សាយ និងកៀងគរក្រុមអ្នកវិនិយោគនៅប្រទេសជប៉ុនមកកាន់ខេត្តព្រះសីហនុបន្ថែមទៀត ដើម្បីចូលរួមអភិវឌ្ឍន៍ និងជម្រុញកំណើនសេដ្ឋកិច្ចនៅក្នុងកម្ពុជាឱ្យកាន់តែល្អប្រសើរ។

ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា លោក MIKAMI MASAHIRO បានមានប្រសាសន៍នៅក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនៅសាលាខេត្តព្រះសីហនុនាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០នេះថា រាជរដ្ឋាភិបាលជប៉ុន មានកិច្ចសហប្រតិបត្តិការល្អក្នុងនាមជាដៃគូអភិវឌ្ឍន៍ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលក្នុងនោះប្រជាពលរដ្ឋរវាងប្រទេសទាំង២ក៏មានភាពស្និទ្ធស្នាលស្អិតល្មួតផងដែរ។

លោកបានបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជាមានការអភិវឌ្ឍយ៉ាងខ្លាំង ជាពិសេសខេត្តព្រះសីហនុ ដែលមានការអភិវឌ្ឍយ៉ាងកំហុក ថ្វីត្បិតតែពិភពលោកកំពុងមានជំងឺកូវីដ-១៩ ឆ្លងរីករាលដាលយ៉ាងណាក៏ដោយ។
លោក MIKAMI បានមានប្រសាសន៍បញ្ជាក់ថា “កម្ពុជាបានឆ្លងកាត់សង្គ្រាមជាច្រើនឆ្នាំ ប៉ុន្តែពេលនេះសម្រេចបាននូវសុខសន្តិភាព ស្ថេរភាពនយោបាយ ពិសេស ខេត្តព្រះសីហនុ មានអគារខ្ពស់ៗជាច្រើនកន្លែងកំពុងមានការអភិវឌ្ឍន៍ខ្លាំងគួរឱ្យចាប់អារម្មណ៍ មានកំពង់ផែ ដែលមានសក្តានុពលអភិវឌ្ឍន៍ប្រទេសកម្ពុជាឱ្យមានការីកចំរើនពីមួយថ្ងៃទៅមួយថ្ងៃ”។

ជាមួយគ្នានេះលោកក៏បានថ្លែងអំណរគុណរដ្ឋបាលខេត្តដែលបានសហការសម្របសម្រួលក្នុងការចូលចតរបស់នាវាកងទ័ពជើងទឹកជប៉ុន និងនាវាជាច្រើនទៀត ដែលគ្រោងចូលចតនៅកំពង់ផែក្រុងព្រះសីហនុនៅពេលខាងមុខនេះ។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ខេត្តព្រះសីហនុ ជាខេត្តទេសចរណ៍ ហើយក៏ជាតំបន់សេដ្ឋកិច្ចពហុបំណង ដែលមានវិស័យសំខាន់ៗដូចជា វិស័យសំណង់ ឧស្សាហកម្ម ពាណិជ្ជកម្ម ដឹកជញ្ជូន និងទេសចរណ៍។ ខេត្តមានកំពង់ផែអន្តរជាតិទឹកជ្រៅ ព្រលានយន្តហោះអន្តរជាតិ ផ្លូវដែក និងផ្លូវគោកជាដើម។ តាមលទ្ធភាពឆ្នាំនេះរដ្ឋបាលខេត្តមានគម្រោងស្តារប្រព័ន្ធអូរ ប្រឡាយក្នុងក្រុងព្រះសីហនុ ដើម្បីរំដោះជំនន់ទឹកភ្លៀង ហើយយើងក៏មានបំណងចង់ ចាក់បេតុងជើងទេតាមអូរ ប្រឡាយ តែមិនទាន់មានថវិកាគ្រប់គ្រាន់។

លោកអភិបាលខេត្តក៏បានស្នើសុំដល់រដ្ឋាភិបាលជប៉ុន បន្តជួយគាំទ្រគម្រោងសាងសង់កំពង់ផែទេសចរណ៍នៅក្នុងក្រុងព្រះសីហនុ និងជួយសាងសង់មណ្ឌលសុខភាពនៅរាម និងនៅកោះរ៉ុង តាមរយៈកម្មវិធីជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុនផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here