ដោយវុត្ថា
អាមេរិកៈ ក្រុមហ៊ុនបណ្តាញសង្គមដ៏ល្បីល្បាញ twitter អាចនឹងរងការផាកពិន័យចន្លោះពី១៥០ ទៅ២៥០លានដុល្លារសហរដ្ឋអាមេរិក ដោយសារតែក្រុមហ៊ុនមួយនេះបានលួចយកព័ត៌មានរបស់អ្នកប្រើប្រាស់របស់ខ្លួន ដោយគ្មានការអនុញ្ញាត ហើយបានផ្សព្វផ្សាយពាណិជ្ជកម្ម។

ទីភ្នាក់ងាររបស់គណៈកម្មការសហព័ន្ធពាណិជ្ជកម្ម (FTC) សហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ បានពិនិត្យមើលើក្រុមហ៊ុន twitter នេះ ជុំវិញការប្រើប្រាស់ព័ត៌មានរបស់អ្នកប្រើប្រាស់ ដូចជាលេខទូរសព្ទនិងអ៊ីម៉ែល ដោយគ្មានការអនុញ្ញាត ដើម្បីបម្រើដល់ការផ្សព្វផ្សាយពាណិជ្ជកម្មរបស់ខ្លួន ក្នុងអំឡុងពេលពីឆ្នាំ ២០១៣ ដល់ឆ្នាំ ២០១៩។
ទាក់ទងនឹងការស៊ើបអង្កេតរបស់FTCនេះដែរ ក្រុមហ៊ុនទ្វីតធ័រ ក៏បានធ្វើការសុំទោសដល់អ្នកប្រើប្រាស់រួចមកហើយ ដែលបានប្រើព័ត៌មានផ្ទាល់ខ្លួន ក្នុងការផ្សព្វផ្សាយពាណិជ្ជកម្មរបស់ពួកគេ ដោយមិនមានការប្រុងប្រយ័ត្ន ដែលនេះក៏ជាការរំលោភលើកិច្ចព្រមព្រៀងឆ្នាំ២០១១ ដែលក្រុមហ៊ុនបានចុះហត្ថលេខាជាមួយFTC លើឯកជនភាពរបស់អតិថិជន និងបានបញ្ជាក់ថា ក្រុមហ៊ុនអាចនឹងរងការផាកពិន័យចន្លោះពី១៥០-២៥០លានដុល្លារផងដែរ។
ក្រុមហ៊ុន twitter បានជំរុញឱ្យអ្នកប្រើប្រាស់ ផ្តល់លេខទូរសព្ទរបស់ពួកគេ ដើម្បីធ្វើការបន្ថែមទៅលើប្រព័ន្ធសុវត្ថិភាព ដែលហៅថា two-factor authentication សម្រាប់ធ្វើការផ្ទៀងផ្ទាត់ ដោយការទទួលបានសារមុនពេល ចូលប្រើប្រាស់គណនីផ្ទាល់ខ្លួនរបស់ពួកគេ។
ថ្មីៗនេះក្រុមហ៊ុន twitter ក៏ទើបតែបានរងការរិះគន់ ទាក់ទងនឹងប្រព័ន្ធសុវត្ថិភាពរបស់ពួកគេ ដែលក្រុមវាយប្រហារ អាចធ្វើការកាន់កាប់គណនីទ្វីតធ័រ របស់បុគ្គលល្បីៗជាច្រើន ហើយក្មេងវ័យជំទង់៣នាក់ដែលជាមេខ្លោង ត្រូវបានចាប់ខ្លួននៅរដ្ឋហ្វ្លរីដា និងប្រទេសអង់គ្លេស កាលពីចុងខែមុននេះ។
ក្រុមហ៊ុន twitter មិនមែនជាក្រុមហ៊ុនតែមួយនោះទេ ដែលរងការចោទប្រកាន់ទាក់ទងនឹងការរំលោភលើឯកជនភាពរបស់អ្នកប្រើប្រាស់ កាលពីឆ្នាំមុនទីភ្នាក់ងារនេះបានធ្វើការផាកពិន័យ ក្រុមហ៊ុម Facebook ប្រមាណ៥ពាន់លានដុល្លារ រួចមកហើយដែរដើម្បីដោះស្រាយបញ្ហា នៃការរំលោភបំពានឯកជនភាពជាច្រើន រួមទាំងការប្រើប្រាស់លេខទូរសព្ទរបស់អ្នកប្រើប្រាស់ ដែលបានផ្តល់ឱ្យសម្រាប់គោលបំណង ពង្រឹងសន្តិសុខ តែយកទៅធ្វើអាជីវកម្ម ដើម្បីផ្សាយពាណិជ្ជកម្មរបស់ខ្លួនទៅវិញ។
ជាមួយគ្នានេះ ក្រុមហ៊ុន Facebook ក៏បានយល់ព្រមថា ខ្លួននឹងលែងប្រើលេខទូរសព្ទដែលទទួលបាន ក្នុងនាមសន្តិសុខសម្រាប់ការផ្សាយពាណិជ្ជកម្មតទៅទៀតដែរ៕






