ដោយៈ រ៉ាណេត
ភ្នំពេញៈ អ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យកម្ពុជាបានធ្វើការព្យាករណ៍ថានៅក្នុងអំឡុងឆ្នាំ២០២១ទីផ្សារខុនដូកម្រិតមធ្យមនៅរាជធានីភ្នំពេញអាចនឹងមានសន្ទុះខ្ពស់ជាងទីផ្សារលំនៅដ្ឋានតម្លៃសមរម្យដោយសារតែស្ថានភាពនៃតម្លៃមានការប្រែប្រួលរួមជាមួយនឹងយន្តការថ្មីនៃការផ្តល់កម្ចីពីធនាគារលើការទិញខុនដូកាន់តែមានភាពធូរស្រាល។

នាយិកាប្រចាំប្រទេសក្រុមហ៊ុនភ្នាក់អចលនទ្រព្យ CBRE Cambodia លោកស្រីអានសុធីតាបានមានប្រសាសន៍នៅល្ងាចថ្ងៃទី៣០ខែកក្កដាឆ្នាំ២០២០ថាពេលនេះប្រជាជនខ្មែរបានជ្រាបពីអត្ថប្រយោជន៍ពីការវិនិយោគក្នុងវិស័យខុនដូបានច្រើនជាងមុនហើយមួយចំណែកទៀតក៏មានអ្នកដែលមានតម្រូវការស្នាក់នៅក្នុងខុនដូពិតប្រាកដផងដែរដែលផ្ទុយកាលពីប៉ុន្មានឆ្នាំមុនភាគច្រើនមានតែជនបរទេស។
លោកស្រីបានបន្តថា “កំណើននៃតម្រូវការទីផ្សារខុនដូកើនឡើង ដោយសារមានធាតុជាច្រើនចូលរួម ដែលក្រៅពីតម្រូវការស្នាក់ពិតប្រាកដ គឺនៅមានបម្រែបម្រួលតម្លៃ ភាពងាយស្រួល ក្នុងការទិញដោយបង់រំលោះ ជាពិសេសការផ្លាស់ប្ដូរនូវយន្តការថ្មីរបស់បណ្តាធនាគារឯកជនមួយចំនួន ដែលអាចផ្តល់កម្ចីសម្រាប់ទិញ”។
លោកស្រីអាន សុធីតា បានបញ្ជាក់ថា កាលពី២ ទៅ៣ឆ្នាំមុន លំនៅដ្ឋាននៅតាមតំបន់ជាយក្រុងភាគច្រើន មានតម្លៃមិនលើសពី៥–៦ម៉ឺនដុល្លារនោះទេ ប៉ុន្តែបច្ចុប្បន្នតម្លៃផ្ទះត្រឹម៧–៨ម៉ឺនដុល្លារស្ទើរតែរកមិនមាន ហើយបើមានគឺស្ថិតនៅឆ្ងាយពីក្រុងបន្តិច ហើយបើចំពោះវីឡាឃ្វីន នៅតាមគម្រោងមួយចំនួន គឺតម្លៃតម្លៃទាបបំផុតក៏២០ម៉ឺនដែរ ប៉ុន្តែលុយត្រឹម ៧–៨ម៉ឺនដុល្លារដដែលអាចទិញខុនដូនៅក្នុងតំបន់ទី២នៃរាជធានីភ្នំពេញបានហើយមានជម្រើសច្រើនទៀត។

ហេតុផលផ្សេងទៀត ដែលជម្រុញឱ្យកំណើននៃតម្រូវការខុនដូកើនឡើងផងដែរនោះត្រូវបានលោកស្រី អាន សុធីតា បញ្ជាក់ប្រាប់ថា ក្រៅពីការប្រែប្រួលនៃតម្លៃលំនៅ ដ្ឋានកម្រិតមធ្យមនៅតាមតំបន់ជាយក្រុងភាពមានតម្រូវការជាក់ស្ដែងក្នុងការរស់នៅក្នុងក្រុងនិងការទទួលបានឱកាសចំណេញពីការវិនិយោគគឺនៅមានធាតុដ៏សំខាន់មួយទៀតចូលរួមផងដែរ។វាជាយន្តការថ្មីនៃការផ្ដល់កម្ចីពីធនាគារសម្រាប់ទិញខុនដូដែលកម្ចីទាំងនេះកាលពីមុនមានតែចំពោះការទិញលំនៅដ្ឋានតែប៉ុណ្ណោះប៉ុន្តែបច្ចុប្បន្នមានធនាគារមួយចំនួនបានចាប់យកចំណែកទីផ្សារអតិថិជនដោយការផ្តល់កម្ចីទិញខុនដូ។
បច្ចុប្បន្ន មានប្រជាជនខ្មែរប្រមាណ១០–២០ភាគរយ កំពុងរស់នៅក្នុងខុនដូកម្រិតខ្ពស់ និងប្រមាណ៣០ភាគរយ កំពុងរស់នៅក្នុងខុនដូកម្រិតសមរម្យ ហើយក្នុងនោះភាគច្រើន គឺស្ថិតនៅក្នុងតំបន់មានការអភិវឌ្ឍ និងជាបណ្តុំពាណិជ្ជកម្ម ដូចជាតំបន់ទួលគោកជាដើម។
តម្លៃជួលប្រភេទខុនដូកម្រិតខ្ពស់ ស្ថិតនៅក្នុងរង្វង់១៥ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ប្រភេទខុនដូកម្រិតមធ្យម ស្ថិតនៅក្នុងរង្វង់១២ដុល្លារក្នុងមួយម៉ែត្រ ហើយសម្រាប់កម្រិតក្រោមមធ្យម អាចស្ថិតនៅក្នុងរង្វង់៨ដុល្លារក្នុងមួយម៉ែត្រការ៉េ (រយៈពេលគិតជាខែ) ដែលតម្លៃទាំង៣ប្រភេទនេះ បើប្រៀបធៀបទៅនឹងតម្លៃអាផាតមិន តម្លៃជួលខុនដូមានភាពសមរម្យជាង ដោយសារតែអាផាតមិនផ្តោត ទៅលើសេវាច្រើនជាងខុនដូ ដែលមានតែតម្លៃបន្ទប់ និងតម្លៃនៃសេវាគ្រប់គ្រង់តែប៉ុណ្ណោះ។ នេះបើតាមការបញ្ជាក់ប្រាប់ពីសំណាក់លោកស្រី អាន សុធីតា នាយិកាប្រចាំប្រទេសក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ CBRE Cambodia ៕







