ដោយវុត្ថា
ភ្នំពេញៈ ទីផ្សារទំនើបនៅក្នុងប្រទេសកម្ពុជានឹងបន្តធ្លាក់ចុះ រហូតដល់បំណាច់ឆ្នាំ ២០២០នេះ ខណៈគម្រោងផ្សារទំនើបមួយចំនួនទៀត បានពន្យាពេលការសាងសង់ និងសម្ពោធដាក់ឱ្យដំណើរការចូលទៅក្នុងទីផ្សារ។

លោកស្រី អាន សុធីតា នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia បានប្រាប់គេហទំព័រPropertyarea.asia នៅថ្ងៃទី៣ ខែសីហា ឆ្នាំ ២០២០នេះ ឱ្យដឹងថា គម្រោងផ្សារទំនើបមួយចំនួន បានពន្យាពេលនៃការសាងសង់ និងសម្ពោធដាក់ឱ្យដំណើរចូលទៅក្នុងទីផ្សារ ខណៈពេលដែលទីផ្សារនៅក្នុងវិស័យនេះ ទទួលរងផលប៉ះពាល់ពីជំងឺCovid-19។
លោកស្រីបន្តថា “គម្រោងផ្សារទំនើប បានពន្យាពេលការងារសាងសង់ និងដាក់ចូលទៅក្នុងផ្សារព្រោះតែទីផ្សារនេះ មិនមានអំណោយផល ហើយម្ចាស់តូបជួលមួយចំនួ បានផ្លាស់ប្តូរទីតាំងរបស់ខ្លួន ដូច្នេះវានឹងបន្តទទួលរងនូវផលប៉ះពាល់ពេលមួយឆ្នាំ និង អូសបន្លាយដល់ដាច់ឆ្នាំ២០២០នេះ”។លោកស្រីបញ្ជាក់ទៀតថា “ប្រសិនបើវិបត្តិនៃជំងឺ Covid-19នេះ នៅតែអូសបន្លាយនោះ វានឹងនៅតែបន្តជះឥទ្ធិអាក្រក់លើវិស័យមួយនេះបន្ថែមទៀត” ។
យោងតាមរបាយការណ៍ ដែលចេញដោយក្រុមហ៊ុនភ្នាក់ងារ និងជំនាញស្រាវជ្រាវអចលនទ្រព្យអន្តរជាតិCBRE Cambodia បានបង្ហាញថា ទីផ្សារជួលតូបនៅក្នុងផ្សារទំនើប (Retail) នៅកម្ពុជា គិតត្រឹមចុងឆមាសទី១ (ចុងខែមិថុនា) គឺមានភាពអវិជ្ជមានខ្លាំង ពោលគឺធ្លាក់រហូតដល់ដក១៩ភាគរយ ។
របាយការណ៍ដដែលបានបង្ហាញទៀតថា បើទោះជាទីផ្សារមួយនេះស្ថិតក្រោមបន្ទាត់គោលរហូតដល់ដក១៩ភាគរយក៏ដោយ សម្រាប់ឆមាសទី២នៃឆ្នាំដដែលនេះ តម្រូ វការជួលស្តង់ នឹងអាចមានកំណើនឡើងវិញប្រមាណ១០,២ភាគរយ ប៉ុន្តែបើធៀបទៅនឹងឆ្នាំ២០១៩ គឺមានកំណើនប្រមាណ០,១ភាគរយប៉ុណ្ណោះ ហើយកំណើននៃតម្រូវការជួលនេះ កើតឡើងដោយសារមនុស្សជាច្រើន ចាប់ផ្តើមមានសកម្មភាពចេញដើរ និងប្រកបអាជីវកម្មប្រចាំថ្ងៃឡើងវិញ ក៏ដូចជាចេញដើរតាមផ្សារជាបណ្ដើរៗ៕






