ដោយ ៖ វុត្ថា
មណ្ឌលគិរី ៖ រដ្ឋាភិបាលបានសម្រេចផ្អាកសកម្មភាពអនុវត្តជាបណ្តោះអាសន្នរបស់ក្រុមការងារចុះបញ្ជីដីរដ្ឋ និងដីឯកជនរបស់ប្រជាពលរដ្ឋ ដីសហគមន៍ជនជាតិដើមភាគតិច ដោះស្រាយវិវាទដីធ្លី និងកសាងផែនការប្រើប្រាស់ដីនៅខេត្តមណ្ឌលគិរី។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តមណ្ឌលគិរីចេញផ្សាយនៅថ្ងៃទី៤ ខែសីហា ឆ្នាំ ២០២០នេះ ឱ្យដឹងថា មូលហេតុដែលសម្រេចផ្អាកបណ្តោះអាសន្ននូវសកម្មភាពចុះបញ្ជីដីរដ្ឋ និងឯកជនរបស់ក្រុមការងារអន្តរក្រសួងរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងកសិកម្ម រុក្ខាប្រមញ្ញ និងនេសាទ និងក្រសួងបរិស្ថាននេះ ដោយសារមានភ្លៀងធ្លាក់ច្រើន។
សេចក្តីជូនដំណឹងបានបញ្ជាក់ថា “ក្រុមការងារអន្តរក្រសួង បានសម្រេចផ្អាកសកម្មភាពអនុវត្តការងារមួយរយៈសិន ដោយសារមូលហេតុអាកាសធាតុ មានភ្លៀងធ្លាក់កើនឡើងជាបន្តបន្ទាប់ដែលនឹងអាចប្រឈមខ្ពស់នឹងជំនន់ទឹកភ្លៀង ធ្វើឱ្យក្រុមការងារមានការពិបាកក្នុងការអនុវត្តការងារ។ រដ្ឋបានខេត្តនឹងជូនដំណឹងអំពីកាលបរិច្ឆេទចាប់ផ្តើអនុវត្តការបន្តនៅពេលក្រោយ”។

លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបន្តបើកកិច្ចប្រជុំផ្សព្វផ្សាយ និងអនុវត្តផែនការចុះបញ្ជីដី ការដោះស្រាយវិវាទដីធ្លី និងគាំទ្រការរៀបចំផែនការប្រើប្រាស់ដីនៅខេត្តមណ្ឌលគិរី។
តាមសេចក្តីប្រកាសរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានឱ្យដឹងថានៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០នេះ
លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០នេះ បានដឹកនាំក្រុមការងារអន្តរក្រសួងដែលពាក់ព័ន្ធរួមមានក្រុមការងារវាស់វែងរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន អនុវត្តផែនការចុះបញ្ជីដី ការដោះស្រាយវិវាទដីធ្លី និងគាំទ្រការរៀបចំផែនការប្រើប្រាស់ដីនៅខេត្តមណ្ឌលគិរី ដោយប្រើប្រាស់ឧបករណ៍ T 300 Plus GNSS ក្នុងការវាស់វែងតាមរយៈការចាប់យកទិន្នន័យពីផ្កាយរណប។

នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីដើមខែកក្កដា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាឱ្យក្រសួងក្រសួងបរិស្ថាន ក្រសួងកសិកម្ម និងក្រសួងរៀបចំដែនដី ឱ្យកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋ ដែលកំពុងរស់នៅអាស្រ័យផលក្នុងតំបន់អភិរក្ស តំបន់សត្វព្រៃ និងតំបន់ការពារផ្សេងៗរបស់រដ្ឋ។
សម្តេចតេជោបញ្ជាក់ថា ចំពោះការបែងចែកដីជូនប្រជាពលរដ្ឋ គឺក្រសួងពាក់ព័ន្ធ និងអាជ្ញាធរត្រូវធ្វើឱ្យបានហ្មត់ចត់ត្រឹមត្រូវ ហាមដាច់ខាតឆ្លៀតកេងចំណេញយកចំណែកខ្លួនពីការបែងចែកដីជូនពលរដ្ឋ គឺនឹងត្រូវទទួលទោសជាកំហិត។ ក្រៅពីកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋទៅតាមទំហំរស់នៅជាក់ស្តែង គឺរដ្ឋនឹងបន្ថែមជូនផ្ទៃដី១០ភាគរយ ជាប្រយោជន៍រួមសម្រាប់សហគមន៍ប្រើប្រាស់ជាព្រៃរកអុស និងជាជម្រកសត្វគោក្របីស៊ីស្មៅជាដើម។ នេះជាការបញ្ជាក់បន្ថែមរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជា៕






