ដោយវុត្ថា
ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាតាមរយៈស្ថាប័នពាក់ព័ន្ធ បានជំរុញការពង្រីកសក្តានុពលវិនិយោគលើការបង្កើតកសិដ្ឋានចិញ្ចឹមសត្វ រោងចក្រផលិតចំណីសត្វ និងការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក ដើម្បីបង្កើតការងារនៅមូលដ្ឋានដោយផ្ទាល់ជូនពលរដ្ឋ។

នេះបើតាមលទ្ធផលកិច្ចប្រជុំតុមូលស្តីពី ផលិតកម្មចំណីសត្វសម្រាប់ឧស្សាហកម្មក្នុងស្រុក និងកសិដ្ឋាននៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ ២០២០នេះ ក្រោមអធិបតីភាព លោកចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
កិច្ចប្រជុំតុមូលនេះ ត្រូវបានធ្វើឡើងជាមួយអន្តរស្ថាប័នពាក់ព័ន្ធទាំងអស់ រួមទាំងវិស័យឯកជនផងដែរ ក្នុងគោលបំណងដើម្បីត្រួតពិនិត្យ អំពីលទ្ធភាពរបស់ប្រទេសកម្ពុជាក្នុងការផលិតចំណីសត្វ តម្លៃអគ្គិសនី បញ្ហាប្រឈមពាក់ព័ន្ធ SME ដើម្បីបង្កើនភាពម្ចាស់ការ ការវិនិយោគក្នុងស្រុក កាត់បន្ថយការនាំចូល និងការធ្វើចំណាកស្រុករបស់ប្រជាពលរដ្ឋជាដើម។
កិច្ចប្រជុំតុមូលនាពេលនេះ បានធ្វើការពិភាក្សាលើបញ្ហាប្រឈមទាំងឡាយរបស់កសិករនៅក្នុងខ្សែច្រវ៉ាក់នៃការចិញ្ចឹមសត្វ និងការធ្វើវារីវប្បកម្ម ដើម្បីឈានទៅដល់ការធ្វើផលិតកម្មរបស់ខ្លួន ប្រកបដោយការប្រគួតប្រជែង បានជាមួយប្រទេសជិតខាង ដោយបានជាសំខាន់ទីលើប្រធានបទដូចខាងក្រោម ទី១ លើកកម្ពស់ផលិតភាពផលិតកម្មចំណីសត្វក្នុងស្រុកប្រកបដោយគុណភាពឲ្យបានគ្រប់គ្រាន់ និងមានភាពប្រគួតប្រជែង។
ទី២ ធានាបរិមាណផ្គត់ផ្គង់សាច់សត្វ និងត្រីឱ្យដល់ទីផ្សារក្នុងស្រុកគ្រប់គ្រាន់ប្រកបដោយគុណភាព និងសុវត្ថិភាព។ ទី៣ ចូលរួមលើកកម្ពស់កម្រិតជីវភាពរបស់អ្នកចិញ្ចឹមរបស់កសិករ និងទី៤ ពង្រីកសក្តានុពលវិនិយោគ លើការបង្កើតកសិដ្ឋានចិញ្ចឹមសត្វ រោងចក្រផលិតចំណីសត្វ ការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក និងបង្កើតការងារនៅមូលដ្ឋានផ្ទាល់។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅក្នុងពិធីជួបសំណេះសំណាលជាមួយកសិករ វារីវប្បករនៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជត្រីទឹកសាបបាទី កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ នៅស្រុកពាមរក៍ ខេត្តព្រៃវែងបានជំរុញឱ្យស្ថាប័នពាក់ព័ន្ធនានា ជាពិសេសវិស័យឯកជនបង្កើតរោងចក្រ សហគ្រាស ប្រើប្រាស់សក្តានុពលនៅក្នុងស្រុក បញ្ជៀសការនាំចូលនូវផលិតផលពីក្រៅប្រទេស៕






