ដោយវុត្ថា
ភ្នំពេញ៖ អភិបាលខេត្តកំពត បានជំរុញពន្លឿនការសិក្សាគម្រោងសាងសង់ស្ពានថ្មីឆ្លងកាត់ព្រែកកំពង់បាយក្រុងកំពត ខេត្តកំពត ជំនួសស្ពានឥន្ធនូរ ឲ្យបានចប់ឆាប់រហ័ស នៅដើមឬចុងខែសីហាឆ្នាំ២០២០នេះ ដើម្បីដាក់សំណើគោលការណ៍ពីប្រមុខរាជរដ្ឋាភិបាល។

លោក ជាវ តាយ អភិបាលខេត្តកំពតនៅក្នុងពិធីចុះពិនិត្យវាយតម្លៃស្ថានភាពស្ពានចាស់ទ្រុឌទ្រោម ដែលឆ្លងកាត់ព្រែកកំពង់បាយក្រុងកំពត ខេត្តកំពត(ស្ពានឥន្ធនូរ)នាថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២០នេះ ឱ្យដឹងថា គឺដើម្បីពិនិត្យសិក្សាស្វែងយល់ ឲ្យបានជាមូលដ្ឋានសម្រាប់ធ្វើសំណើសុំគោលការណ៍ពីប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីធ្វើការសាងសង់ស្ពានថ្មីឡើងវិញ
លោកបន្តថា បច្ចុប្បន្ននេះស្ពានចាស់នេះមិនមានរថយន្តទាំងតូចទាំងធំឆ្លងកាត់ឡើយគឺឆ្លងកាត់បានតែម៉ូតូ និងការធ្វើដំណើរដោយថ្មើរជើងតែប៉ុណ្ណោះ។លោកអភិបាលខេត្តបន្ថែមថា ការសាងសង់ស្ពានថ្មីនេះ បន្ទាប់ពីទទួលបានគោលការណ៍សម្រេចពីសម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រី រួចរាល់ហើយនោះ ស្ពាននេះអាចនឹងសាងសង់មិនឲ្យលើសពី រយៈពេល២ ឆ្នាំឡើយ ។

លោក ឧត្តមសេនីយ៍ឯក គង់ អៀង នាយករងនាយកដ្ឋានកងវិស្វកម្មក្រសួងការពារជាតិ បានប្តេជ្ញាថា នឹងដឹកនាំក្រុមការងារជំរុញការសិក្សាឱ្យចប់តាមផែនការឆ្លើយតបសំណើនិងសំណូមពរ លោជាយ តាយអភិបាលខេត្តកំពត។
លោកថ្លែងថា ក្រុមការងារនឹងធ្វើយ៉ាងណាជំរុញការសិក្សាគម្រោងនេះឲ្យបានលឿនឆាប់ចប់ ដើម្បីឱ្យរដ្ឋបាលខេត្តដាក់សំណើគោលការណ៍ទៅប្រមុខរាជរដ្ឋាភិបាលសម្រេចបានឆាប់រហ័ស។
បើតាម លោក ជាវ តាយ បានបញ្ជាក់ថា ការសាងសង់ស្ពាននេះក្នុងគោលបំណងជួយសម្រួលការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋទូទៅ ដើម្បីឆ្លើយតបទៅនឹងការរីកចំរើន និងការកើនឡើងចំនួនភ្ញៀវទេសចរជារៀងរាល់ឆ្នាំ ម្យ៉ាងទៀតដើម្បីបញ្ចៀសការស្ទះចរាចរណ៍ដែលតែងកើតមានឡើងជាប្រចាំ៕






