ធនាគារពិភពលោកគាំទ្រគម្រោងរៀបចំបឹងទន្លេសាបជាតំបន់អេកូទេសចរណ៍

0

ដោយៈ រ៉ាណេត

ភ្នំពេញៈ ធនាគារពិភពលោកបានបង្ហាញ ពីគោលជំហរគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាលើការរៀបចំតំបន់ជួរភ្នំក្រវាញ និងបឹងទន្លេសាបឱ្យមានសក្តានុពល ផ្នែកអេកូទេ​ស​​ចរណ៍ សំដៅនាំចំណូល និងបង្កើតការងារដល់ប្រជាជនក្នុងសហគមន៍ ក្រៅពីមុខរបរចូលព្រៃកាប់ឈើ និងបរបាញ់សត្វ។

រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក សៅ សុភាព បានមានប្រសាសន៍ឱ្យដឹងថានៅដើមសប្ដាហ៍នេះថា រាជរដ្ឋាភិបាលបានឱ្យក្រសួងបរិស្ថាន និងក្រសួងទេសចរណ៍រៀបចំយុទ្ធសាស្ត្រ ពង្រីកតំបន់អេកូទេសចរណ៍ទាំងនេះ ដោយអនុញ្ញាតឱ្យមានការចូលរួមពីវិស័យឯកជន ដើម្បីទាក់ទាញទេសចរជាតិ និងអន្តរជាតិចូលទៅកម្សាន្តតំបន់នោះឱ្យបានច្រើន។

លោកបានបញ្ជាក់ថា “ក្រសួងបរិស្ថាន កំពុងបង្កើតលក្ខខណ្ឌឱ្យមានភាពកាន់តែប្រសើរ ដែលជំរុញដល់ការវិនិយោគផ្នែកទេសចរណ៍ធម្មជាតិ ឱ្យមានភាពទាក់ទាញ ដោយរៀបចំឱ្យមានការវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដូចជាការតភ្ជាប់ផ្លូវ មជ្ឈមណ្ឌលភ្ញៀវទេសចរ និងសកម្មភាពពាក់ព័ន្ធនានាជាច្រើនទៀត”។ លោកបន្តថា “ពេលនេះរាជរដ្ឋាភិបាល បានបង្កើតគោលនយោបាយសម្រាប់អេកូទេសចរណ៍ ដោយអនុញ្ញាតឱ្យមានការចូលរួម ទាំងប្រតិបត្តិករអេកូទេសចរណ៍ខ្នាតធំ និងតូច និងការចូលរួមរបស់វិស័យឯកជនក្នុងសកម្មភាពអេកូទេសចរណ៍”។

តំបន់ជួរភ្នំក្រវាញ និងតំបន់បឹងទន្លេសាបគ្របដណ្តប់ លើផ្ទៃដីជាង៣,៨លានហិកតា ត្រូវបានធនាគារពិភពលោក ផ្តល់ការគាំទ្រផ្នែកថវិកា និងបច្ចេកទេស សម្រាប់គម្រោ​ង“និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា” ក្នុងខេត្តគោលដៅមួយចំនួ​នមានដូចជា ខេត្តពោធិ៍សាត់ កោះកុង បាត់ដំបង កំពង់ស្ពឺ កំពង់ធំ សៀមរាប និងកំពង់ឆ្នាំង តាមរយៈជំរុញសកម្មភាពការពារព្រៃឈើ និងសត្វព្រៃក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងទន្លេសាប ដែនជម្រកសត្វព្រៃភ្នំសំកុស ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ និងដែនជម្រកសត្វព្រៃតាតៃ ឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល និងឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង និងរបៀងអភិរក្សជីវៈចម្រុះជួរភ្នំក្រវាញ។

អ្នកជំនាញស្រាវជ្រាវរបស់ធនាគារពិភពលោក បានលើកឡើងថា ធនធានធម្មជាតិនៅតំបន់ជួរភ្នំក្រវាញ និងតំបន់បឹងទន្លេសាប ផ្តល់ទុនយ៉ាងសំខាន់សម្រាប់វិស័យអេកូទេសចរណ៍ ខណៈតាមការប៉ាន់ប្រមាណជាសកលបង្ហាញថា ភ្ញៀវផ្នែកអេកូទេសចរណ៍មានកំណើនប្រហែល២០ភាគរយប្រចាំឆ្នាំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here