ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ រដ្ឋាភិបាលសហព័ន្ធរុស្ស៊ី តាមរយៈស្ថានទូតប្រចាំនៅកម្ពុជាបានស្នើដល់រដ្ឋាភិបាលកម្ពុជា ក្នុងការណែនាំក្រុមហ៊ុនជាដៃគូពាណិជ្ជកម្ម ដែលផលិតសម្ភារៈ និងផលិតផលចាំបាច់មួយចំនួនសម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សាររបស់ខ្លួននៅក្នុងអំឡុងពេលកំពុងជួប និងប្រយុទ្ធប្រឆាំងវិបត្តិជំងឺសាកល។

តាមរយៈក្រសួងពាណិជ្ជកម្មកម្ពុជា បានចេញសេចក្ដីជូនដំណឹងនៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០នេះថា ស្ថានទូតសហព័ន្ធរុស្ស៊ីប្រចាំនៅកម្ពុជា បានដាក់សំណើដើម្បីស្វែងរកដៃគូពាណិជ្ជកម្ម ដែលផលិត និងផ្គត់ផ្គង់ផលិតផលពាក់ព័ន្ធនឹងមុខទំនិញមានតម្រូវការចាំបាច់ក្នុងកំឡុងពេលកំពុងជួប និងប្រយុទ្ធប្រឆាំងវិបត្តិជំងឺ Covid-19 ។
នៅក្នុងសេចក្ដីជូនដំណឹងដដែលនេះបានបញ្ជាក់ថា នៅក្នុងកំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ស្ថានទូតសហព័ន្ធរុស្ស៊ីប្រចាំនៅកម្ពុជា មានបំណងស្វែងរកដៃគូពាណិជ្ជកម្ម ដែលអាចផ្គត់ផ្គង់ផលិតផលពាក់ព័ន្ធនឹងមុខទំនិញដែលមានតម្រូវការចាំបាច់ពីប្រទេសកម្ពុជា ដែលរួមមានដូចជាសម្លៀកបំពាក់ពេទ្យ ឧបករណ៍សម្លាប់មេរោគ និងផលិតផលម៉ាស់ជាដើម។
នៅក្នុងន័យខាងលើនេះ រដ្ឋាភិបាលសហព័ន្ធរុស្ស៊ីក៏បាន ស្នើដល់ក្រសួងពាណិជ្ជកម្មកម្ពុជា ជួយធ្វើការផ្សព្វផ្សាយពីគោលបំណងចាំចាច់ និងកំពុងមានតម្រូវការខាងលើនេះទៅដល់បណ្តាក្រុមហ៊ុននានាដែលកំពុងដំណើរផលិតសម្ភារៈប្រើប្រាស់ពាក់ព័ន្ធទៅនឹងខ្លឹមសារឱ្យបានទូលំទូលាយ ដើម្បីអាចសម្រេចបានគោលបំណងក្នុងពេលដ៏ខ្លី។
ទន្ទឹមនឹងនេះ សម្រាប់បណ្តាក្រុមហ៊ុនដែលដែលមានបំណងផ្គត់ផ្គង់ផលិតផលដូចដែលបានជម្រាបខាងលើនេះ អាចធ្វើការទាក់ទងដោយផ្ទាល់ទៅកាន់ស្ថានទូតសហព័ន្ធរុស្ស៊ីប្រចាំនៅកម្ពុជា ដែលមានអាសយដ្ឋានស្ថិតនៅផ្លូវសុធារស់ ជិតផ្សារទំនើប AEON ទល់មុខវត្តស្វាយពពែ រាជធានីភ្នំពេញ៕







